ក្រុមហ៊ុន ប៉េង ហួត គ្រុប ដឹកនាំព្រឹត្តិការណ៍បរិច្ចាគឈាម ដើម្បីឆ្លើយតបនឹងស្ថានភាព អ្នកជម្ងឺដែលកំពុងត្រូវការឈាម និងចូលរួមលើកកម្ពស់វិស័យសុខាភិបាល


ភ្នំពេញ៖ ការបរិច្ចាគឈាមជារៀងរាល់ថ្ងៃ ជួយសង្គ្រោះជីវិតរបស់មនុស្សជាច្រើន នៅទូទាំងពិភពលោក ខណៈការបរិច្ចាគឈាមល្អ សម្រាប់សុខភាពរបស់អ្នក បរិច្ចាគដូចជា៖ កាត់បន្ថយជំងឺមហារីកនានា កាត់បន្ថយភាពតានតឹងក្នុងចិត្ត និងកូលេស្តេរ៉ុល កាត់បន្ថយការដាច់ សរសៃឈាមខួរក្បាលជាដើម។ ជាពិសេស គឺជួយដល់អ្នកជំងឺដែលត្រូវការ ឈាមជាបន្ទាន់ផងដែរ។

វាជាការសំខាន់ណាស់ ដែលការបរិច្ចាគឈាម ត្រូវធ្វើឡើងតែនៅក្នុងមន្ទីរពេទ្យ ឬ គ្លីនិក ឬធនាគារឈាម និងមានវត្តមាន របស់អ្នកជំនាញវេជ្ជសាស្ត្រ ស្របពេលដែល អ្នកបរិច្ចាគឈាមត្រូវធានាថា ពួកគេមានសុខភាពល្អ ដើម្បីជៀសវាង បញ្ហាសុខភាពណាមួយ ដល់អ្នកដែលត្រូវការឈាមនោះ។

ការបរិច្ចាគឈាមមិនត្រឹមជួយ ដល់អ្នកជំងឺដែលត្រូវការ ឈាមប៉ុណ្ណោះទេ បន្តែក៏បង្ហាញពីទឹកចិត្តករុណា របស់បងប្អូនស្ម័គ្រចិត្តផ្ដល់ឈាម ដែលនេះគឺជាកិច្ចការសង្គមមួយ ដែលមនុស្សគ្រប់គ្នា អាចចូលរួមបាន។ ម្យ៉ាងវិញទៀតក៏បង្ហាញពីស្មារតីសាមគ្គី និងវប្បធម៌ចែករំលែក ជួយគ្នាក្នុងគ្រាលំបាកផងដែរ។

ដោយមានអ្នកជំងឺជាច្រើននាក់ កំពុងមានតម្រូវការឈាម ដែលក្នុងមួយនាទី ត្រូវការឈាមពីចន្លោះពី ៥ប្លោក ឡើងនោះ និងជាការឆ្លើយតបទៅនឹង ការអំពាវនាវរបស់ មជ្ឈមណ្ឌលជាតិផ្តល់ឈាម និងចូលរួមលើកកម្ពស់ វិស័យសុខាភិបាល នាព្រឹកថ្ងៃទី ០២ ខែកក្កដា ឆ្នាំ២០២២ ក្រុមហ៊ុន ប៉េង ហួត គ្រុប បានសហការជាមួយ មជ្ឈមណ្ឌលជាតិផ្តល់ឈាម និងសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា សាខាច្បារអំពៅ (JCI) ដើម្បីរៀបចំព្រឹត្តិការណ៍ បរិច្ចាគឈាមសង្គ្រោះជីវិត ក្នុងអគារសាលសន្និបាត ឬសាលប្រារព្ធ ពិធីមង្គលការលំដាប់ផ្កាយប្រាំ ភីអេច ហ្រ្គេនហល ស្ថិតក្នុងបុរី ប៉េង ហួត ហ្រ្គេនស្តាផ្លាទីនីម (បឹងស្នោ) ក្នុងគោលបំណងដើម្បី ប្រមូលឈាមបម្រុងទុកជូន ដល់មជ្ឈមណ្ឌលជាតិ ផ្ដល់ឈាមនៃក្រសួងសុខាភិបាល ដើម្បីយកទៅប្រើប្រាស់ ទៅតាមតម្រូវការជាក់ស្ដែង ជាពិសេសដើម្បីឆ្លើយតប ទៅនឹងតម្រូវការឈាមរបស់អ្នកជំងឺ ដែលកំពុងសង្រ្គោះបន្ទាន់ នៅតាមមន្ទីរពេទ្យនានា។

