ការជួសជុលរានហាលរបស់ ប្រាសាទបន្ទាយសំរែ បានចាប់ផ្តើមបើកការដ្ឋាន ដោយមានការសហការ ជាមួយអ្នកជំនាញអាល្លឺម៉ង់


អាជ្ញាធរជាតិអប្សរា សហការជាមួយអង្គការ GIZ នៃប្រទេសអាល្លឺម៉ង់ បានធ្វើពិធីសែនព្រេន តាមបែបជំនឿ សាសនា សុំសេចក្តីសុខ ក្នុងការរៀបចំបើក ការដ្ឋានជួសជុលរានហាល ផ្នែកខាងកើត របស់ប្រាសាទ បន្ទាយសំរែ កាលពីរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣។

អ្នកជំនាញអភិរក្សថ្ម នៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា លោក ឡុង ណារី មានប្រសាសន៍ថា ពិធីសែនព្រេននេះ ក្នុងបំណងសុំការអនុញ្ញាត ពីម្ចាស់ទឹកម្ចាស់ដី វត្ថុស័ក្តិសិទ្ធិដែល ថែរក្សារានហាលខាង កើតរបស់ប្រាសាទបន្ទាយសំរែ ដើម្បីធ្វើការជួសជុល ឱ្យរួចផុតពីហានិភ័យ និងរក្សាទុកជាកេរតំណែល សម្រាប់កូនចៅជំនាន់ក្រោយ បានយូរអង្វែងតទៅទៀត។ លោក ឡុង ណារី មានប្រសាសន៍ទៀតថា រានហាលផ្នែកខាងកើត នៃប្រាសាទបន្ទាយសំរែ ដែលកសាងឡើងអំពីថ្មភក់ តាំងពីអំឡុងពាក់កណ្តាលសតវត្សរ៍ទី១២ កំពុងរងការខូចខាត មួយចំនួនដូចជា គ្រឹះខាងក្រោមបានស្រុត មានការបាត់ថ្មខ្លះៗ និងកន្លែងខ្លះទៀតមាន ចន្លោះប្រហោងច្រើន បង្កាន់ដៃនាគមាន ស្នាមបាក់ស្ទើរទាំងអស់ រីឯចម្លាក់តោក៏ មានការខូចខាតខ្លះដែរ។

ក្នុងការបើកដំណើរការ ជួសជុលរានហាល របស់ប្រាសាទបុរាណ បន្ទាយសំរែនេះដែរ ក៏មានការបង្ហាត់ បង្រៀនដល់និស្សិត ផ្នែកស្ថាបត្យកម្ម ដែលមកពីសាកលវិទ្យាល័យបៀលប្រាយ និងសាកលវិទ្យាល័យអង្គរ ក្នុងខេត្តសៀមរាបចំនួន ២០នាក់ ឱ្យយល់ដឹងអំពីសំណង់បុរាណ និងកិច្ចការអភិរក្សថ្ម ជាមួយក្រុមអ្នក ជំនាញនៃអង្គការអាល្លឺម៉ង់ ដែលកំពុងតែបំពេញការងារ នៅឯប្រាសាទសំរែផងដែរ។ ក្រុមនិស្សិតទាំងនោះ នឹងត្រូវចុះអនុវត្តផ្ទាល់នៅការដ្ឋាន ដោយផ្តោតទៅលើ ការគូសប្លង់បាត រចនាសម្ពន្ធគ្រឹះប្រាសាទ ដើម្បីឱ្យចេះពីរបៀប ជួសជុលចម្លាក់ថ្មប្រាសាទ ស្គាល់ពីថ្មដែលនៅរាយប៉ាយ សិក្សាគម្លាតរបស់ថ្ម និងឱ្យចេះសង្កេតពីអ្វី ដែលជាបញ្ហាប្រឈមផង៕