ទីក្រុងទាំង ១០ ដែលមានមហាសេដ្ឋីរស់នៅច្រើនបំផុត!


មហាសេដ្ឋីមានទ្រព្យសម្បត្តិ ខ្ទង់ពាន់លានដុល្លារ (Billionaires) មានសរុបចំនួន ២ ៧៨១ នាក់គិតត្រឹមឆ្នាំ២០២៤ ក្នុងនោះទីក្រុងធំៗចំនួន ១០ មានមហាសេដ្ឋីពាន់លានដុល្លារ (Billionaires) រស់នៅប្រមាណ ២៥% ដោយសារតែទីក្រុងទាំងនោះ ប្រៀបដូចជាឋានសួគ៌ សម្រាប់អាជីវកម្មរបស់ពួកគេ មានសុវត្ថិភាពខ្ពស់ មានអំពើពុករលួយទាបបំផុត និងមានគុណភាពរស់នៅខ្ពស់។ ខាងក្រោមនេះ គឺជាទីក្រុងទាំង ១០ ដែលមានមហាសេដ្ឋីពាន់លាន រស់នៅច្រើនបំផុត។

១. ទីក្រុងញ៉ូវយ៉ក

មានមហាសេដ្ឋីពាន់លានចំនួន ១១០ នាក់ ដែលទ្រព្យសម្បត្តិពួកគាត់ បូកបញ្ចូលគ្នា មានចំនួន ៦៩៤ ពាន់លានដុល្លារ ក្នុងនោះលោក Michael Bloomberg គឺជាអ្នកមានទ្រព្យសម្បត្តិច្រើនជាងគេបំផុត រហូតដល់ ១០៦ ពាន់លានដុល្លារ។ ទីក្រុងញ៉ូវយ៉ក នៅតែរក្សាឈ្មោះជាទីក្រុង មានមហាសេដ្ឋីច្រើនបំផុត ក្នុងរយៈពេល ៩ ឆ្នាំចុងក្រោយ។

២. ទីក្រុងម៉ូស្គូ

មានមហាសេដ្ឋីពាន់លានចំនួន ៧៤ នាក់ ដែលទ្រព្យសម្បត្តិពួកគាត់ បូកបញ្ចូលគ្នា មានចំនួន ៣៧៨ ពាន់លានដុល្លារ ក្នុងនោះលោក Vagit Alekperov មានទ្រព្យសម្បត្តិច្រើនជាងគេ រហូតដល់ ២៨,៦ ពាន់លានដុល្លារ។ ទីក្រុងនេះ មានអត្រាកំណើន មហាសេដ្ឋីលឿន ធ្លាប់ស្ថិតនៅលំដាប់ទី៦ ក្នុងបញ្ជីទីក្រុងមាន មហាសេដ្ឋីច្រើនបំផុត បច្ចុប្បន្នឡើងមកនៅលេខ២ ដោយមានមហាសេដ្ឋីពាន់លានថ្មីៗចំនួន ១២ រូប ក្នុងនោះអ្នកទើបឡើង មកក្រោយបង្អស់គឺលោក Vladimir Melnikov ដែលមានទ្រព្យសម្បត្តិ ១,៧ ពាន់លានដុល្លារ។

៣. ទីក្រុងហុងកុង

ហុងកុង ក៏ដូចជាទីក្រុងម៉ូស្គូដែរ មានមហាសេដ្ឋីពាន់លានចំនួន ៧៤ នាក់ ដែលទ្រព្យសម្បត្តិពួកគាត់ បូកបញ្ចូលគ្នា មានចំនួន ៣២៦ ពាន់លានដុល្លារ ក្នុងនោះអ្នកមានជាងគេ គឺ លោក Li Ka-Shing ដែលមានទ្រព្យសម្បត្តិ ៣៧,៣ ពាន់លានដុល្លារ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ទីក្រុងហុងកុង មានមហាសេដ្ឋីពាន់លានដុល្លារថ្មីចំនួន ៨ រូប រួមមានលោក Jean-Louis van der Velde នាយកប្រតិបត្តិក្រុមហ៊ុនគ្រីបតូ Tether and Bitfinex (៣,៩ ពាន់លានដុល្លារ) និងលោកស្រី Solina Chau នាយកក្រុមហ៊ុន Horizons Ventures (៣,១ ពាន់លានដុល្លារ)។

