គម្រោងអភិវឌ្ឍន៍អាកាសយានដ្ឋាន វាលបែបចាន ក្នុងខេត្តបាត់ដំបង មិនទាន់កំណត់ ពេលវេលាច្បាស់លាស់នៅឡើយទេ ក្នុងការបើកការដ្ឋាន


អភិបាលខេត្តបាត់ដំបង បានឱ្យដឹងថា គម្រោងអភិវឌ្ឍន៍អាកាសយានដ្ឋាន វាលបែបចាន ក្នុងខេត្តបាត់ដំបង មិនទាន់កំណត់ ពេលវេលាច្បាស់លាស់នៅឡើយទេ ក្នុងការបើកការដ្ឋាន ខណៈបច្ចុប្បន្ននេះ ក្រុមការងារកំពុង ធ្វើការដោះស្រាយផលប៉ះពាល់។ ការថ្លែងឱ្យដឹងបែបនេះរបស់ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ធ្វើឡើងក្នុងសន្និសីទ សារព័ត៌មានស្តីពី "ភាពជោគជ័យរយៈពេល ៥ឆ្នាំ កន្លងមក របស់រដ្ឋបាលខេត្តបាត់ដំបង" ដោយបានឱ្យដឹងថា គម្រោងអភិវឌ្ឍន៍ អាកាសយានដ្ឋានវាលបែកចាន ឱ្យទៅជាខ្នាត 4c គឺទទួលការផ្តល់ អនុសាសន៍ពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីឆ្នាំ២០១៩ ក្នុងឱកាសដែលសម្តេច បានអញ្ជើញជាអធិបតី ក្នុងពិធីបុណ្យទន្លេ។  

ឯកឧត្តមបន្ថែមថា គម្រោងអភិវឌ្ឍន៍អាកាសយានដ្ឋាន វាលបែកចាន ឱ្យទៅជាខ្នាត 4c មិនទាន់បាន កំណត់ពេលវេលា ជាក់លាក់ណាមួយ ក្នុងការបើកការដ្ឋាន ដើម្បីកែប្រែនោះទេ ខណៈបច្ចុប្បន្នរដ្ឋលេខាធិការដ្ឋាន អាកាសចរស៊ីវិល និងរដ្ឋបាលខេត្ត កំពុងធ្វើការដោះស្រាយផលប៉ះពាល់ ហើយម្យ៉ាងវិញទៀត ការពន្យារពេល នៃការបើកការដ្ឋាន អភិវឌ្ឍន៍អាកាសយានដ្ឋាននេះ គឺបណ្តាលមកពី ការរីករាលដាលនៃ ជំងឺកូវីដ-១៩។ «ចំពោះព្រលានយន្តហោះ ការដែលសម្ដេចតេជោ បានអញ្ជើញទៅពិធីបុណ្យទន្លេ នៅក្នុងខេត្តបាត់ដំបង លោកបានផ្តល់អនុសាសន៍ ឱ្យកាលពីឆ្នាំ២០១៩ ក្នុងការកែប្រែ ព្រលានយន្តហោះបែកចាន ឱ្យទៅជាព្រលានយន្តហោះខ្នាត4c បើនិយាយឱ្យងាយស្តាប់ គឺដូចព្រលានយន្តហោះ នៅខេត្តសៀមរាបនាពេលបច្ចុប្បន្ន ដែលកំពុងដំណើរការ។ ប៉ុន្តែបន្ទាប់ពីការនោះមក ដោយសារតែការរីករាលដាលនៃ មេរោគកូវីដ១៩ អស់រយៈពេលពីរឆ្នាំជាង យើងមិនទាន់បានសិក្សានោះទេ។

ប៉ុន្តែនៅពេលថ្មីៗនេះ ខាងរដ្ឋលេខាធិការដ្ឋាន អាកាសចរស៊ីវិល បានសិក្សាប្រជុំជាមួយខេត្តជាច្រើន លើកច្រើនសា ដែលបាននឹងកំពុង ដោះស្រាយផលប៉ះពាល់ ហើយយើងនឹងបន្ត ធ្វើកិច្ចការនេះប៉ុន្តែ យើងកំណត់ ពេលឱ្យបានច្បាស់លាស់ ដើម្បីធ្វើការបើកការដ្ឋាន នៅឡើយទេ។ ប៉ុន្តែជារួមយើង បានគោលការណ៍ឯកភាពពី សម្តេច តេជោនាយករដ្ឋមន្ត្រីរួចហើយ។» ឯកឧត្តមអភិបាល ខេត្តបាត់ដំបង បានឱ្យដឹងទៀតថា ការអភិវឌ្ឍអាកាសយានដ្ឋាននេះ ទៅជាប្រភេទ 4C ដើម្បីធ្វើឱ្យទាក់ទាញ ភ្ញៀវទេសចរក្រៅស្រុក និងក្នុងស្រុក អាចធ្វើដំណើរត្រង់ មកខេត្តបាត់ដំបង និងដើម្បីចូលរួម ការអភិវឌ្ឍខេត្តបាត់ដំបង ឱ្យកាន់តែមានភាពរីកចម្រើន តទៅមុខទៀត។ គួរជម្រាបថា ព្រលានយន្តហោះខេត្តបាត់ដំបង ត្រូវបានស្ថាបនាឡើង នៅក្នុងអំឡុងទសវត្សរ៍ឆ្នាំ ១៩៦០ លើទំហំដីជិត១ម៉ឺនហិកតា បានដាក់ឲ្យដំណើរការនៅឆ្នាំ ១៩៦៨ ដោយមាន ជើងហោះហើរ រវាងភ្នំពេញ-បាត់ដំបង។

ដោយសារតែចូល ក្នុងភ្លើងសង្គ្រាម ក្នុងរបបប៉ុលពតរវាងឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ ព្រលានយន្តហោះនេះ បានផ្អាកដំណើរការទាំងស្រុង។ ក្រោយរបបខ្មែរក្រហមដួលរលំ ព្រលាននេះបាន បើកដំណើរការឡើងវិញ ប៉ុន្តែសម្រាប់តែយោធាប៉ុណ្ណោះ ក្រោយមកទៀតនៅឆ្នាំ ១៩៩១ ចំណតអាកាសយានដ្ឋាននេះ បានបិទដំណើរការទាំងស្រុង រហូតដល់បច្ចុប្បន្ន៕