
សំណង់ប្លែកជំវិញពិភពលោក កាន់តែអស្ចារ្យ និងសង់ចេញជារូបរាងប្លែកៗជាច្រើន ដូចអ្វីដែលយើងឃើញនៅក្នុងព័ត៌មាននេះអញ្ចឹង វាជាអគារមួយដែលត្រូវបានសង់សង់ក្នុងគម្រោងសណ្ឋាគារចុងឆ្នាំ ២០១៨ នេះថែមទាំងទាក់ទាញអ្នកមើលគួរសមផងដែរ ដោយសារតែរូបរាងនៃអគាររបស់វាហាក់ដូចជាហ្គីតាដែលអត់មានដង យ៉ាងអញ្ចឹង ដែលយើងមិនធ្លាប់ឃើញអគាររូបរាងបែបនេះពីមុនមកនោះទេ។ ប៉ុន្តែអគារនេះ ក៏មានអ្នករិះគន់មិនតិចដែរ ព្រោះខ្លះគេមើលឃើញថារូបរាងរបស់វាមិនស្អាត មិនគួរឲ្យចង់រស់នៅ អាក្រក់មើល មិនដូចជាការច្នៃប្រឌិតដ៏អស្ចារ្យនៅឡើយេទេ។ យ៉ាងណាក៏ដោយ នេះគឺជាសណ្ឋាគារប្លែកទាក់ទាញមួយនៅចុងឆ្នាំ ២០១៨ នេះ ស្ថិតនៅក្នុងរដ្ឋ Florida សហរដ្ឋអាមេរិច។

សណ្ឋាគារហ្គីតា ឬ Guitar-shaped Hard Rock Hotel វាកំពុងតែសាងសង់ជារៀងរាល់ថ្ងៃជិតបញ្ចប់ទៅហើយ និងត្រៀមសម្ពោធចេញជាផ្លូវការនៅឆមាសទី ១ ឆ្នាំ ២០១៩ ហើយក្រុមហ៊ុនក៏បានអះអាងដែរថា នេះគឺជាអគារសណ្ឋាគារប្លែកពីគេក្នុងពិភពលោក ដែលក្នុងគម្រោងត្រូវបានចំណាយប្រាក់ទុកអស់ចំនួន ១.៥ ពាន់លានដុល្លារ។ គម្រោងនេះ គេត្រូវយកទំហំផ្ទៃដីសរុប ៣,៨០៩ ម៉ែត្រការ៉េដើម្បីសាងសង់ ក្នុងនោះអគារត្រូវបែងចែកជា ២ គឺអគាររូបរាងហ្គីតា (មានរូបរាងខ្ពស់) និងអគារធម្មតានៅជុំវិញ (អគារទាប) ចំណែកផ្ទៃខាងក្រោមមានអាងទឹកដ៏ធំទំហំ ១០ អា (បឹងសិប្បនិមិត្ត) និងតូចជាច្រើន។ ចំពោះអគារមានរូបរាងហ្គីតា មានកម្ពស់ ១៣៧ ម៉ែត្រមាន ៣៦ ជាន់ ដែលសម្រាប់បម្រើសេវាកម្មសណ្ឋគារ មានបន្ទប់ចំនួន ៦៣៨ (ទំហំ ៤៩ ការ៉េប៉ុនគ្នា ឬខ្លះធំជាងនេះ) និងកាស៊ីណូ មានទំហំ ១,៦៧២ ម៉ែត្រការ៉េ។ ចំណែកអគារទាបវិញ មានកម្ពស់ ៧ ជាន់និងមានបន្ទប់ចំនួន ១៦៨ ក្នុងមួយអគារ នៅចំពីមុខអាងហែលទឹកតូចៗសម្រាប់តែសណ្ឋគារសុទ្ធ និងបូកសរុបជាមួយនិងសណ្ឋាគារនៅក្នុងអគារហ្គីតាទៀត គម្រោងនេះមានបន្ទប់សណ្ឋាគារស្នាក់ចំនួនសរុបចំនួន ១,២៧០ ឯណោះ។ បន្ថែមពីនោះ គម្រោងនេះក៏មានបម្រើសេវាកម្មចម្រុះជាច្រើនទៀត នៅក្នុងទំហំ ៣,៨១០ ម៉ែត្រការ៉េ សម្រាប់សេវាកម្មដូចជា ភោជនីយដ្ឋាន បារ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម -ល-។


សរុបមកវិញ នេះគឺជាគម្រោងសាងសង់ប្លែកមួយនៅក្នុងរដ្ឋ Florida ដែលការសាងសង់ក្នុងរូបរាងហ្គីតានេះ ដើម្បីទាក់ទាញភ្នែកភ្ញៀវទេសចរណ៍ដើម្បីទៅកំសាន្ដផង និងសម្រាប់បម្រើសេវាកម្មជាច្រើនទៀតផង ហើយយើងក៏មិនដែលបានឃើញសណ្ឋាគារបែបនេះពីមុនមកដែរ។ យ៉ាងណាមិញ វាក៏ទទួលរងការរិះគន់អំពីសំណាក់មនុស្សមួយចំនួនធំផងដែរទៅលើរូបរាងដ៏ប្លែកពេករបស់វានេះ។