ភូមិចំណាស់របស់អ៊ីតាលីមួយ ដែលបានស្ថិតនៅក្រោមបឹងអស់រយៈពេលជាង 25 ឆ្នាំ អាចនឹងផុសឡើងបង្ហាញរូបរាងជាថ្មី នៅក្នុងពេលខាងមុខនេះ!

ភូមិអ៊ីតាលីដែលបានទឹកជំនន់ជន់លិចក្នុងទសវត្សឆ្នាំ 1940 អាចនឹងផុសចេញពីផ្ទៃទឹក និងបង្ហាញរូបរាងជាថ្មីម្តងទៀត។ បើយោងតាមប្រភពពី Lonely Planet បានឲ្យដឹងថា ភូមិនៃ Fabbriche di Careggine (ជាភាសាអង់គ្លេស គេហៅថា Careggine Factories) ដែលមានទីតាំងស្ថិតនៅក្នុងខេត្ត Lucca ក្នុងតំបន់កណ្តាល Tuscany គឺជាទីក្រុងតូចមួយ ក្នុងសតវត្សរ៍ទី 13 ដែលត្រូវបានបោះបង់ចោលនៅឆ្នាំ 1947។

 

ដោយសារតែការសាងសង់ទំនប់វារីអគ្គិសនី នៅលើដងទន្លេ Edron ក្នុងឆ្នាំនោះ បឹង Vagli នៅក្បែរនោះ ដែលបង្កើតដោយមនុស្ស ត្រូវបានជន់លិច ហើយអ្នកស្រុកទាំងអស់ ត្រូវចាកចេញទៅទីប្រជុំជន ដែលនៅក្បែរនោះ។

 

ចាប់តាំងពីទឹកជំនន់ជន់ដំបូង បឹងនេះត្រូវបានចាល់លិច ចំនួនបួនដង រួចមកហើយគឺនៅឆ្នាំ 1958, 1974, 1983, និង 1994 ហើយឆាប់ៗនេះ បឹងនេះនឹងត្រូវបានហួតរីងម្តងទៀត ដែលជាការលាតបង្ហាញពីទម្រង់រូបរាង ទីក្រុងខ្មោចត្រូវបានគេបោះបង់ចោល និងបានលិចនៅក្រោមផ្ទៃទឹកអស់រយៈពេលរាប់ទសវត្ស។

 

អង្គការ Enel ដែលជាម្ចាស់ទំនប់ទីនោះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា វាអាចនឹងមានលទ្ធភាព ដែលបឹងនេះនឹងរីងម្តងទៀត ហើយអាចជាទំនងនៅក្នុងឆ្នាំ 2021 នេះបើយោងតាម Lonely Planet។

 

ការបូមយកទឹកចេញពីបឹងនេះ ឬនៅពេលដែលបឹងនឹងរីង អាចជួយជម្រុញដល់វិស័យទេសចរណ៍ក្នុងតំបន់ ពីព្រោះវាជាឱកាស នឹងទាក់ទាញភ្ញៀវទេសចរជាច្រើន មកឃើញទីក្រុងប្រវត្តិសាស្ត្រមួយនេះ។

 

បើយោងតាមទស្សនាវត្តី Tuscany បានលើកឡើងថា ជាធម្មតាតាមដងផ្លូវនៃ Fabbriche di Careggine ស្ថិតនៅក្រោមទឹកជម្រៅដល់ទៅ 34 លានម៉ែត្រគូប ដូច្នេះឱកាសក្នុងការរុករក ទីក្រុងដែលត្រូវគេបោះបង់ចោល ពិតជាកម្រណាស់។ 

 

ដោយឡែក បើយោងទៅតាមប្រភព Italy Undiscovered វិញ បានបង្ហាញថា ទីនេះធ្លាប់មានផែនការដើម្បីលុបបឹងកាលពីឆ្នាំ 2016 តែផែនការនេះហាក់ដូចជា មិនធ្លាប់បានដំណើរការនោះទេ។

 

ទោះយ៉ាងណាក៏ដោយ វាមិនទាន់ជាពេលវេលាល្អ ដើម្បីចាប់ផ្តើមរៀបចំផែនការនៃការធ្វើដំណើររបស់អ្នកនៅឡើយទេ។ Lonely Planet បានធ្វើការរាយការណ៍មកថា អង្គការ Enel បច្ចុប្បន្ននេះ ទើបតែកំពុងពិចារណា ពីការបង្ហូរទឹកចេញ និងសម្អាតបឹង Vagli ដែលមិនទាន់មានកាលបរិច្ឆេទផ្លូវការណាមួយត្រូវ បានប្រកាសនៅឡើយទេ។

 

ទីក្រុង Vagli de Sotto ដែលនៅក្បែរនឹងទីតាំងបឹងនោះ ក៏មាន Group ហ្វេសប៊ុក និង គេហទំព័រផ្លូវការ ផងដែរ ដែលភ្ញៀវទេសចរ ឬអ្នកដំណើរដែលមានបំណងមកកម្សាន្តនៅទីនេះ អាចតាមដានព័ត៌មានលម្អិតជាក់ស្តែង ពីកាលបរិច្ឆេទជាក់លាក់ណាមួយបាន។

 

បន្ថែមពីភាពដែលអាចទៅរួច នៃបឹង Lake Vagli នឹងរីងបាននោះ អង្គការ Enel បានចាប់ផ្តើមគម្រោងលើកកម្ពស់ “ប្រព័ន្ធទេសចរណ៍ប្រកបដោយការទទួលខុសត្រូវ” នៅក្នុងតំបន់ ដែលរួមបញ្ចូលទាំងការបើកឡើងវិញ នូវទីតាំងមួយចំនួន ការបង្កើតសារមន្ទីរផ្តោតលើប្រវត្តិសាស្ត្រក្នុងតំបន់ និងការអភិវឌ្ឍឡើងវិញនៃបរិស្ថានធម្មជាតិផងដែរ។