ជំនួយថវិការបស់ជប៉ុនប្រមាណ ១៦៧ លានដុល្លារ គ្រោងនឹងផ្តល់ជូនកម្ពុជា សម្រាប់ប្រើក្នុងការកែលម្អ ផ្លូវជនបទប្រវែង ៥០០ គីឡូម៉ែត្រ គ្របដណ្តប់លើខេត្តចំនួន ៤!


បើយោងតាមជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាង លោក Sanui Kazumasa ប្រធានថ្មីរបស់ទីភ្នាក់ងារ សហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (JICA) ប្រចាំនៅប្រទេសកម្ពុជា និង ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ កាលពីពេលថ្មីៗបានឲ្យដឹងថា រដ្ឋាភិបាលជប៉ុន តាមរយៈស្ថានទូតរបស់ខ្លួនប្រចាំកម្ពុជា គ្រោងនឹងផ្តល់ជំនួយប្រមាណ ១៦៧លានដុល្លារ ដើម្បីកែលំអរផ្លូវជនបទប្រវែង ៥០០គីឡូម៉ែត្រ នៅកម្ពុជា។

លោក Sanui Kazumasa បានបញ្ជាក់ថា រដ្ឋាភិបាលជប៉ុន តាមរយៈ JICA នឹងផ្ដល់គម្រោងមួយដល់កម្ពុជា ដែលមានក្រសួងអភិវឌ្ឍន៍ជនបទ ជាប្រតិបត្តិករ ជាលើកដំបូង នោះគឺចា “គម្រោងកែលម្អការតភ្ជាប់ផ្លូវជនបទ” គ្រោងនឹងចំណាយទឹកប្រាក់ខ្ទង់ ១៦៧ លានដុល្លារ ដែលលាតសន្ធឹងលើខេត្តគោលទាំង៤ ដែលមានដូចជា ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងខេត្តបន្ទាយមានជ័យ។

គួរឲ្យដឹងដែរថា គម្រោងនេះ នឹងផ្តោតទៅលើការកែលម្អផ្លូវជនបទ ពីផ្លូវល្បាយក្រួសក្រហម ឲ្យទៅជាផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ (DBST) និងផ្លូវបេតុងប្រវែង ៥២៩គីឡូម៉ែត្រ ក្នុងខេត្តគោលដៅខាងលើ។បន្ថែមពីនេះ លោក Sanui Kazumasa ក៏បានថ្លែងអំណរគុណចំពោះ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ដែលបានអនុញ្ញាតឲ្យរូបលោក និងសហការី បានចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនាពេលនោះ។

លោកបានបញ្ជាក់ដែរថា បច្ចុប្បន្ន JICA កំពុងពិនិត្យលើឯកសារសំណើ សុំជ្រើសរើសទីប្រឹក្សាបច្ចេកទេស របស់គម្រោងនេះ ដើម្បីងាយស្រួលដល់ កិច្ចសហប្រតិបត្តិការ រវាងក្រសួងអភិវឌ្ឍន៍ជនបទ និង JICA ឲ្យបានកាន់តែប្រសើរឡើង។