អគារសហសម័យចំនួន 9 ដែលសាងសង់ដោយយកលំនាំតាម ប្រាសាទពីរ៉ាមីតរបស់អេហ្ស៊ីប


សំណង់ស្ថាបត្យកម្មបុរាណអច្ឆរិយៈមួយ របស់ពិភពលោក ដែលគេស្គាល់ថាប្រាសាទពីរ៉ាមីតអេហ្ស៊ីប គឺជាសំណង់ស្ថាបត្យកម្មបុរាណ ដែលភាពល្បីល្បាញយ៉ាងខ្លាំង នៅក្នុងប្រវត្តិសាស្ត្រ តាមរយៈរចនាបថ និងបច្ចេកទេសសាងសង់ របស់បេតិកភណ្ឌមួយនេះ។ ម្យ៉ាងវិញទៀត វាមើលទៅហាក់បីដូចជា មិនអាចទៅរួច ដែលថាសំណង់មួយនេះ ត្រូវបានសាងសង់ឡើងដោយមនុស្សជាតិ។

មិនត្រឹមតែប៉ុណ្ណោះ ទោះបីជាបច្ចុប្បន្ននេះមានភាពជឿនលឿន ក្នុងវិស័យសំណង់ក៏ដោយ ក៏នៅមិនទាន់មាន សំណង់ស្ថាបត្យកម្មណាមួយ អាចសាងសង់ល្អឥតខ្ចោះ ឬដូចទាំងស្រុងទៅនឹង ប្រាសាទពីរ៉ាមីតអេហ្ស៊ីបនេះឡើយ។ តែយ៉ាងណាមិញ មានអគារសហសម័យចំនួន 9 ជុំវិញពិភពលោក ដែលត្រូវបានសាងសង់ ដោយយកលំនាំតាម ប្រាសាទពីរ៉ាមីតផងដែរ គ្រាន់តែវាជាស្ថាបត្យកម្មបែបទំនើប នឹងត្រូវប្រើប្រាស់សម្ភារៈសំណង់ សម័យបច្ចុប្បន្នដូចជា គ្រឿងដែក និងស៊ីម៉ង់ ទើបអាចសាងសង់ចេញជា រាងពីរ៉ាមីតដ៏ធំមួយបាន។

ដូច្នេះចង់ដឹងថាសំណង់ អគារសហសម័យទាំងអស់នោះ មានរូបរាង និងរចនាបថអស្ចារ្យប៉ុណ្ណានោះ សូមទស្សនារូបភាពខាងក្រោម៖

1/ អគារ The Louvre រចនាដោយស្ថាបត្យករ IM Pei

អគារ The Lourve ត្រូវបានចាត់ទុកជាអគារ រាងពីរ៉ាមីតសហសម័យដ៏ល្បីល្បាញ និងគួរឱ្យភ្ញាក់ផ្អើលបំផុតមួយផងដែរ ដែលរចនាឡើងដោយស្ថាបត្យករ IMPei និងក្រុមហ៊ុនរបស់គាត់គឺ Pei Cobb Freed & Partners ក្នុងឆ្នាំ 1989 នៅទីក្រុងប៉ារីស ប្រទេសបារាំង ។

2/ អគារ Muttart Conservatory រចនាដោយស្ថាបត្យករ Peter Hemingway

អគារ Muttart ត្រូវបានសាងសង់ឡើងនៅក្នុងឆ្នាំ 1976 ក្រោមស្នាដៃរចនាដោយស្ថាបត្យករ Peter Hemingway។ អគារនេះមានទីតាំងស្ថិតនៅ ជ្រលងទន្លេ Edmonton ក្នុងប្រទេសកាណាដា។

3/ សណ្ឋាគារ និងកាស៊ីណូ Luxor រចនាដោយស្ថាបត្យករ Veldon Simpson

អគាររាងពីរ៉ាមីត Luxor Las Vegas គឺជាកាស៊ីណូ និងសណ្ឋាគារ ដែលត្រូវបានសាងសង់ឡើងក្នុងឆ្នាំ 1993 និងមានទីតាំងនៅរដ្ឋ Las Vegas។

4/ សារមន្ទីរ Nima Sand រចនាដោយស្ថាបត្យករ Shin Takamatsu

សារមន្ទីរ Nima Sand ត្រូវបានសាងសង់ឡើងនៅក្នុងឆ្នាំ 1991 ក្រោមស្នាដៃរចនាដោយស្ថាបត្យករ Shin Makamatsu នៅទីក្រុង Oda ប្រទេសជប៉ុន ។

5/ ស្ថានីយ៍វិទ្យុ Slovak រចនាដោយស្ថាបត្យករ Štefan Svetko Štefan Ďurkovič និង Barnabáš Kissling

ស្ថានីយ៍វិទ្យុស្លូវ៉ាគី នេះត្រូវបានសាងសង់ឡើងក្នុងឆ្នាំ 1983 ដែលជាសំណង់ស្ថាបត្យកម្មមួយ ក្នុងចំណោមស្ថាបត្យកម្មដែលគេ ស្គាល់ច្រើនបំផុតក្នុងទីក្រុង Bratislava ប្រទេសឆេកូស្លូវ៉ាគី ។

6/ ផ្សារទំនើប Sunway Pyramid រចនាដោយក្រុមហ៊ុនស្ថាបត្យកម្ម AJM

ផ្សារទំនើប Sunway Pyramid ត្រូវបានសាងសង់ឡើងនៅក្នុងឆ្នាំ 1997 នៅប្រទេសម៉ាឡេស៊ី ដែលជាផ្សារទំនើប និងកន្លែងកម្សាន្តដំបូងគេ នៅក្នុងប្រទេសម៉ាឡេស៊ីកាលពីពេលនោះ។

7/ អគារ Memphis រចនាដោយ Rosser Fabrap International

អគារ Memphis សាងសង់ឡើងក្នុងឆ្នាំ 1991 នៅរដ្ឋ Tennessee នៃសហរដ្ឋអាមេរិក ដែលវាគឺជាអគារសង្វៀនមាន 20,142 កៅអី និងត្រូវបានគេដាក់ឈ្មោះ តាមទីក្រុង Memphis ក្នុងសម័យអេហ្ស៊ីបបុរាណ ដោយសារការរចនាស្របគ្នា រវាងពីរ៉ាមីតបុរាណ គួបផ្សុំនឹងរចនាបថសហសម័យ។

8/ អគារ VIA 57 West រចនាដោយ Bjarke Ingels Group

អគារ Via 57 West (2016) គឺជាអគារលំនៅដ្ឋានមួយ នៅកណ្តាលទីក្រុង Manhattan ទីក្រុងញូវយ៉ក ។ រចនាដោយក្រុមហ៊ុនស្ថាបត្យកម្មដាណឺម៉ាក Bjarke Ingels Group។

9/ អគារ The Palace of Peace & Reconciliation រចនាដោយ Norman Foster

អគារ The Palace of Peace & Reconciliation សាងសង់ឡើងក្នុងឆ្នាំ 2006 និងត្រូវបានគេស្គាល់ផងដែរថាជាអគារ ពីរ៉ាមីតនៃសន្តិភាព និងកិច្ចព្រមព្រៀង ដែលមានទីតាំងនៅទីក្រុង Astana ប្រទេសកាហ្សាក់ស្ថាន ។