ក្រុមហ៊ុនជប៉ុន និងកាណាដា សហការគ្នាបង្កើតការបង្កើត App សម្រាប់កម្ពុជា និងភ្ញៀវអន្តរជាតិ អាចបញ្ជាកក់សេវាដឹកជញ្ជូន តាមប្រព័ន្ធឌីជីថល បានកាន់តែងាយស្រួល និងចំណេញពេលវេលា


សមាគមដឹកជញ្ជូនទេសចរណ៍ ប្រចាំអាកាសយានដ្ឋានអន្តរជាតិសៀមរាប (TTA) កាលពីរសៀលថ្ងៃទី ៣០ ខែវិច្ឆិកាឆ្នាំ២០២២ បានចុះអនុស្សរណៈ នៃការយោគយល់គ្នា ជាមួយក្រុមហ៊ុន Nippon Koei Co., Ltd តំណាងឱ្យ "NK” នៃប្រទេសជប៉ុន និងក្រុមហ៊ុន Haystack Labs Studio Co., Ltd នៃប្រទេសកាណាដា លើគម្រោងស្តីពីការបង្កើត TTA DRIVER APP ដើម្បីអនុញ្ញាត ឱ្យភ្ញៀវជាតិ និងអន្តរជាតិ បញ្ជាកក់សេវា ដឹកជញ្ជូនតាមប្រព័ន្ធ “Digital“ Mobility as a Service (MaaS) ស្របពេលដែល ព្រលានយន្តហោះខ្នាតធំថ្មី លើទឹកដីខេត្តសៀមរាប គ្រោងធ្វើការបើកទទួល ការចុះចតជាលើកដំបូង នៅពាក់កណ្តាលខែតុលា ឆ្នាំ២០២៣ខាងមុខនេះ។

លោក ហ្សៅ យូហ៊ុយ (ZOU YUHUI ) ប្រធានក្រុមហ៊ុន YUNAN AIR INVESTMENT Co.,Ltd បានឱ្យដឹងថា ដំណើរការសាងសង់ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរថ្មី នឹងបញ្ចប់ការសាងសង់ របស់ខ្លួននៅខែមីនា ឆ្នាំ២០២៣ ខាងមុខនេះ ជាមួយនឹងការហោះហើរ សាកល្បងតេស្ត ឧបករណ៍ផងដែរ។ លោក Zou បន្តថា ចំណែកការហោះហើរជាផ្លូវការ នឹងចាប់ផ្តើមនៅក្នុង ពាក់កណ្តាលខែតុលា ឆ្នាំ២០២៣ ខាងមុខនេះ។ ឯកឧត្តម ប៊ុន រដ្ឋា នាយកអាកាសយានដ្ឋាន អន្តរជាតិសៀមរាប នៃរដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិល បានគាំទ្រពេញទំហឹង ចំពោះសមិទ្ធផលថ្មីនេះ ព្រោះព្រលានយន្តហោះថ្មី នឹងនាំមកនូវការងារ ច្រើនសម្រាប់កម្ពុជា ជាពិសេសវិស័យ ដឹកជញ្ជូនអ្នកទេសចរ ក្នុងខេត្តសៀមរាប។ ឯកឧត្តម បានជំរុញឱ្យ សមាគមអ្នកបើកបរ រថយន្តដឹកភ្ញៀវទេសចរ ប្រចាំអាកាសយានដ្ឋានអន្តរជាតិសៀមរាប ត្រូវមានកិច្ចសហការណ៍ជាមួយ ក្រុមហ៊ុន YUNAN AIR INVESTMENT (Cambodia) AIR Management Co.,Ltd ដើម្បីបន្តដំណើរ ប្រកបមុខរបរ នៃសេវាដឹកជញ្ជូន ភ្ញៀវនៅអាកាសយានដ្ឋានថ្មី នេះតទៅទៀត។

លោក Jan SCAZIGHINO ប្រធានការិយាល័យ ស្ថានកុងស៊ុលកាណាដាប្រចាំកម្ពុជា បានថ្លែងតាម ប្រព័ន្ធវីដេអូអនឡាញថា ឥឡូវនេះយើងដឹងហើយថា ប្រទេសកម្ពុជា កំពុងមានសេវាកម្ម ផ្ដល់ជូននូវ ដំណើរទេសចរណ៍ ល្អបំផុតលើពិភពលោក ជាមួយនឹងប្រាសាទអង្គវត្ត។ ការចូលរួមរបស់ក្រុមហ៊ុន និងការផ្ដល់ជូននូវ ដំណោះស្រាយដ៏ល្អ សម្រាប់ផ្តល់សេវា ដឹកជញ្ជូនដ៏មានគុណភាព សុវត្ថិភាព សម្រាប់ភ្ញៀវទេសចរ។ លោក គីម ផល្លី ប្រធានសមាគម ដឹកជញ្ជូនទេសចរណ៍ ប្រចាំអាកាសយានដ្ឋាន អន្តរជាតិសៀមរាប បានថ្លែងថា ការបង្កើត TTA DRIVER APP ជាផ្នែកមួយបាន ជួយសម្រួលដល់ភ្ញៀវទេសចរជាតិ អន្តរជាតិ មានភាពងាយស្រួល ក្នុងការបញ្ជាកក់សេវាដឹកជញ្ជួន ក្នុងវិស័យទេសចរណ៍ ឱ្យមានភាពប្រសើរឡើង ក៏ដូចការចូលរួមចំណែក លើកកម្ពស់ជីវភាព ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ក្នុងខេត្តសៀមរាប ស្របទៅតាមពាក្យស្លោក ពោលថា Smart City។

ឯកឧត្តម សៀង ណាំ តំណាងរាស្រ្តខេត្តសៀមរាប បានលើកឡើងថា ក្រោមដំបូលសន្តិភាព កម្ពុជាបានរីកលូតលាស់គ្រប់វិស័យ ជាក់ស្តែងព្រលានយន្តហោះសៀមរាប-អង្គរ ដែលនឹងដំណើរការ នៅពេលខាងមុខនេះ។ ឯកឧត្តមរំពឹងថា ព្រលានយន្តហោះថ្មីទំនើបនេះ នឹងជួយជំរុញ កំណើនសេដ្ឋកិច្ចកម្ពុជា ជាពិសេសខេត្តសៀមរាប កាន់តែរីកលូតលាស់បន្ថែមទៀត៕