កម្ពុជា បេជ្ញាចិត្ដជម្រុញកីឡា “គុនខ្មែរ” ឲ្យមានវត្ដមាន ក្នុងគ្រប់ព្រឹត្ដិកាណ៍កីឡាទាំងអស់


ក្នុងថ្ងៃទី២៦ ខែមករា ឆ្នាំ ២០២៣ នេះ កម្ពុជាបានធ្វើសន្និសីទ សារព័ត៌មានមួយ ស្តីអំពីកីឡា គុនខ្មែរ នៅព្រឹត្តិការណ៍ស៊ីហ្គេម២០២៣ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម វ៉ាត់ ចំរើន ដែលជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិ រៀបចំការប្រកួត កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ផងនោះ បានគូសបញ្ជាក់ យ៉ាងច្បាស់លាស់ថា កម្ពុជានឹងមិនមានបំណង ដកវិញ្ញាសារប្រដាល់ របស់ប្រទេសណាមួយ ហើយដាក់ជំនួសដោយ គុនខ្មែរ នោះទេ។ ពោលគឺ កម្ពុជាកំពុងព្យាយាម លើកស្ទួយប្រភេទប្រដាល់គុនខ្មែរ ឲ្យមានការទទួលស្គាល់ បានកាន់តែទូលំទូលាយ ជាពិសេសនៅក្នុង ព្រឹត្ដិការណ៍កីឡាផ្សេងៗ មិនថាទាំងព្រឹត្ដិការណ៍ ប្រកួតកីឡាជាតិ ឬអន្ដរជាតិនោះទេ។

ជាក់ស្ដែងបច្ចុប្បន្ន កម្ពុជាបានបង្កើត សហព័ន្ធកីឡាគុនខ្មែរអន្ដរជាតិ គឺដើម្បីនាំយក “គុនខ្មែរ” ឆ្ពោះទៅរកវេទិកា កីឡាអន្ដរជាតិទាំងអស់ ហើយឯកឧត្ដម ក៏លើកឡើងដែរថា ក្នុងករណីគេទទួល ឬមិនទទួលគឺជា រឿងមួយផ្សេងទៀត ក៏ប៉ុន្ដែចំពោះឆន្ទះ និងជាមហិ្ឆតារបស់កម្ពុជា គឺដាច់ខាតត្រូវតែជំរុញ ការប្រកួត គុនខ្មែរនេះ ទៅក្នុងគ្រប់ការប្រកួត នៅលើទូទាំងពិភពលោក។ ឯកឧត្តម វ៉ាត់ ចំរើន បានបង្ហាញការតាំងចិត្ដ យ៉ាងមុតមាំទៀតថា កម្ពុជាអាចជំរុញ ប្រដាល់គុនខ្មែរ ដល់កម្រិតណា គឺយើងយកកម្រិតនឹង ហើយនៅក្នុងរយៈពេល ពីរឆ្នាំក្រោយមុខទៀត នៅពេលដែលព្រឹត្ដិការណ៍ ស៊ីហ្គេម ២០២៥ ធ្វើឡើង ឬក៏នៅឆ្នាំណា និងប្រទេសណាក៏ដោយ ក៏កម្ពុជានឹងធ្វើការតស៊ូ មតិបន្ថែមទៀត ដើម្បីអាចដាក់បញ្ចូលវិញ្ញាសារ គុនខ្មែរ នេះទៅក្នុងការប្រកួតបន្ដទៀត។

ឯកឧត្តម បានលើកឡើងទៀតថា កន្លងមកមានប្រទេសអាស៊ានជាច្រើន ដែលបានដាក់បញ្ចូល ក្បាច់តំណាងប្រទេសជាតិ របស់ពួកគេ ទៅក្នុងព្រឹត្ដិការណ៍កីឡាធំៗ រួចមកហើយ ដូចជាថៃ វៀតណាម ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងហ្វីលីពីនជាដើម។ ដូច្នេះកម្ពុជា ក៏មានជំនឿចិត្ដថា នឹងអាចធ្វើបានដូចគ្នា ឲ្យតែមានឆន្ទះមុតមាំ។ គួរបញ្ជាក់ដែរថា ក្នុងវិញ្ញាសារកីឡាប្រដាល់ គុនខ្មែរ គឺកម្ពុជាបានបង្កើតក្បួនខ្នាត និងលក្ខនិ្ដកៈស្ដង់ដារ ដែលជារបស់កម្ពុជា រួចជាស្រេចហើយ ពោលគឺប្រដាល់គុនខ្មែរ ជាប្រភេទកីឡាមួយ ដែលដាច់ដោយឡែក ពីកីឡាប្រដាល់ដទៃតែម្ដង ទាំងលក្ខខណ្ឌនៃការប្រកួត និងតិចនិចនៃការប្រកួតជាដើម។ លើសពីនេះទៀត សហព័ន្ធកីឡាគុនខ្មែរអន្ដរជាតិកម្ពុជា កន្លងមកក៏មានសមាជិក ទៅតាមបណ្ដាប្រទេសផ្សេង ប្រមាណជា ២៩ សមាជិកប្រទេសផងដែរ ហើយនាពេលអនាគត កម្ពុជាក៏នឹងបន្ថែម សមាជិកឲ្យកាន់តែច្រើន ទៀតផងដែរ នេះបើយោងតាមការលើកឡើង ដោយផ្ទាល់របស់ ឯកឧត្តម វ៉ាត់ ចំរើន។