ស្រូវនាងអំ ជាពូជបុរាណដែលទំនង កើតពីមួរដែលដុះក្រោយពី ប្រមូលផលស្រូវចម្ការរួច បានប្រមូលទុកពូជដោយ លោកយាយម្នាក់ឈ្មោះ អំ នៅកំឡុងទសវត្សរ៍ទី៨០ ក្នុងខេត្តក្រចេះ។ អង្ករនាងអំ មានក្លិនក្រអូបប្រហើរ និងមានរសជាតិឆ្ងាញ់ក្រអួន ហើយមានទម្ងន់ធ្ងន់ជាងអង្ករនានា (បើយោងតាម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ២០១៨)។
បើយោងតាមប្រសាសន៍ លោកស្រី ឈឺន សុភាសី ម្ចាស់ហាងអង្ករស្រីមុំ៩៩ (Srey Mom99) ដែលកំពុងដាំដុះផ្ទាល់ លើផ្ទៃដីជាង ២០០ហិកតា បានឱ្យដឹងថា ពូជស្រូវនេះអាចធ្វើបានតែម្តងគត់ ក្នុងមួយឆ្នាំ នៅរដូវវស្សា ហើយប្រមូលផល នៅចន្លោះពាក់កណ្តាលខែវិច្ឆិកា។
បន្ទាប់ពីបានផ្សព្វផ្សាយ និងចែកចាយពូជនាងអំ អំឡុង១០ឆ្នាំ ក្រោយពីបានរកឃើញពូជនេះ ស្រូវនាងអំត្រូវបានដាំដុះ ដោយកសិករក្នុងខេត្ត និងបានចែកចាយទៅខេត្តដទៃទៀត។ ស្រូវនាងអំនេះ ក៏ត្រូវបានយកចិត្តទុកដាក់ ដោយរដ្ឋាភិបាលផងដែរ និងនាំយកទៅពិសោធន៍ និងបន្សុទ្ធពូជដោយ ស្ថានីយ៍ពិសោធន៍ កសិកម្មព្រៃផ្តៅ នៃអគ្គនាយកដ្ឋានកសិកម្មនៅឆ្នាំ២០១៩ (របាយការណ៍សកម្មភាព អនុវត្តការងារប្រចាំឆមាសទី១ ឆ្នាំ២០១៩)។
លើសពីនេះ ពូជស្រូវនាំងអំ ត្រូវបានណែនាំឱ្យដាំដុះដោយ លោកឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា និងជាអ្នកជំនួញ ស្រូវអង្ករល្បីឈ្មោះម្នាក់នៅកម្ពុជា ថាជាពូជស្រូវប្រណិត កំពុងមានទីផ្សារល្អ ងាយស្រួលថែទាំ និងទទួលបានទិន្នផលខ្ពស់។
គូសសម្គាល់ដែរថា បច្ចុប្បន្នស្រូវនាងអំ ត្រូវបានធ្វើការដាំដុះច្រើន នៅក្នុងខេត្តព្រះវិហារ កសិករបានធ្វើកសិកម្ម តាមកិច្ចសន្យា ដោយផលិតស្រូវសរីរាង្គស្រូវស (ស្រូវនាងអំ និងនាងអុក) ផ្គត់ផ្គង់ទៅឱ្យក្រុមហ៊ុនចំនួន ០៣ គឺក្រុមហ៊ុន អេម រុរ៉ាយិ៍ (AMRU RICE) ក្រុមហ៊ុនស៊ិកនេឈ័រអហ្វអេស៊ា (SIGNATURE OF ASIA) និងក្រុមហ៊ុនហ្គោលឌិនរ៉ាយ (GOLDEN RICE) សរុបចំនួន ៦ ៧៥៣ ១៩០គីឡូក្រាម ក្នុងតម្លៃស្រូវសើមចន្លោះពី ៩៦០រៀល ទៅ ១ ១០០រៀល ក្នុងមួយគីឡូក្រាម (CEN, 2021)។