ក្រុមហ៊ុនខ្មែរ ខូល ឆេន ឯ.ក បានវិនិយោគសាងសង់ឃ្លាំងស្ដុកទំនិញត្រជាក់នៅកំពង់ផែស្វយ័តភ្នំពេញ (ចំណតផែកុងតឺន័រ LM ១៧) មានទីតាំងនៅក្នុងបរិវេណកំពង់ផែ ភូមិកណ្ដាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល ដោយបានបញ្ចុះបឋមសិលាសាងសង់ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ហ៊ឺ បាវី ប្រធានអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ លោកជំទាវ Tina Redshaw ឯកអគ្គរាជទូតចក្រភពអង់គ្លេសនៅកម្ពុជា ឯកឧត្តម Pablo Kang ឯកអគ្គរាជទូតអូស្ត្រាលីនៅកម្ពុជា លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូតសិង្ហបុរីនៅកម្ពុជា លោក Willem Phillip Barnaart កុងស៊ុលកិត្តិយសហូឡង់នៅកម្ពុជា លោក Allard Nooy អគ្គនាយកក្រុមហ៊ុន Infraco Asia លោក Markus Burll នាយកការិយាល័យសហប្រតិបត្តិការប្រទេស្វីស និងលោក ហេង សុវត្ថារ៉ា អគ្គនាយកក្រុមហ៊ុន ខ្មែរ ខូល ឆេន ឯ.ក។
ឯកឧត្តម ហ៊ឺ បាវី អគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ បានថ្លែងឲ្យដឹងថា កុងតឺន័រឆ្លងកាត់កំពង់ផែស្វយ័តភ្នំពេញ មានកំណើនឡើងប្រចាំឆ្នាំជាមធ្យមចន្លោះពី ១៥-១៨% ទោះជាកើតវិបត្តិជំងឺកូវីដក្ដី ជាក់ស្ដែងនៅឆ្នាំ២០២២ កន្លងទៅ កំពង់ផែបានទទួលបានបរិមាណកុងតឺន័រចំនួន ២៩០ ៨៥៧ TEUs កើនចំនួន ៣.៤៩% ធៀបនឹងឆ្នាំ២០១៩ ហើយនៅឆ្នាំ២០២១ មានចំនួន ៣៤៨ ៨៩៨ TEUs កើនឡើង ២០% ធៀបនៅឆ្នាំ ២០២០។ ចំណែកនៅឆ្នាំ២០២២ ត្រូវបានព្យាករណ៍ថា នឹងអាចទទួលបានកុងតឺន័រចំនួន ៣៩៤ ៦៧៩ TEUs កើនឡើងចំនួន ១៣% បន្ថែមទៀតលើសឆ្នាំ២០២១។
ចំណែកការវិនិយោគសាងសង់ឃ្លាំងស្ដុកទុកទំនិញត្រជាក់ របស់ក្រុមហ៊ុន ខ្មែរ ខូល ឆេន ឯ.ក ជាកិច្ចសហប្រតិបត្តិការចូលរួមយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាល និងវិស័យឯកជន ដើម្បីអាចជួយជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា តាមរយៈការលើកកម្ពស់ខ្សែសង្វាក់នៃវិស័យភស្ដុភាកម្មក្នុងប្រទេស។ កំណើនចរាចរណ៍ទំនិញ ឆ្លងកាត់នឹងមានសន្ទុះតាមរយៈការផ្ដល់សេវាកម្មស្ដុករក្សាទុកនូវទំនិញត្រជាក់ទាំងសម្រាប់ការនាំចេញ និងការនាំចូល ដូចជា៖ ត្រីសាច់ កសិផល ឱសថ គ្រឿងសំអាង និងទំនិញជាច្រើនប្រភេទទៀត។ គម្រោងខាងលើនេះ នឹងជួយបង្កើតការងារបន្ថែម លើកស្ទួយកម្រិតជីវភាពរស់នៅក្នុងតំបន់ និងផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់វិនិយោគិន ពាណិជ្ជករ អាជីវករ ធុរជន -ល- សម្រាប់សម្រួលដំណើរការនាំចេញ នាំចូលទំនិញរវាងកម្ពុជា និងសកលលោក។
ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន គូសបញ្ជាក់ថា រាជរដ្ឋាភិបាល សហការជាមួយនឹងទីភ្នាក់ងារ JICA និងធនាគារពិភពលោក បានបង្កើតផែនការមេតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ និងភស្ដុភារកម្ម ដើម្បីឲ្យហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធភស្ដុភារកម្មកម្ពុជា មានប្រសិទ្ធភាពក្នុងការកាត់បន្ថយថ្លៃដឹកជញ្ជូន និងបង្កើនការវិនិយោគបន្ថែម។ ផែនការមេភស្ដុភារកម្មនេះ នឹងត្រូវការទឹកប្រាក់វិនិយោគប្រមាណ ៥០ ពាន់លានដុល្លារសម្រាប់រយៈពេល ១០ ឆ្នាំលើគម្រោងវិនិយោគប្រមាណ ៣០០ គម្រោងនៅក្នុងប្រទេស។