ក្រុមអ្នកជំនាញ ធ្វើការព្យាករណ៍ថា ទីផ្សារអចលនទ្រព្យកម្ពុជា កំពុងត្រៀមមានកំណើនឡើងវិញ ខណៈតម្រូវការប្រើប្រាស់ នឹងមានការកើនឡើង!


អ្នកជំនាញជឿជាក់ថា ទីផ្សារអចលនទ្រព្យកម្ពុជា កំពុងត្រៀមមានកំណើនឡើងវិញ ជាសញ្ញាល្អចំពោះអចលនទ្រព្យ ផ្នែកអាជីវកម្ម បដិសណ្ឋារកិច្ច និងលំនៅដ្ឋាន ដោយមានសញ្ញាខុសៗគ្នា ដូចជា៖ អចលនទ្រព្យផ្នែកអាជីវកម្ម កើនឡើងនៃចំនួនជួល ជាមួយតម្លៃទាបជាងមុន, ផ្នែកបដិសណ្ឋារកិច្ច ងើបឡើងវិញបន្ដិច ទន្ទឹមនឹងការងើបឡើងនៃវិស័យទេសចរណ៍, ចំណែកផ្នែកលំនៅដ្ឋាន ថយចុះការផ្គង់ផ្គង់ អាចនឹងជំរុញអោយគម្រោងអភិវឌ្ឍន៍រួច លក់ដាច់ឡើងវិញ។

របាយការណ៍ព្យាករណ៍ពី CBRE បានបង្ហាញថា អចលនទ្រព្យផ្នែកពាណិជ្ជកម្ម ការិយាល័យ អាចមានតម្រូវការកើនឡើងដល់ ១,១២ ម៉ែត្រការ៉េ នៅត្រឹមដំណាច់ឆ្នាំ២០២៤ និងអាចកើនឡើងដល់ ១,៣៤ ម៉ែត្រការ៉េ នៅត្រឹមឆ្នាំ២០២៥។ បរិមាណការជួលការិយាល័យ បានកើនឡើងពី ៦១,៨% មកដល់ ៦៥,៧% ក្នុងត្រីមាសទី៣ ឆ្នាំ២០២៤ កន្លងទៅ ស្របពេលជាមួយគ្នា ការជួលការិយាល័យកម្រិត A ធ្លាក់តម្លៃជួលប្រមាណ ៥% មកត្រឹម ២៥ ដុល្លារក្នុងមួយម៉ែត្រការ៉េ។ នេះគឺជាសញ្ញាល្អ សម្រាប់ការផ្គត់ផ្គង់ការិយាល័យនៅកម្ពុជា ដោយសារតែភាពងើបឡើងនៃតម្រូវការ ខណៈដែលការិយាល័យកម្រិតខ្ពស់ បន្ថយតម្លៃ បន់បែនតាមស្ថានភាព លើកទឹកចិត្ត និងទាក់ទាញអ្នកជួលបន្ថែម។

ផ្ទុយទៅវិញ អចលនទ្រព្យផ្នែកលំនៅដ្ឋានវិញ គេសង្កេតឃើញថា មិនមានសន្ទុះឡើងដូច អចលនទ្រព្យផ្នែកពាណិជ្ជកម្មនោះទេ ដោយរយៈពេល ៣ ត្រីមាសកន្លងមកនេះ មានគម្រោងអភិវឌ្ឍលំនៅដ្ឋានថ្មីៗត្រឹមតែ ៥ គម្រោងប៉ុណ្ណោះ ជាចំនួនតិចតួច បើធៀបទៅនឹង ចន្លោះពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២២ មានគម្រោងអភិវឌ្ឍលំនៅដ្ឋានប្រមាណ ៩០ គម្រោងក្នុងមួយឆ្នាំ។ ប៉ុន្តែការផ្គត់ផ្គង់ទាប ស្របទៅនឹងតម្រូវការនៅតែមាន អាចនឹងជំរុញអោយ អចលនទ្រព្យលំនៅដ្ឋាន លក់ដាច់ឡើងវិញ។

វិស័យអចលនទ្រព្យបដិសណ្ឋារកិច្ចវិញ ឃើញមានកំណើនឡើងបន្ដិចបន្ដួច ដោយសណ្ឋាគារលំដាប់ផ្កាយ៤ បានកើនឡើងដល់ ៩ ៨០០ បន្ទប់ និងសណ្ឋាគារផ្កាយ ៥ កើនឡើងដល់ ៤ ២០០ បន្ទប់ បានកើនឡើងប្រហែល ២% ធៀបទៅនឹងឆ្នាំ២០២៣។ ចំណែកការអភិវឌ្ឍន៍ខុនដូ នៅតែសកម្ម មានការសាងសង់ថ្មីៗនៅតែបន្ត ប៉ុន្តែមិនអាចប្រៀបទៅនឹង ស្ថានភាពមុនវិបត្តិជំងឺកូវីដ១៩ ឡើយ។

ក្រុមហ៊ុន CBRE មើលឃើញថា ស្ថិតក្នុងស្ថានភាពបែបនេះ វិនិយោគិន អាចមានឱកាសចំណេញ ដោយសារការផ្គត់ផ្គង់ថ្មីៗកំពុងថយចុះ ប៉ុន្តែតម្រូវការនៅតែបន្ដមាន អាចនឹងជួយដល់វិស័យអចលនទ្រព្យ អាចលក់បានច្រើនឡើង ជាមួយតម្លៃងើបឡើងវិញផងដែរ។

 

ប្រភព៖ Real Estate Asia