លោក អ៊ុក វីឡា នាយកធនធានមនុស្ស និងជាតំណាងក្រុមហ៊ុន ប៉េង ហួត គ្រុប បានលើកឡើងថា៖ «សូមថ្លែងអំណរគុណ និងកោតសរសើរ យ៉ាងក្រៃលែងនូវទឹកចិត្ត និងស្មារតីចូលរួម កិច្ចការមនុស្សធម៌របស់បងប្អូន ក្នុងព្រឹត្តិការណ៍បរិច្ចាគឈាមនេះ។ ពិតណាស់ការបរិច្ចាគឈាម របស់បងប្អូនក្នុងថ្ងៃនេះ គឺជាការជួយសង្រ្គោះជីវិត អ្នកជំងឺម្នាក់ ដែលកំពុងសង្រ្គោះបន្ទាន់ ក្នុងមន្ទីរពេទ្យ ឱ្យរស់រានមានជីវិតបន្តទៀត ស្របពេលដែលតាម មន្ទីរពេទ្យត្រូវការប្រើប្រាស់ឈាមផ្ដល់ ឱ្យអ្នកជំងឺពីចន្លោះ ២៥០ ទៅ ៣០០ប្លោក ក្នុងមួយថ្ងៃ។ ផ្អែកតាមការសិក្សាស្រាវជ្រាវ តម្រូវការឈាមក្នុងមួយឆ្នាំៗ គឺមានការខ្វះខាតច្រើន ប្រមាណជាង ២៧% ដែលនេះជាតួរលេខមួយ ដែលបង្ហាញពីក្ដីព្រួយបារម្ភមួយ នៃការខ្វះខាតឈាមជាច្រើន ដើម្បីឆ្លើយតប ទៅការផ្ដល់ឈាមជូន អ្នកជំងឺដែលមានតម្រូវការឈាម។»

លោកបានបន្តទៀតថា «ទន្ទឹមនេះផងដែរ យើងខ្ញុំជាថ្នាក់ដឹកនាំ ថ្នាក់គ្រប់គ្រង និងបុគ្គលិកទាំងអស់ សូមសម្ដែងនូវអំណរគុណ និងកោតសរសើរដល់ ទឹកចិត្តសប្បុរសធម៌ របស់ថ្នាក់ដឹកនាំក្រុមហ៊ុន ដែលគិតគូរ និងដឹកនាំបុគ្គលិក និងបងប្អូនឱ្យចូលរួមចំណែក ក្នុងការងារមនុស្សធម៌ដ៏ថ្លៃថ្លាមួយនេះ។  ជាចុងក្រោយនេះ យើងខ្ញុំសង្ឃឹម និងជឿជាក់លើស្មារតី ចូលរួមរបស់បងប្អូន សម្រាប់ការងារមនុស្សធម៌ ក្នុងការផ្ដល់ឈាម នាឱកាសក្រោយៗទៀត ជាមួយគ្នា ដើម្បីបន្តជួយសង្រ្គោះជីវិត អ្នកជំងឺជាច្រើនទៀត។» 

ជាមួយគ្នានេះដែរ លោក លីសុវិទ្យ អនុប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាម ក៏បានបញ្ជាក់ផងដែរថា៖ « ក្នុងនាមមជ្ឈមណ្ឌលជាតិ ផ្ដល់ឈាមនៃក្រសួងសុខាភិបាល សូមថ្លែងអំណរគុណ ចំពោះទឹកចិត្តសប្បុរសជនទាំងអស់គ្នា ដែលបានធ្វើអំណោយទាន សម្រាប់ជីវិត និងបានធ្វើសកម្មភាពគ្រប់បែបយ៉ាង ដើម្បីលើកកម្ពស់ ការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត និងមិនគិតកម្រៃ រួមចំណែកជួយសង្រ្គោះ ជីវិតជនរងគ្រោះដោយក្ដីសប្បុរស។ ពិតណាស់ថា យុទ្ធនាការបរិច្ចាគឈាមក្រោមប្រធានបទ “ផ្ដល់ឈាម ផ្ដល់ក្តីស្រលាញ់” នាថ្ងៃនេះ គឺជាប្រធានបទ ដ៏មានអត្ថន័យ សម្រាប់យើងទាំងអស់គ្នា និងមានគោលបំណងសំខាន់ ២គឺ៖

ទី១៖ បង្កើត ទម្លាប់ និងវប្បធម៌នៃ ការបរិច្ចាគឈាមដោយ ស្ម័គ្រចិត្ត និងជម្រុញលើកកម្ពស់ឱ្យយុវជន ប្រជាជនទូទៅ ចូលរួមធ្វើសកម្មភាព ជាមួយសេវាកម្មជាតិផ្ដល់ឈាម នៅទូទាំងប្រទេស ដើម្បីធានាឱ្យមាន ការផ្គត់ផ្គង់ឈាមគ្រប់គ្រាន់ សម្រាប់អ្នកជំងឺដែលកំពុង ត្រូវការឈាមនៅ គ្រប់មន្ទីរពេទ្យទាំងអស់ ដោយគ្មានការរើសអើង មិនប្រកាន់ជាតិសាសន៍ ឬសាសនា ។

ទី២៖ ផ្សារភ្ជាប់សកម្មភាព នៃការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ទៅនឹងសកម្មភាពមនុស្សធម៌ ដ៏ល្អប្រពៃក្នុងសង្គម។

