ថៃ និង សហភាពអឺរ៉ុប ត្រៀមបន្តការចរចាលើ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី នាខែមីនាខាងមុខនេះ!


បាងកក៖ រដ្ឋាភិបាលថៃ និងសហភាពអឺរ៉ុប (European Union) បានសម្រេចថា នឹងឈានដល់ការបន្ត ការចរចាលើកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីឡើងវិញហើយ នារយៈពេលដ៏ខ្លីខាងមុខនេះ បន្ទាប់ពីការចរចាលើកមុន ត្រូវបានរាំងស្ទះអស់ជាច្រើនឆ្នាំ ដោយសារតែបញ្ហានយោបាយ ផ្ទៃក្នុងរបស់ថៃ អំឡុងឆ្នាំ២០១៤។

ប្រភពព័ត៌មានក្នុងស្រុករបស់ថៃ ចេញផ្សាយកាលពីព្រឹកមិញនេះ បានឱ្យដឹងថា ថៃ និងសហភាពអឺរ៉ុប នឹងឈានដល់ ការបើកការចរចាលើ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ដែលគ្រោងនឹង ធ្វើឡើងនៅក្នុងខែមីនា ឆ្នាំ២០២៣ ខាងមុខនេះ ដើម្បីប្រយោជន៍ នៃសេដ្ឋកិច្ចពាណិជ្ជកម្មថៃ ជាមួយនឹងបណ្ដាប្រទេសជាច្រើន ជាសមាជិក នៃសហភាពអឺរ៉ុប (EU)។ ការចរចាឡើងវិញនេះ ធ្វើឡើងបន្ទាប់ពីស្ថេរភាព នៅប្រទេសថៃមានភាព ល្អប្រសើរឡើងវិញ និងបន្ទាប់ពីពន្យាពេលអស់ ៩ឆ្នាំរួចមក។

លោក Jurin Laksanawisit រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ បានបញ្ជាក់ឱ្យដឹងថា ការចាប់ផ្ដើមបន្តការចរចា លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងថៃ និងសហភាពអឺរ៉ុប គឺជាក្ដីសង្ឃឹមដ៏ធំមួយ ដែលមិនអាចរំលងបាន ហើយក៏ជាផលប្រយោជន៍ ដ៏សំខាន់រវាងប្រទេសជាតិជាច្រើន ជាមួយនឹងការធ្វើពាណិជ្ជកិច្ច ជាមួយនឹងថៃ។ លោកបន្តទៀតថា កិច្ចប្រជុំនោះនឹង ធ្វើឡើងនៅ Brussels ជាមួយនឹង សភាពាណិជ្ជកម្មអឺរ៉ុប ដោយការចរចានោះ នឹងផ្ដោតសំខាន់ទៅលើ ស្ថេរភាពនៃការធ្វើពាណិជ្ជកម្មសេរី។

ការបើកការចរចាជាថ្មី ក្នុងខែមីនាខាងមុខ ពុំទាន់បានបញ្ជាក់អំពី កាលបរិច្ឆេទច្បាស់លាស់នៅឡើយទេ តែការចរចាលើកិច្ចព្រមព្រៀងនេះ មានសារៈសំខាន់ខ្លាំងណាស់ ក្នុងការកាត់បន្ថយ ការចំនាយលើពន្ធគយ និងថិរវលា ជុំវិញការនាំចេញពី ថៃទៅអឺរ៉ុប និងពីអឺរ៉ុប ចូលមកកាន់ប្រទេសថៃវិញ។ គួរបញ្ជាក់ថា ថៃបាននាំចេញទំនិញជាច្រើនមុខ ទៅកាន់បណ្ដាប្រទេស ជាសមាជិកសហភាពអឺរ៉ុប សរុបជាទឹកប្រាក់មានប្រមាណ ២២,៨ ពាន់លានដុល្លារ ក្នុងឆ្នាំ២០២២ ធ្វើឱ្យសហភាពអឺរ៉ុប ជាដៃគូពាណិជ្ជកម្មធំជាងគេ ដែលឈរក្នុងចំណាត់ថ្នាក់លេខ ៤ របស់ថៃ៕