៣ឆ្នាំខាងមុខ កម្ពុជា អាចនឹងត្រូវចំនាយ ៩,២២ ពាន់លានដុល្លារ ដើម្បីវិនិយោគលើ វិស័យសាធារណៈ


ភ្នំពេញ៖ ការអភិវឌ្ឍន៍ប្រទេសកម្ពុជា នៅតែបន្តទៅមុខ ពិសេសក្រោយវិបត្តិនៃជំងឺកូវីដ-១៩ ដែលបានធ្វើឱ្យខូចខាតវិស័យជាច្រើន នៅកម្ពុជា។ ការបន្តវិនិយោគនេះ បើយោងតាមការអនុម័ត របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងរយៈពេល ៣ឆ្នាំ ទៀតនឹងត្រូវចំនាយថវិកា ដល់ទៅ ៩,២២ ពាន់លានដុល្លារ។

យោងតាមអ្នកនាំពាក្យរបស់ រដ្ឋាភិបាលកម្ពុជា លោក ផាយ ស៊ីផាន បានឱ្យដឹងដូច្នេះថា រាជរដ្ឋាភិបាលកម្ពុជា ស្ថិតក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ក្រោមការចូលរួមពីជាអធិបតី វត្តមាន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុម័តថវិកា សម្រាប់យកទៅវិនិយោគ ចំនួន ៩,២២ ពាន់លានដុល្លារជាផ្លូកការ។ ថវិកាដ៏ច្រើននេះ ត្រូវបានឱ្យដឹងថា នឹងយកមកវិនិយោគ ស្ថិតក្នុងរយៈពេលកំណត់ ៣ ឆ្នាំ ចាប់ពីឆ្នាំ ២០២៣ ដល់ឆ្នាំ២០២៥ ខាងមុខ។

ប្រភពដដែលបានបញ្ជាក់ឱ្យដងថា កម្មវិធីវិនិយោគសាធារណៈនេះ មានគម្រោងចំនួន ១៨៩ កំពុងដំណើរការ និងកំពុងប្រើប្រាស់ថវិកា ប្រមាណ ៥,១១ ពាន់លានដុល្លារ។ ក្នុងនោះផងដែរ គម្រោងចំនួន ៤៧៤ ជាគម្រោងថ្មីៗផ្សេងទៀត ដែលប្រើប្រាស់ថវិកាសរុបប្រមាណ ៤.,១១ ពាន់លានដុល្លារ ដែលគម្រោងទាំងនេះ ដើរតួយ៉ាងសំខាន់ ក្នុងការទ្រទ្រង់ និងជួយទៅដល់សេដ្ឋកិច្ចសង្គម ជាតម្រូវការចាំបាច់ក្នុងការ ស្ដារឡើងវិញឱ្យប្រសើរ ក្រោយពីវិបត្តិជំងឺកូវីដ-១៩។

គួរបញ្ជាក់ផងដែរថា ស្ថិតក្នុងទំហំថវិកាខាងលើនេះមាន ១៣,៤% នឹងប្រើប្រាស់សម្រាប់ គម្រោងសង្គម មាន ៤៣,៦% ផ្សេងទៀត ប្រើប្រាស់សម្រាប់ គម្រោងសេដ្ឋកិច្ចផ្ទៃក្នុង ខណ ៣៧,៤% ប្រើប្រាស់សម្រាប់ការរៀបចំ ហេដ្ឋារចនាសម្ព័ន្ធ លើផ្ទៃប្រទេស និងមាន ៥,៦% ប្រើប្រាស់សម្រាប់សេវាកម្ម និងគម្រោងអន្តរវិស័យផ្សេងៗទៀត៕