លោបានសង្កត់ធ្ងន់ថា៖ « ជាការឆ្លើយតបទៅនឹង សំនួរមហាជនជាច្រើន ទាក់ទងនឹង ការបរិច្ចាគឈាមនេះ តើមានផលប៉ះពាល់ដល់ សុខភាពដែរឬទេ? ខ្ញុំបាទសូមបញ្ជាក់ថា ការបរិច្ចាគឈាមនេះ គឺមិនមានការប៉ះពាល់ ដល់សុខភាពនោះទេ ហើយឈាមមាន ប្រភពតែមួយគត់ គឺពីមនុស្ស រហូតមកដល់ពេលនេះ មិនទាន់មានរោងចក្រណា ផលិតឈាមបានទេ។ សូមកុំរង់ចាំដល់វេលាមួយ នៅពេលដែលយើងចង់ធ្វើ អំណោយឈាមបែរជាហួសពេល។

ទន្ទឹមគ្នានោះផងដែរ លោកបានជម្រាបជូន ពីស្ថានភាពតម្រូវការឈាម ក្នុងឆ្នាំ២០២១ កន្លងមក នៅរៀងរាល់ ៦នាទីម្តង យើងត្រូវការឈាមមួយប្លោក ដើម្បីជួយសង្រ្គោះជីវិតអ្នកជំងឺ។ តម្រូវការឈាមប្រចាំថ្ងៃ សរុបប្រមាណជាង ២០០ប្លោក នៅរាជធានីភ្នំពេញ។ តម្រូវការទូទាំងប្រទេស មានប្រមាណជិត ១០ម៉ឺនប្លោក/១ឆ្នាំ ដែលលើសពីឆ្នាំមុនៗជាង ២០% ហើយមជ្ឈមណ្ឌលជាតិ ផ្ដល់ឈាមបាន គ្របដណ្ដប់ជាង ៧០% នៃការផ្គត់ផ្គង់ឈាមទូទាំងប្រទេស។ ចំណែកការទទួលឈាមតាម រយៈសប្បុរសជនដោយមិនគិតកម្រៃ និងដោយស្ម័គ្រចិត្ត ឆ្លើយតបបានប្រហែលជាង ១០% នៃតម្រូវការក្នុង ប្រទេសយើងតែប៉ុណ្ណោះ ខណៈដែលប្រទេសជិតខាង ការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត អាចផ្គត់ផ្គង់រហូតដល់លើសពី ៩០% នៃតម្រូវការនេះ បើយោងតាមទិន្នន័យរបស់ អង្គការសុខភាពពិភពលោក។

ជាចុងក្រោយ លោកបានអំពាវនាវ ដល់សប្បុរសជនទាំងឡាយ សូមចូលរួមជាមួយ មជ្ឈមណ្ឌលជាតិ ផ្ដល់ឈាមក្នុងការផ្គត់ផ្គង់ និងបរិច្ចាគឈាមដោយមិនគិតកម្រៃ និងស្ម័គ្រចិត្តឱ្យបានកាន់តែច្រើន បន្ថែមទៀត ដើម្បីជួយដល់អ្នកជំងឺ និងជនរងគ្រោះ ដែលត្រូវការឈាម នៅគ្រប់មន្ទីរពេទ្យទាំងអស់ ដោយគ្មានការរើសអើង មិនប្រកាន់ជាតិសាសន៍ ឬសាសនា។ »

សូមបញ្ជាក់ផងដែរ៖ ព្រឹត្តិការណ៍បរិច្ចាគឈាមក្នុងថ្ងៃនេះ គឺទទួលបានចំនួនសរុបប្រមាណជាង ១០៥ប្លោក ដែលនេះគឺជាលទ្ធផលថ្មីជាបន្តបន្ទាប់ទៀត នៃការងារទំនួលខុសត្រូវសង្គម របស់ក្រុមហ៊ុន ប៉េង ហួត គ្រុប។

កន្លងមក ក្រុមហ៊ុន ប៉េង ហួត គ្រុប បានចូលរួមក្នុង ការងារមនុសប្បុរសធម៌ ជាច្រើនរួមមាន៖ ការងារបរិស្ថាន អប់រំ សង្គម វប្បធម៌ សុខុមាលភាព ក្នុងនោះមានជាការចូលរួមបរិច្ចាគថវិកា ជារៀងរាល់ឆ្នាំដល់មន្ទីរពេទ្យគន្ធបុប្ផា មន្ទីរពេទ្យកុមារអង្គរ បរិច្ចាគថវិកាទិញវ៉ាក់សាំង និងផ្ដល់ជាទីតាំងចាក់វ៉ាក់ សាំងការពារជំងឺកូវីដ-១៩ បរិច្ចាគថវិកាសាងសង់មន្ទីរពេទ្យ កាល់ម៉ែត ចូលរួមក្នុងយុទ្ធនាការបរិច្ចាគឈាមជាដើម៕