រដ្ឋាភិបាលអាមេរិក បានសម្រេចប្រគល់នូវរូបបដិមា ដែលជាវត្ថុបុរាណ ដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន ជូនមកកម្ពុជាវិញហើយ ក្នុងចំនួនសរុប ២៧ រូប មកកាន់ទឹកដីសុវណ្ណភូមិ តាមរយៈស្ថានទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅសហរដ្ឋអាមេរិក នេះបើយោងតាមសេចក្ដីប្រកាសកាលពីម្សិលមិញ។
សហរដ្ឋអាមេរិក កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ ម្សិលមិញនេះ បានសម្រេចប្រគល់រូបបដិមា ពុទ្ធសាសនា និងព្រហ្មមញ្ញសាសនា នៅក្នុងសម័យអង្គរ មានចំនួន ២៧ មកកាន់កម្ពុជាវិញហើយ ដែលជាម្ចាស់ទឹកដី នៃវត្ថុបុរាណទាំងនោះ ដែលត្រូវបានជនខិលខូចលួចយកទៅលក់តាមទីផ្សារងងឹត អស់រយៈពេលជាច្រើនឆ្នាំ។ នេះគឺជាលទ្ធផល និងភាពជោគជ័យ ដែលកម្ពុជា មានលទ្ធភាពអាចប្រមូលនូវវត្ថុបុរាណរបស់ខ្លួន មកកាន់តែទឹកដី សម្រាប់បង្ហាញទៅដល់កូនចៅជំនាន់ក្រោយៗ អំពីសម័យអង្គរ ដ៏អស្ចារ្យរបស់ខ្មែរ ក្នុងទ្វីបអាស៊ី។
ការប្រគល់រូបបដិមា នោះត្រូវបានធ្វើឡើង តាមរយៈការចុះកិច្ចព្រមព្រៀងរវាងកម្ពុជា និងរដ្ឋអាជ្ញានៃសង្កាត់ញូវយ៉ក ស្តីពីការផ្ទេរសិទ្ធិគ្រប់គ្រងវត្ថុបុរាណរបស់កម្ពុជា ក្រោមវត្តមានរបស់ លោក ជុំ សុន្ទរី ឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅសហរដ្ឋអាមេរិក និងលោក Cyrus Vance Jr. រដ្ឋអាជ្ញានៃការិយាល័យរដ្ឋអាជ្ញាប្រចាំសង្កាត់ញូវយ៉ក ក្រោមវត្តមាន លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអញ្ជើញចូលរួមតាមរយៈប្រព័ន្ធវីដេអូអនឡាញ និងឯកអគ្គរាជទូត កែ សុវណ្ណ តំណាងអចិន្ត្រៃយ៍នៃកម្ពុជាប្រចាំ នៅអង្គការសហប្រជាជាតិ ធ្វើជាសក្សីដឹកឮ។
ស្ថិតក្នុងចំណោមវត្ថុបុរាណទាំង ២៧ ដែលត្រូវបានរកឃើញ ហើយប្រគល់ជូនវិញតាមរយៈការិយាល័យរដ្ឋអាជ្ញា និងក្រសួងសន្តិសុខមាតុភូមិអាមេរិក រួមមាន រូបបដិមាពុទ្ធសាសនា និងព្រហ្មមញ្ញសាសនា នាសម័យអង្គររួមមានដូចជា៖ ព្រះពុទ្ធគង់សមាធិលើនាគធ្វើពីសំរឹទ្ធ រូបព្រះឥសូរ និងព្រះនាងប្រាជ្ញាបារមិតាធ្វើពីថ្មភក់ ជាដើម។ ការវិលទ្រឡប់វិញនៃបដិមាបុរាណទាំងនោះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងស្ថានទូតកម្ពុជា ប្រចាំនៅអាមេរិក បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការសម្របសម្រួល ទើបសម្រេចចេញជាលទ្ធផលដ៏ប្រសើរនេះ។
ស្ថិតក្នុងឱកាសនោះ លោកស្រីរដ្ឋមន្ត្រី បានថ្លែងនូវអំណរគុណ និង វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ និងការខិតខំប្រឹងប្រែងពីសំណាក់ ការិយាល័យរដ្ឋអាជ្ញាសហរដ្ឋអាមេរិក ប្រចាំសង្កាត់ញូវយ៉ក ក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាមេរិក ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា និងស្ថានទូតនៃកម្ពុជាប្រចាំសហរដ្ឋអាមេរិក ព្រមទាំងក្រុមការងារនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា ក្នុងការបញ្ជូនសម្បត្តិវប្បធម៌ទាំងនេះត្រឡប់មកមាតុភូមិកម្ពុជាវិញ។ ការទទួលត្រឡប់មកវិញនៃវត្ថុបុរាណទាំងនោះ សរបញ្ជាក់ឱ្យឃើញអំពីចំណងមិត្តភាពដ៏ល្អ និងប្រកបដោយផ្លែផ្កា នៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហរដ្ឋអាមេរិក ក្នុងការចូលរួមការពារបេតិកភណ្ឌវប្បធម៌ខ្មែរ។
កម្ពុជាសង្ឃឹមថា សហរដ្ឋអាមេរិក នឹងបន្តភាពជាដៃគូជាមួយប្រទេសកម្ពុជា ដើម្បីបញ្ឈប់ការជួញដូរ សម្បត្តិវប្បធម៌ខ្មែរ ខុសច្បាប់ និងបញ្ជូនបេតិកភណ្ឌវប្បធម៌របស់យើងត្រឡប់ទៅកម្ពុជាវិញ។ លោកឯកអគ្គរាជទូត បានអំពាវនាវ និងលើកទឹកចិត្តដល់អ្នកនិយមសន្សំវត្ថុបុរាណខ្មែរទាំងអស់ ឱ្យពិនិត្យដោយយកចិត្តទុកដាក់ នូវប្រភពដើមនៃវត្ថុបុរាណរបស់ខ្លួន និងសូមទទួលដឹងថា សម្បត្តិវប្បធម៌ខ្មែរភាគច្រើនដែល នៅក្រៅប្រទេស ត្រូវបានយកចេញ និងជួញដូរដោយខុសច្បាប់ ហើយគួរតែត្រូវបានប្រគល់ត្រឡប់មកកម្ពុជាវិញ៕
ប្រភព៖ ស្ថានទូតកម្ពុជា ប្រចាំសហរដ្ឋអាមេរិក