ហាណូយ៖ ទីក្រុងស្ថិតនៅភាគខាងជើង ប្រទេសវៀតណាម ដែលជាទីប្រជុំជនប្រមូលផ្ដុំ ដោយពលរដ្ឋវៀតណាមប្រមាណជា ៥ លាននាក់ នឹងត្រូវប្រឈមមុខ នឹងការថមថយ នៃភាពរីកចម្រើន នាឆ្នាំ២០២៣ ខាងមុខនេះ ដោយសារតែបញ្ហាសកលលោក។
យោងតាមប្រភពព័ត៌មាន ក្នុងស្រុករបស់វៀតណាម ចេញផ្សាយកាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅនេះបានឱ្យដឹងថា ការអភិវឌ្ឍ និងភាពរីកចម្រើន របស់ទីក្រុងហាណូយ រដ្ឋធានាភាគខាងជើង របស់វៀតណាម នឹងត្រូវប្រឈមមុខ ជាមួយបញ្ហាជាច្រើន ដែលជាហេតុធ្វើឱ្យ ការរីកចម្រើនរបស់ទីក្រុង មានការថមថយ ចន្លោះពី ៧,៥% ដល់ ៨% នាឆ្នាំ២០២៣ ខាងមុខ។
តាមការបញ្ជាក់របស់ លោក Nugyen Van Nen លេខាគណៈកម្មាធិការបក្សក្រុងហាណូយ បានបញ្ជាក់ឱ្យដឹងដូច្នេះថា តាមការព្យាករណ៍ ឆ្នាំក្រោយនេះទីក្រុងហាណូយ នឹងប្រឈមមុខនឹង ការថមថយភាពរីកចម្រើន ដោយសារតែ ស្ថានភាពពិភពលោក។ លោកបញ្ជាក់ថា ភាពរីកចម្រើនរបស់សកលលោក នាឆ្នាំក្រោយមានការយឺតយ៉ាវពី ៦% កាលពីឆ្នាំ ២០២១ និងនៅសល់ ៣,២% វិញក្នុងឆ្នាំ២០២២ ហើយបន្តធ្លាក់ចុះទៅ ២,៧% នាឆ្នាំ២០២៣។ ហេតុផលនេះ នឹងធ្វើឱ្យការរីកចម្រើន របស់ទីក្រុងមាន ល្បឿនថយចុះដូចគ្នា។
ការថមថយនៃការអភិវឌ្ឍន៍ និងភាពរីកចម្រើនរបស់ទីក្រុងនេះ រដ្ឋាភិបាលក្រុងហាណូយ មានរៀបចំគោលនយោបាយសំខាន់ៗ ដើម្បីឆ្លើយតបទៅនឹង បញ្ហាជាច្រើនរួចហើយ តាមរយៈការផ្ដោតសំខាន់ ទៅលើការរក្សាស្ថេរភាពសេដ្ឋកិច្ចផ្ទៃក្នុង, ការរក្សាអត្រាអតិផរណា និងបង្កើនល្បឿននៃ ការចំនាយសាធារណៈ ដែលបច្ចុប្បន្នកំពុង មានភាពយឺតយ៉ាង ជាហេតុធ្វើឱ្យគម្រោងជាច្រើន មានភាពយឺតយ៉ាវ។ ជាក់ស្ដែង គិតត្រឹមថ្ងៃទី២៥ ខែវិច្ឆិកា កន្លងទៅ ការចំនាយលើ គម្រោងសាធារណៈក្នុងទីក្រុង មានតែ ៣៤% ប៉ុណ្ណោះ ដោយពេញមួយឆ្នាំ គោលដៅមានដល់ទៅ ៧៧% ឯណោះ។
ទោះបីជាយ៉ាងណាក៏ដោយ នេះគ្រាន់តែជាការព្យាករណ៍ ទុកមុនតែប៉ុណ្ណោះ ដោយទីក្រុងភាគខាងជើង វៀតណាមមួយនេះ ត្រូវពឹងផ្អែកទៅលើ ស្ថេរភាពរបស់ សកលលោកផងដែរ ម្យ៉ាងត្រូវរក្សាឱ្យបាន នូវការអភិវឌ្ឍន៍ក្នុងទីក្រុង ចរន្តហិរញ្ញវត្ថុ ក៏ដូចការបង្កើតល្បឿន នៃការអភិវឌ្ឍន៍សាធារណៈ និងជួយទៅដល់ វិស័យធុរកិច្ចជំនួយ នឹងជួយឱ្យស្ថេរភាព ទីក្រុងហាណូយ អាចបន្តការអភិវឌ្ឍន៍ ទៅមុខបន្ថែមទៀតបាន។ គួរបញ្ជាក់ថា បើទោះបីជាការអភិវឌ្ឍ របស់ទីក្រុងថមថយក៏ដោយ តែការវិនិយោគរបស់ វិនិយោគិនអន្តរជាតិ នៅវៀតណាម ពុំមានការថមថយឡើយ គឺមានតែកើនឡើង កាន់តែប្រសើរជាងឆ្នាំទៅមិញ៕