កម្ពុជា-កូវ៉ែត មានឆន្ទៈក្នុងការលើកកម្ពស់ កិច្ចសហប្រតិបត្តិការ ក្នុងវិស័យពាណិជ្ជកម្ម ជាពិសេសវិស័យពាក់ព័ន្ធ ការផ្គត់ផ្គង់ថាមពលប្រេងឥន្ទនៈ ការសាងសង់ផ្លូវល្បឿនលឿន និងវិស័យហិរញ្ញវត្ថុ


ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួង ពាណិជ្ជកម្ម បានទទួលជួប ឯកឧត្តម Mohamad S SH S Alhajri ឯកអគ្គរាជទូតតែងតាំងថ្មី នៃរដ្ឋកូវ៉ែត ប្រចំាព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សាការងារ និងផ្លាស់ប្តូរយោបល់ ជុំវិញយន្តការក្នុងការជំរុញ កិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ ឱ្យកាន់តែល្អប្រសើរថែមទៀត។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានអបអរសាទរជូន ចំពោះឯកឧត្តមឯកអគ្គរាជទូត ក្នុងឱកាសដែលឯកឧត្តម ត្រូវបានតែងតាំងជា ឯកអគ្គរាជទូតកូវ៉ែតប្រចាំកម្ពុជា និងថ្លែងអំណរគុណចំពោះ ពេលវេលាដ៏មានតម្លៃ អញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ឯកឧត្តមបានបង្ហាញ សុទិដ្ឋិនិយមថា តាមរយៈបេសកកម្មការទូត ដ៏មានអត្ថន័យ ជាមួយនឹងកិច្ចខិតខំប្រឹងប្រែង របស់ភាគីទាំងពីរ កម្ពុជានិងកូវ៉ែត នឹងមានលទ្ធភាពបន្តពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែស៊ីជម្រៅ សមស្របនឹងកម្រិត ទំនាក់ទំនងការទូតដ៏ឧត្តុង្គឧត្តម របស់ប្រទេសទាំងពីរ។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់ពីឆន្ទៈ ក្នុងការលើកកម្ពស់ កិច្ចសហប្រតិបត្តិការ ក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ ជាពិសេសវិស័យពាក់ព័ន្ធ ការផ្គត់ផ្គង់ថាមពល (ប្រេងឥន្ទនៈ) ការសាសង់ផ្លូវល្បឿនលឿន និងវិស័យហិរញ្ញវត្ថុ (soft loans)។

ទន្ទឹមនឹងនោះ ឯកឧត្តមបានស្នើឱ្យប្រទេសទាំងពីរ បន្តអនុវត្ត និងប្រើប្រាស់ក្រប ខណ្ឌគតិយុត្តនានាឱ្យអស់ពីលទ្ធភាព រួមមាន៖ កិច្ចព្រមព្រៀង និងអនុស្សរណៈនៃ ការយោគយល់គ្នា ដែលមានស្រាប់ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ ក្នុងគ្រប់វិស័យ ឱ្យកាន់តែស៊ីជម្រៅ បន្ថែមទៀត។ ជាមួយគ្នានេះ ឯកឧត្តម បានស្នើឱ្យ ពិនិត្យលទ្ធភាពរៀបចំ ពិព័រណ៍ពាណិជ្ជកម្ម និងវេទិកាធុរកិច្ចរួមគ្នា ដែលអាចជួយបង្កើន ទំហំពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី ឱ្យកាន់តែល្អប្រសើរ។ ជាកិច្ចឆ្លើយតប ឯកឧត្តមរដ្ឋលេខាធិការ ប្រចាំការបានបន្ត ជម្រាបជូនពីច្បាប់ គោលនយោបាយសំខាន់ៗ និងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តថ្មីៗ ដែលបម្រើដល់សកម្មភាព ធុរកិច្ចនិងវិនិយោគនៅកម្ពុជា រួមមាន៖ ការធ្វើពិពិធកម្មទីផ្សារ នាំចេញតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ក្នុងក្របខណ្ឌទ្វេភាគី និងអាស៊ាន តំបន់សេដ្ឋកិច្ចពិសេស និងគម្រោងហេដ្ឋារចនាសម្ព័ន្ធ រូបវន្តសំខាន់ៗរួមមាន ព្រលានយន្តហោះ និងកំពង់ផែទឹកជ្រៅ។

ក្នុងន័យនេះ ឯកឧត្តមបានលើកទឹកចិត្ត វិនិយោគិនកូវ៉ែត ឱ្យចាប់យកឱកាសសេដ្ឋកិច្ច នៅកម្ពុជា តាមរយៈការបង្កើតផលិតកម្ម ការចូលរួមក្នុងខ្សែច្រវ៉ាក់ ផ្គត់ផ្គង់តំបន់ ជាពិសេសបានស្នើជំរុញ ការនាំចូល នូវផលិតផលកម្ពុជា ដែលមានគុណភាព និងភាពប្រកួតប្រជែង រួមមាន ផលិតផលកសិកម្ម និងកសិ-ឧស្សាហកម្ម។ គួរបញ្ជាក់ផងដែរថា៖ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-កូវ៉ែត សម្រេចបានប្រមាណ ៦៤ ម៉ឺនដុល្លារអាមេរិក គិតត្រឹមខែតុលាឆ្នាំ២០២២ លើមុខទំនិញសំខាន់ៗ ដូចជា៖ សម្លៀកបំពាក់និងវាយនភណ្ឌ, ថ្នាំជក់, ផលិតផលធ្វើដំណើរ, ម៉ាស៊ីននិងឧបករណ៍អគ្គីសនី, ប៉ូលីមែរនៃអេទីឡែន, កែវនិងវត្ថុធ្វើ ពីកែវ។