ប្រធានមន្ទីទេសចរណ៍ខេត្តបាត់ដំបង លោក អ៊ុច អ៊ុំភីនីស្សារ៉ា បានមានប្រសាសន៍ថាទឹកធ្លាក់ជ្រោះភ្នំ៥៣ គឺជាតំបន់រមណីដ្ឋានទេសចរណ៍ធម្មជាតិថ្មីមួយ ស្ថិតនៅលើភ្នំព្រឹក ខេត្តបាត់ដំបង ជាប់នឹងព្រំដែនកម្ពុជា-ថៃ កំពុងតែមានប្រជាប្រិយភាពខ្លាំងបំផុត ទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកលេងកម្សាន្ដមិនចេះដាច់ មិនថាថ្ងៃធម្មតា ថ្ងៃចុងសប្ដាហ៍ ថ្ងៃបុណ្យទាន ឬថ្ងៃឈប់សម្រាកផ្សេងៗឡើយ។
លោកប្រធានមន្ទីទេសចរណ៍ខេត្តបាត់ដំបង បានបន្ដថា ភ្ញៀវទេសចរណ៍ដែលបានមកលេងលើភ្នំព្រឹកនេះ គេអាចទស្សនានូវទេសភាពធម្មជាតិយ៉ាងស្រស់ត្រកាលជុំវិញជ្រលងភ្នំនៅព័ទ្ធជុំវិញ ផ្ដិតយករូបភាពព្រៃភ្នំធម្មជាតិបៃតង ហើយអាចងូតទឹកលេងជាមួយទឹកធ្លាក់ជ្រោះភ្នំ៥៣ ដែលនៅរដូវវស្សានេះមានទឹកធ្លាប់ច្រើនល្អសម្រាប់កម្សាន្ដ។ ម្យ៉ាងទៀត មន្ទីទេសចរណ៍ក៏បានណែនាំប្រជាពលរដ្ឋក្នុងតំបន់ឲ្យបម្រើនូវសេវាកម្មទេសចរណ៍នានាប្រកបដោយគុណភាព ទាក់ទាញភ្ញៀវទេសចរណ៍បន្ថែម។
ចំណែកអាជ្ញាធរ និងប្រជាពលរដ្ឋនឹងត្រូវអនុវត្តបន្ថែមនូវផែនការអភិវឌ្ឍន៍តំបន់ទឹកធ្លាក់ជ្រោះភ្នំ៥៣ ដើម្បីទាក់ទាញភ្ញៀវទេសចរបន្ថែម ក្នុងនោះរួមមាន៖
១. ដាក់កម្លាំងចាំជួយការងារសុវត្ថិភាព ព្រោះកន្លែងនោះជាតំបន់ភ្នំអាចគ្រោះថ្នាក់ អញ្ចឹងត្រូវដាក់របារការពារ និងត្រូវមានអ្នកប្រចាំការមើលខុសត្រូវនៅកន្លែងទឹកធ្លាក់ ជៀសវាងគ្រោះថ្នាក់ណាមួយ។
២. ធ្វើកិច្ចសហការរវាងម្ចាស់ដី ដើម្បីឲ្យគាត់ទទួលបានផលប្រយោជន៍សមស្របក្នុងតំបន់នោះ
៣. ណែនាំឲ្យអាជ្ញាធរភូមិឃុំនៅទីនោះរៀបចំផ្លូវចូលឲ្យបានធំទូលាយ ដើម្បីបញ្ចៀសឡាន និងទីតាំងចំណតឲ្យបានត្រឹមត្រូវ
៤. ជំរុញឲ្យមានការរៀបចំជារមណីដ្ឋានទេសចរណ៍ មានកន្លែងអង្គុយសមរម្យ សួនលម្អ មានផ្ទះស្នាក់ និងកន្លែងផ្ដិតយករូបភាពទេសភាពស្អាតៗ។
លោកប្រធាមន្ទីរបានបញ្ជាក់ទៀតថា បច្នុប្បន្ននេះ ប្រជាពលរដ្ឋដែលបម្រើសេវាកម្មទេសចរណ៍ អាចរកប្រាក់ចំណូលបានខ្ពស់ ពីការលក់កសិផលដែលបានដាំក្នុងចម្ការរបស់ខ្លួន ហើយភ្ញៀវទេសចរណ៍មកកម្សាន្ដមិនចេះដាច់ ដែលធ្វើឲ្យពួកគាត់កាន់តែមានជីវភាពធូរធារជាងមុន។