៤. ទីក្រុងម៉ុមបៃ

មានមហាសេដ្ឋីពាន់លាន នៅទីក្រុងម៉ុមបៃមានចំនួន ៦៩ ប៉ុន្តែទ្រព្យសម្បត្តិរបស់ពួកគាត់ បូកបញ្ចូលគ្នា មានច្រើនរហូតដល់ ៣៧៩ ពាន់លានដុល្លារ ក្នុងនោះអ្នកមានទ្រព្យសម្បត្តិ ច្រើនជាងគេគឺលោក Mukesh Ambani ដែលមានទ្រព្យសម្បត្តិ ១១៦ ពាន់លានដុល្លារ គឺជាបុគ្គលមានទ្រព្យសម្បត្តិ ច្រើនបំផុតនៅអាស៊ីទាំងមូល។ ទីក្រុងនេះ ក៏បានស្វាគមន៍មហាសេដ្ឋីថ្មីចំនួន ១១ នាក់បន្ថែមទៀត រួមមានលោក Shapoor Mistry ជាជនជាតិអៀកឡង់ មានទ្រព្យសម្បត្តិ ៩,៩ ពាន់លានដុល្លារ បានបើកក្រុមហ៊ុនយក្សលើផ្នែកសំណង់ និងវិស្វកម្ម Shapoorji Pallonji Group។

៥. ទីក្រុងប៉េកាំង

មានមហាសេដ្ឋីពាន់លានចំនួន ៦៣ នាក់ ដែលបូករួមទ្រព្យសម្បត្តិរបស់ពួកគាត់ ស្មើនឹង ២១១ ពាន់លានដុល្លារ ហើយអ្នកមានជាងគេគឺលោក Zhang Yiming មានទ្រព្យសម្បត្តិសរុប ៤៣,៤ ពាន់លានដុល្លារ។ យោងតាមទស្សនាវដ្ដី Forbes បង្ហាញថាទីក្រុងប៉េកាំង បានធ្លាក់ចុះមហាសេដ្ឋីពាន់លានចំនួន ៣២ នាក់គិតចាប់ពីឆ្នាំ២០២១ ដោយសារតែវិបត្តិសេដ្ឋកិច្ចធ្លាក់ចុះប្រទេសចិន ចំណែកមហាសេដ្ឋីពាន់លាន ដែលទើបឡើងទ្រព្យសម្បត្តិថ្មីៗ មានដូចជា លោក Dai Wenyuan ជានាយកក្រុមហ៊ុន AI software 4 Paradigm មានទ្រព្យសម្បត្តិ ១,៦ ពាន់លានដុល្លារ និងលោក Zheng Fan នាយកក្រុមហ៊ុន Li Auto និងក្រុមហ៊ុនផលិតរថយន្ដអគ្គិសនី មានទ្រព្យសម្បត្តិ ១,៥ ពាន់លានដុល្លារ។

៦. ទីក្រុងឡុងដ៏

មានមហាសេដ្ឋីសរុបចំនួន ៦២ នាក់ ដែលបូករួមទ្រព្យសម្បត្តិសរុប របស់ពួកគាត់ ស្មើនឹង ៣២៦ ពាន់លានដុល្លារ អ្នកដែលមានជាងគេគឺលោក Len Blavatnik មានទ្រព្យសម្បត្តិ ៣២,១ ពាន់លានដុល្លារ។ ទីក្រុងនេះ បានធ្លាក់ចំណាត់ថ្នាក់ចំនួនមហាសេដ្ឋីពីលេខ៤ មកដល់លេខ៦ ប៉ុន្តែចំនួនទ្រព្យសម្បត្តិមហាសេដ្ឋី បានកើនឡើងខ្ពស់ជាងទីក្រុងផ្សេងៗទៀត។

៧. ទីក្រុងសៀងហៃ

មានមហាសេដ្ឋីពាន់លានចំនួន ៥៤ នាក់ ដោយបូករួមទ្រព្យសម្បត្តិសរុប របស់ពួកគាត់ ស្មើនឹង ១៦៧ ពាន់លានដុល្លារ អ្នកដែលមានជាងគេ គឺលោក Colin Huang មានទ្រព្យសម្បត្តិសរុប ៣៨,៩ ពាន់លានដុល្លារ។ មហាសេដ្ឋីពាន់លាននៅសៀងហៃ បានធ្លាក់ចុះពី ៦៥ នាក់ មកត្រឹម ៥៤ នាក់ ស្រដៀងទៅនឹងទីក្រុងប៉េកាំងដែរ ចំណែកមហាសេដ្ឋីពាន់លាន ដែលមានមុខមាត់ថ្មីៗ គេឃើញច្រើននៅក្នុងវិស័យបច្ចេកវិទ្យា។

