រថភ្លើងដឹកអ្នកដំណើរល្បឿន ១,០០០ គីឡូម៉ែត្រ/ម៉ោង នឹងបើកដំបូងគេបង្អស់នៅប្រទេសឥណ្ឌា!

Hyperloop ជាបច្ចេកវិទ្យារថភ្លើងទំនើបល្បឿនលឿនបំផុត ដែលត្រូវបានគេស្រាវជ្រាវនិងបង្កើតឡើងមិនទាន់បាន ១០ ឆ្នាំផង ប៉ុន្តែបច្ចេកវិទ្យាមួយនេះ កំពុងត្រូវបានក្លាយជាដំណោះស្រាយការដឹកជញ្ជូនដ៏ពេញនិយមមួយ និងមានប្រទេសជាច្រើនបានចាប់ផ្ដើមអនុវត្តវានៅតាមតំបន់សំខាន់ៗសម្រាប់ភ្ជាប់ការដឹកជញ្ជូនរហ័ស។ Hyperloop ត្រូវបានធ្វើតេស្ដបង្កើតថ្មីឡើងដំបូងដោយមហាសេដ្ឋី Elon Musk កាលពីឆ្នាំ ២០១២ គាត់ជាម្ចាស់ក្រុមហ៊ុន Tesla និង SpaceX ដែលគាត់ត្រូវគេដាក់រហ័សនាមថាជា បុរសអនាគត តែងតែវិនិយោគទៅលើអ្វីដែលជាបច្ចេកវិទ្យាចុងក្រោយសម្រាប់អនាគតឲ្យមនុស្សជាតិប្រើប្រាស់ ជាពិសេសគឺពាក់ព័ន្ធជាមួយអវកាស និងអគ្គិសនី។ 

Hyperloop គឺជារថភ្លើងមួយប្រភេទដែលវាត្រូវរត់នៅក្នុងបំពង់ ក្នុងនោះវាប្រើប្រាស់ម៉ាស៊ីនអគ្គិសនី និងមានរង្វិលជុំដោយឌីណាម៉ូ ហើយផ្លូវដែកនៅក្នុងបំពង់ក៏បំពាក់នូវមេដែកផងដែរ ក្នុងការជំរុញល្បឿនរបស់រថភ្លើងនេះឲ្យរត់បានលឿនអស់ពីសមត្ថភាព។ ចំណែកឯបំពង់នោះ គឺវាមានអត្ថប្រយោជន៍ក្នុងការរត់ក្នុងល្បឿនលឿន ដូចជាការទប់ជាមួយកម្លាំងខ្យល់ និងសម្ពាធ ក្នុងការបញ្ចៀសបញ្ហាផ្សេងៗ។ 

មកដល់បច្ចុប្បន្ននេះ រថភ្លើងប្រភេទ Hyperloop នេះមិនទាន់មានប្រទេសណាបានរត់ជាផ្លូវការនៅឡើយនោះទេ ព្រោះដំណើរការសាងសង់ប្រើប្រាស់ពេលយូរហាក់ដូចជាសាងសង់ផ្លូវអាកាសថ្មីមួយទៅហើយ។ ប៉ុន្តែសម្រាប់ប្រទេសឥណ្ឌា បានត្រៀមខ្លួនរួចជាស្រេចនូវក្នុងការភ្ជាប់ផ្លូវ Hyperloop ពីទីក្រុង Pune ទៅកាន់ទីក្រុង Mumbai ហើយក៏ត្រៀមសាងសង់ស្ថានីយ៍រថភ្លើង Hyperloop នឹងអាចបើកដំណើរការវាបានមុនគេបង្អស់នៅលើពិភពលោក។ 

រថភ្លើង Hyperloop ក្នុងប្រទេសឥណ្ឌា ត្រូវបានវិនិយោគដោយក្រុមហ៊ុន Virgin Hyperloop One ដែលទទួលយកគម្រោងសាងសង់ទាំងស្រុង ក្នុងនោះមានដូចជាផ្លូវ និងស្ថានីយនៅក្នុងទីក្រុងទាំង ២ ដោយដំណាក់កាលទី ១ មូលធនឯកជនបានវិនិយោគអស់ទឹកប្រាក់ ៥០០ លានដុល្លារ (ពីក្រុមហ៊ុន DP World របស់ប្រទេសអារ៉ាប់រួម) និងមានការសហការពីរដ្ឋាភិបាលឥណ្ឌាផងដែរ។ រដ្ឋាភិបាលនៃរដ្ឋ Maharashtra ប្រទេសឥណ្ឌា បានបង្ហាញចំណាប់អារម្មណ៍ថា គម្រោងនៃការបើកឲ្យប្រើប្រាស់ Hyperloop ដំបូងគេនៃប្រទេសឥណ្ឌានេះ វានឹងជួយសម្រួលដល់វិស័យដឹកជញ្ជូនមួយផ្នែកធំរបស់ទីក្រុង Pune និង Mumbai ដោយសារខ្សែរទាំង ២ មានភាពមមារញឹកខ្លាំងមួយ។ 

ចំណែកឯការប្រើប្រាស់រថភ្លើង Hyperloop នេះវានឹងកាត់បន្ថយរយៈពេលធ្វើដំណើរមកត្រឹមតែ ៣៥ នាទីប៉ុណ្ណោះ (ប្រសិនបើធ្វើដំណើរតាមផ្លូវហាយវ៉េគឺត្រូវចំណាយពេលលើសពី ៣ ម៉ោងកន្លះ) ដោយសារតែ Hyperloop នេះអាចរត់បានដល់ល្បឿនអតិបរមា ១,០០០ គីឡូម៉ែត្រក្នុងមួយម៉ោង។ លើសពីនេះទៅទៀត កាប្រើប្រាស់បច្ចេកវិទ្យាថ្មីនេះ គេរំពឹងថានឹងបង្កើតកាងារតិចណូឡូជីកម្រិតខ្ពស់ដល់ប្រជាជនជាច្រើនពាន់កន្លែង និងចំណេញផ្នែកសេដ្ឋកិច្ចសង្គមយ៉ាងហោចណាស់ក៏ ៣៦ ពាន់លានដុល្លារក្នុងមួយឆ្នាំដែរ ក្នុងការសម្រួលវិស័យដឹកជញ្ជូន និងបញ្ហាស្ទះចរាចរណ៍ផ្សេងៗ។

រដ្ឋាភិបាលឥណ្ឌារំពឹងថា Hyperloop ដំបូងរបស់ប្រទេសខ្លួននេះ វាអាចនឹងទទួលបានអ្នកដំណើរប្រហែល ៧៥ លាននាក់ក្នុងមួយឆ្នាំ នៅលើខ្សែរ Pune-Mumbai នេះ ហើយនៅក្នុងឆ្នាំ ២០២៦ ចំនួនអ្នកដំណើរនឹងអាចកើនឡើងដល់ ១៣០ លាននាក់ក្នុងមួយឆ្នាំ។ ប៉ុន្តែតាមការអះអាងរបស់ក្រុមហ៊ុន Virgin Hyperloop One បានបង្ហាញថា រថភ្លើង Hyperloop នេះអាចទទួលដឹកអ្នកដំណើរបានដល់ ២០០ លាននាក់ក្នុងមួយឆ្នាំ។