ចិន អនុម័តបង្កើតវារីអគ្គិសនី ដ៏ធំមួយទៀត មានតម្លៃប្រមាណ ២,៤៦ ពាន់លានដុល្លារ


ប៉េកាំង៖ ដើម្បីបំពេញទៅដល់ សេចក្ដីត្រូវការក្នុងស្រុកបន្ថែម រដ្ឋាភិបាលចិន បានអនុម័ត ឱ្យបង្កើតវារីអគ្គិសនីថ្មីមួយទៀត ជាមួយនឹងអានុភាព អាចផលិតថាមពល បានកាន់តែច្រើន សម្រាប់ផ្គត់ផ្គង់ថាមពលបៃតង ទៅកាន់ប្រជាពលរដ្ឋនៅក្នុងស្រុក។

រដ្ឋាភិបាលចិន ដែលមានគណៈកម្មការកំណែទម្រង់ និងអភិវឌ្ឍន៍ជាតិ របស់ប្រទេសចិន នៅខេត្ត Qinghai ជាសេនាធិការ បានសម្រេចជាផ្លូវការ ក្នុងការក៏សាងវារីអគ្គិសនី ខ្នាតយក្សមួយទៀត ដើម្បីឆ្លើយតបទៅដល់ តម្រូវការប្រើប្រាស់ថាមពលក្នុងស្រុក នាពេលអនាគត ដែលមានតម្លៃសរុបជាង ១៧ ពាន់លានយេន ឬស្មើនឹងជាង ២,៤៦ ពាន់លានដុល្លារអាមេរិក។

វារីអគ្គិសនីថ្មីនេះ គឺជាផែនការថ្មី នៃការរៀបចំ ផែនការជាតិឆ្ពោះទៅឆ្នាំ២០៣០ ក្នុងការបំពេញ ទៅដល់កង្វះខាត នៃសេវាកម្មថាមពលប្រចាំថ្ងៃ របស់ប្រជាជនក្នុងស្រុក។ វារីអគ្គិសនីដ៏ធំ ដែលនឹងចាប់កំណើត ប៉ុន្មានឆ្នាំខាងមុខនេះ នឹងធ្វើការស្តុកទុកទឹក ដែលបូមចេញពី អាងស្តុកទឹកខាងក្រោម ទៅអាងស្តុកទឹកខាងលើ ដើម្បីឱ្យចរន្តទឹកហូរធ្លាក់ចុះ មកក្រោមវិញ ក្នុងគោលដៅផលិត ថាមពលអគ្គិសនីបៃតង ដែលពុំបំភាយឧស្ម័នពុល ចូលទៅក្នុងបរិយាកាស។

វារីអគ្គិសនីនេះ នឹងបំពាក់មកជាមួយ ម៉ូទ័រផលិតថាមពលចំនួន ៤ ម៉ាស៊ីន ដោយក្នុង១ម៉ាស៊ីន អាចផលិតថាមពលបាន ៣០០ ០០០ គីឡូវ៉ាត់ ស្ថិតនៅតាមដងទន្លេ Yalong River ដែលនៅសងខាង មានជួរភ្នំជាច្រើន ជាមួយនឹងលទ្ធភាពអាច ស្តុកទឹកបានច្រើន ហើយក៏អំណោយផល សម្រាប់ការបង្ហូរទឹកចុះក្រោមផងដែរ។ ជាមួយនឹងការសាងសង់ វារីអគ្គិសនីនេះដែរ ចិនព្យាករណ៍ថា គម្រោងនេះនឹងអាច ផលិតថាមពលបៃតងបានដល់ទៅ ៤,២ លានគីឡូវ៉ាត់ ក្នុងមួយឆ្នាំ។

គួរបញ្ជាក់ថា វារីអគ្គិសនីមួយនេះ អាចនឹងបញ្ចប់ការសាងសង់ ហើយបើកឱ្យដំណើរការ ជាផ្លូវការនាឆ្នាំ ២០២៨ ខាងមុខ ប្រសិនបើពុំមានស្ថានការណ៍ ប្រែប្រួលណាមួយកើតឡើង ហើយវានឹងក្លាយ ទៅជាវារីអគ្គិសនី ដែលមានរយៈកម្ពស់ ខ្ពស់ជាងគេបំផុតរបស់ចិន នាថ្ងៃអនាគតផងដែរ៕