ច្រកទ្វារព្រំដែនអន្តរជាតិ ស្ទឹងបត់-បានណងអៀន នឹងបញ្ចប់ការសាងសង់ នៅត្រឹមខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះ


គម្រោងការងារសាងសង់ ហេដ្ឋារចនាសម្ព័ន្ធ ច្រកទ្វារព្រំដែនអន្តរជាតិ ស្ទឹងបត់-បានណងអៀន ដែលបានបើកការដ្ឋាន សាងសង់កាលពីថ្ងៃទី ២២ ខែមេសា ឆ្នាំ២០១៩ ពេលនេះសម្រេចការងារបាន ៨២% ហើយ ដោយក្រុមការងារ កំពុងពន្លឿនដំណើរការសាងសង់ ឱ្យបានរហ័សបំផុត ដើម្បីបញ្ចប់ការងារ ១០០% នៅត្រឹមខែឧសភា ឆ្នាំ២០២៣ សម្រាប់សម្រួលដល់ ការធ្វើដំណើរឆ្លង ព្រំដែនប្រទេសទាំង ២ ជាពិសេសកាត់បន្ថយ ការកកស្ទះនៅច្រកទ្វារ ព្រំដែនប៉ោយប៉ែត។

ច្រកទ្វារព្រំដែនអន្តរជាតិ ស្ទឹងបត់-បានណងអៀន ត្រូវបានបើក ការដ្ឋានសាងសង់ កាលពីឆ្នាំ២០១៩ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ប៉ុន្តែការងារនេះ ត្រូវបានរាំងស្ទះ និងយឺតយ៉ាវបន្ដិចបន្ដួច អំឡុងពេលបិទខ្ទប់ ដោយសារជំងឺកូវីដ-១៩ ចំណែក ភាគីប្រទេសថៃ ក៏មានការបិទទ្វារព្រំដែន ជាមួយប្រទេសកម្ពុជាផងដែរ។ លើសពីនេះ បញ្ហាទឹកជំនន់ និងបម្រែបម្រួល កិច្ចសន្យាការងារ ជាមួយក្រុមហ៊ុនទទួលបន្ទុកសាងសង់ ក៏បានរួមចំណែក ពន្យាពេលសាងសង់ចំនួន ២ លើកផងដែរ។

យ៉ាងណាមិញ ក្រុមហ៊ុនទទួលបន្ទុក បានសហការជាមួយ អជ្ញាធរមូលដ្ឋាន និងសហការជាមួយ ភាគីខាងប្រទេសថៃ ដើម្បីត្រៀមបញ្ចប់ ការសាងសង់ឱ្យបាន រួចរាល់នៅត្រឹមខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះ ដើម្បីអាចដាក់ប្រើប្រាស់ ច្រកទ្វារព្រំដែនបណ្ដោះអាសន្នបាន ដែលជួយសម្រួលបញ្ហាកកស្ទះ និងភាពមមាញឹក នៃច្រកព្រំដែនប៉ោយប៉ែត-បានខ្លងឡឹក។

សូមបញ្ជាក់ថា គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់-បានណងអៀន ចំណាយថវិកាប្រមាណ ២៦ លានដុល្លារ ម៉ៅការសាងសង់ដោយ ក្រុមហ៊ុន CM Grand Development Co., Ltd & Tan Kim Eng Co., Ltd ដោយហេដ្ឋារចនាសម្ព័ន្ធ ដែលត្រូវសាងសង់មានដូចជា៖ អគារច្រកទ្វារអន្តរជាតិ ផ្លូវតភ្ជាប់ទៅកាន់ផ្លូវជាតិលេខ៥ អគារអន្តេវាសិកដ្ឋាន ចំណតផ្ទេរផ្ទុកទំនិញឃ្លាំង និងទីលានកុងតឺន័រ ផងដែរ។