ទីក្រុង Abu Dhabi របស់អារ៉ាប់រួម បង្ហាញកំណើន GDP រហូតដល់ ១១,២% បើទោះបីជាសកលលោក កំពុងមានបញ្ហាប្រឈមក៏ដោយ!


ទីក្រុង Abu Dhabi ដែលជារដ្ឋធានីនៃប្រទេសអារ៉ាប់រួម បានឆ្លុះបញ្ចាំងពី ដំណើរការដ៏រឹងមាំ និងភាពធន់នៃសេដ្ឋកិច្ចរបស់ខ្លួន យ៉ាងវិជ្ជមាន បើទោះបីជាមានបញ្ហាប្រឈម ក្នុងសេដ្ឋកិច្ចពិភពលោក ក៏ដោយ។ ជាក់ស្ដែង យោងតាមទិន្នន័យដែលចេញផ្សាយ ដោយមជ្ឈមណ្ឌលស្ថិតិ Abu Dhabi ផ្ទាល់ បានបង្ហាញឲ្យឃើញថា កំណើនផលិតផលក្នុងស្រុកសរុប របស់រដ្ឋធានីនៃប្រទេសអារ៉ាប់រួម ក្នុងឆមាសទីមួយនៃឆ្នាំ 2022 នេះ ឈានដល់ 11.2 ភាគរយ បើធៀបនឹង រយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ខណៈអត្រាកំណើន GDP ប្រចាំត្រីមាសទី2 វិញ បានឈានដល់តម្លៃខ្ពស់បំផុត ក្នុងរយៈពេល 6 ឆ្នាំចុងក្រោយនេះ នៅពេលដែលវាឡើងដល់ 11.7 ភាគរយ បើធៀបនឹងត្រីមាសដូចគ្នា កាលពីឆ្នាំមុន នេះបើយោងតាមការប៉ាន់ស្មាន ដែលរាយការណ៍ដោយស្ថាប័ន SCAD។ នៅចុងឆមាសទីមួយនៃឆ្នាំ 2022 តម្លៃ GDP ពិតប្រាកដ បានឈានលើសពី 148 ពាន់លានដុល្លារអាមេរិក ហើយតម្លៃនៃផលិតផលក្នុងស្រុកសរុប របស់វិស័យមិនមែនប្រេង បានកើនឡើង 7.73 ពាន់លានអាមេរិក បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។

សកម្មភាពសេដ្ឋកិច្ចឈានមុខគេ ដែលបានរួមចំណែកដល់កំណើរ GDP របស់ទីក្រុង Abu Dhabi នេះ រួមមានសកម្មភាពផលិតកម្ម មានការរួមចំណែក 8.1 ភាគរយ, សកម្មភាពសាងសង់ និងសំណង់បានរួមចំណែក 7.7 ភាគរយ, សកម្មភាពពាណិជ្ជកម្មលក់ដុំ និងរាយ ដែលរួមចំណែក 5.9 ភាគរយដល់ GDP និង សកម្មភាពហិរញ្ញវត្ថុ និងធានារ៉ាប់រង បានរួមចំណែក 5.5 ភាគរយ។ ក្រៅពីនេះ យោងតាមទិន្នន័យ ដែលចេញផ្សាយដោយ SCAD បង្ហាញ សកម្មភាពរុករករ៉ែ និងការជីកយករ៉ែ (រួមទាំងប្រេងឆៅ និងឧស្ម័នធម្មជាតិ) បានរួមចំណែក 49.7 ភាគរយដល់ GDP ពិតប្រាកដនៃទីក្រុង Abu Dhabi ក្នុងអំឡុងឆមាសទីមួយនៃឆ្នាំ 2022 ដែលមានន័យថា សកម្មភាពមិនមែនប្រេង បានរួមចំណែក 50.3 ភាគរយក្នុងតម្លៃថេរ ផងដែរ។