អាស៊ីអាគ្នេយ៍ ជាបណ្ដុំនៃប្រទេសស្ថិត នៅតំបន់ត្រូពិក ដែលយើងពុំសូវរំពឹងថា នឹងមានព្រិលធ្លាក់ ដូចជាប្រទេសនៅអឌ្ឍគោលខាងជើង និងខាងត្បូងឡើយ។ យ៉ាងណាមិញ តំបន់ព្រិលធ្លាក់ មិនអាស្រ័យទៅលើប្រទេសស្ថិតនៅក្បែរតំបន់ប៉ូល ទាំងស្រុងឡើយ ប៉ុន្តែក៏អាស្រ័យទៅលើ រយៈកម្ពស់នៃសណ្ឋានដី ផងដែរ ដូចជាតំបន់ជួរភ្នំហិម៉ាល័យ ជាដើម។ ខាងក្រោមនេះ ជាប្រទេសចំនួន ៤ នៅអាស៊ីអាគ្នេយ៍ ដែលមានព្រិលធ្លាក់ក្នុងរដូវរងានេះ។
១. ប្រទេសវៀតណាម
វៀតណាម ជាប្រទេសនៅក្បែរយើងបំផុត ដែលមានព្រិលធ្លាក់ ប៉ុន្តែមានតែនៅតំបន់ភ្នំ ភាគខាងជើងប្រទេសប៉ុណ្ណោះ ដូចជាតំបន់ភ្នំ Sapa, Tam Dao និង Hoang Lien Son ទាំងនោះគឺជាតំបន់ទេសចរណ៍ដ៏ល្បីល្បាញបំផុតមួយ នៅប្រទេសវៀតណាម និងអាចមានព្រិលធ្លាក់ ចាប់ពីខែធ្នូ ទៅដល់ខែកុម្ភៈ ហើយក៏ជាពេលដែល ភ្ញៀវទេសចរ មកកម្សាន្ដច្រើនផងដែរ។
២. ប្រទេសម៉ាឡេស៊ី
នៅចុងខាងកើតប្រទេសម៉ាឡេស៊ី នៃកោះ Borneo មានភ្នំមួយឈ្មោះថា Mount Kinabalu ជាភ្នំដ៏ខ្ពស់បំផុតមួយនៅអាស៊ីអាគ្នេយ៍ ស្ថិតនៅកម្ពស់ខ្ពស់បំផុត ៤ ០៩៥ ម៉ែត្រ ជាតំបន់ដែលមានអាកាសធាតុត្រជាក់ និងខ្យល់ត្រជាក់ខ្លាំង ហើយសីតុណ្ហភាព អាចធ្លាក់ចុះដល់ -២ អង្សាសេ។ បាតុភូតនេះ អាចបង្កើតអោយតំបន់កំពូលភ្នំនោះ ធ្លាក់ព្រិលស្ទើរៀងរាល់ឆ្នាំ ជាក់ស្ដែងព្រិល ដែលធ្លាក់ចុះក្រោយនៅភ្នំនេះ គឺកើតឡើងកាលពីខែកុម្ភៈ ឆ្នាំ២០២២។
៣. ប្រទេសមីយ៉ាន់ម៉ា
ភាគខាងជើងនៃប្រទេសមីយ៉ាន់ម៉ា ជាតំបន់ខ្ពង់រាបខ្ពស់ និងជ្រលងភ្នំ ជាប់នឹងខ្ពង់រាបទីបេ ប្រទេសចិន ហើយក៏ជាផ្ទះនៃភ្នំខ្ពស់ជាងគេបំផុត នៅអាស៊ីអាគ្នេយ៍ផងដែរ គឺភ្នំ Hkakabo Razi ដែលមានកម្ពស់ ៥ ៨៨១ ម៉ែត្រ ស្ថិតនៅតំបន់ភ្នំ Putao ភាគខាងជើងប្រទេស។ តំបន់ភ្នំនេះ មានព្រិលធ្លាក់ជារៀងរាល់ឆ្នាំ នៅពេលទទួល របបខ្យល់មូសុងពីខ្ពង់រាបទីបេ យ៉ាងណាមិញប្រទេសភូមា មិនសូវមានការអភិវឌ្ឍ វិស័យទេសចរណ៍នោះទេ ដែលភ្ញៀវទេសចរ អាចមានការលំបាក សម្រាប់ដំណើរកម្សាន្ដ។
៤. ប្រទេសឥណ្ឌូនេស៊ី
តំបន់ភ្នំ Puncak Jaya ជាភ្នំខ្ពស់ជាងគេបំផុត នៅឥណ្ឌូនេស៊ី ស្ថិតនៅកោះ New Guinea នៃសមុទ្រអូសេអានី ដែលមានកម្ពស់ ៤ ៨៨៤ ម៉ែត្រ ពីនេវ៉ូទឹកសមុទ្រ។ ដោយសារតែប្រទេសឥណ្ឌូនេស៊ី ជាទីប្រជុំកោះ និងនៅតំបន់ត្រូពិក ដូចនេះតំបន់ភ្នំនោះ មានភ្លៀងធ្លាក់ប្រហែល ៣០០ ថ្ងៃក្នុងមួយឆ្នាំ គិតជាមធ្យម ហើយនៅរដូវរងារ ទឹកភ្លៀងដែលនៅលើ កំពូលភ្នំនឹងប៉ះជាមួយ ខ្យល់ត្រជាក់បង្កើតបាន ទៅជាព្រិលធ្លាក់នៅលើកំពូលភ្នំ។ យ៉ាងណាមិញ ដោយសារតែការឡើង កម្ដៅផែនដី បន្ដិចម្ដងៗព្រិល និងផ្ទាំងទឹកកកនៅលើកំពូលភ្នំនោះ កំពុងត្រូវបានបាត់បង់។ អ្នកវិទ្យាសាស្ត្រព្យាករណ៍ថា នៅឆ្នាំ២០២៦ កំពូលភ្នំ Puncak Jaya នឹងបាត់បង់ផ្ទាំងទឹកកកទាំងស្រុង ដោយសារបម្រែបម្រួល អាកាសធាតុ។