៨. ទីក្រុង Los Angeles

មានមហាសេដ្ឋីពាន់លានចំនួន ៥៣ នាក់ ដោយបូករួមទ្រព្យសម្បត្តិ របស់ពួកគាត់ ស្មើនឹង ២២២ ពាន់លានដុល្លារ អ្នកដែលមានជាងគេគឺលោក John Tu មានទ្រព្យសម្បត្តិ ១៣,៦ ពាន់លានដុល្លារ។ ទីក្រុង Los Angeles កើនឡើងមហាសេដ្ឋីច្រើន រួមមានទាំង កីឡាករបាល់បោះ NBA លោក LeBron James ដែលមានទ្រព្យសម្បត្តិ ១,២ ពាន់លានដុល្លារ និងអ្នកចម្រៀង Hip Hop លោកស្រី Rihanna មានទ្រព្យសម្បត្តិ ១,៤ ពាន់លានដុល្លារ។

៩. ទីក្រុងសិង្ហបុរី

មានមហាសេដ្ឋីពាន់លានចំនួន ៥២ នាក់ ដោយបូករួមទ្រព្យសម្បត្តិ របស់ពួកគាត់ស្មើនឹង ១៥៦ ពាន់លានដុល្លារ អ្នកដែលមានជាងគេគឺលោក Eduardo Saverin ជាសហស្ថាបនិករបស់ក្រុមហ៊ុន Facebook ដែលមានទ្រព្យសម្បត្តិ ២៨ ពាន់លានដុល្លារ។ សិង្ហបុរី នៅតែបន្ដមានកំណើន មហាសេដ្ឋីពាន់លានថ្មីៗច្រើន ដូចជាបងប្អូន លោក Bachtiar Karim (១,៤ ពាន់លានដុល្លារ), លោក Burhan Karim (១,២ ពាន់លានដុល្លារ), និងលោក Bahari Karim (១,២ ពាន់លានដុល្លារ) គឺជាម្ចាស់ក្រុមហ៊ុនដូងប្រេង Musim Mas។ ចំណែកបងប្អូនលោក Wee Ee Cheong (១,៦ ពាន់លានដុល្លារ), លោក Wee Ee Chao (១,៣ ពាន់លានដុល្លារ), លោក Wee Ee Lim (១,៣ ពាន់លានដុល្លារ) ជាចៅរបស់មហាសេដ្ឋីធនាគារ United Overseas Bank ដែលមានជាង ៥០០ សាខា។

១០. ទីក្រុង San Francisco

មានមហាសេដ្ឋីពាន់លានចំនួន ៥០ នាក់ ដោយបូករួមទ្រព្យសម្បត្តិ របស់ពួកគាត់ស្មើនឹង ១៨៥ ពាន់លានដុល្លារ អ្នកមានខ្លាំងជាងគេ គឺលោក Dustin Moskovitz ដែលមានទ្រព្យសម្បត្តិសរុប ១៨,៣ ពាន់លានដុល្លារ។ ទីក្រុងមានឈ្មោះជាទីក្រុង មហាសេដ្ឋីបច្ចេកវិទ្យា និងបានស្វាគមន៍មហាសេដ្ឋីថ្មីៗចំនួន ៦ នាក់ក្នុងឆ្នាំនេះ រួមមាន លោក Ivan Zhao នាយកប្រតិបត្តិក្រុមហ៊ុនបង្កើត software Notion (១,៥ ពាន់លានដុល្លារ), លោក Michelle Zatlyn នាយកក្រុមហ៊ុន COO និង Cloudflare (១,២ ពាន់លានដុល្លារ), និងលោក Sam Altman អ្នកវិនិយោគលើក្រុមហ៊ុន OpenAI ទ្រព្យសម្បត្តិ ១ ពាន់លានដុល្លារ។

 

ប្រភព៖ Forbes