ប្រាសាទអង្គរវត្តរបស់កម្ពុជា បង្ហាញវត្តមានជាថ្មី ក្នុងបញ្ជីគោលដៅ នៃការទស្សនាទិដ្ឋភាពថ្ងៃលិច ដ៏ល្អនិងស្រស់ស្អាតបំផុត នៅក្នុងពិភពលោក!


អន្តរជាតិ៖ ប្រាសាទអង្គរវត្ត របស់កម្ពុជា រួមទាំងរមណីយដ្ឋានកោះបាលី (Bali) ប្រទេសឥណ្ឌូណេស៊ី និងកោះបូរ៉ាកាយ (Boracay) ប្រទេសហ្វីលីពីន សុទ្ធតែស្ថិតនៅក្នុងចំណោមគោលដៅ សម្រាប់ទស្សនាទិដ្ឋភាពនាពេលថ្ងៃលិច ដ៏ស្រស់ស្អាតបំផុត នៅលើពិភពលោក ក្នុងឆ្នាំ ២០២៣ នេះបើយោងតាម សំណេរបង្ហោះនៅលើទំព័រហ្វេសប៊ុក Seasia Stats របស់ឥណ្ឌូណេស៊ី បានសរសេររៀបរាប់។

គួរឲ្យដឹងដែរថា គោលដៅក្នុងបញ្ជីខាងលើ (សម្រាប់ភ្ញៀវទេសចរទស្សនា ទិដ្ឋភាពសុរិយាអស្ដង្គត) ដ៏ស្រស់ស្អាតបំផុត ក្នុងពិភពលោកសម្រាប់ឆ្នាំ២០២៣ មានចំនួនទាំងអស់ ១៥ គោលដៅ។

ជាក់ស្តែង ក្នុងនោះដែរ គេហទំព័រ Bounce របស់អូស្ត្រាលី បានធ្វើការវិភាគ រាល់ចំនួនអត្ថបទ/Blogs ដែលបានណែនាំ នៅលើបណ្តាញអ៊ីនធឺណិត ក៏ដូចជាតួលេខ នៃការបង្ហោះទិដ្ឋភាពថ្ងៃលិច នៅលើបណ្តាញសង្គម Instagram រួមទាំងការផ្តល់ពិន្ទុ សម្រាប់ចំណាត់ថ្នាក់តាមទីកន្លែងនីមួយៗ ផងដែរ។

ជាលទ្ធផល ក្នុងចំណោមគោលដៅទេសចរណ៍ ទាំងអស់នេះគឺ ទីក្រុងអ៊ូលូរូ (Uluru) របស់ប្រទេសអូស្ត្រាលី ជាប់ចំណាត់ថ្នាក់លេខ១ ដោយទទួលបានពិន្ទុ ៩,១៣ ក្នុងចំណោម១០ពិន្ទុ។ ទន្ទឹមនឹងនោះ សម្រាប់តំបន់អាស៊ីអាគ្នេយ៍ ប្រាសាទអង្គរវត្ត របស់កម្ពុជា ស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ៥ ដោយទទួលបានពិន្ទុ ៨,៥៤ ខណៈកោះបាលី របស់ឥណ្ឌូណេស៊ី ស្ថិតក្នុងចំណាត់ថ្នាក់លេខ៧ ដោយទទួលបានពិន្ទុ ៨,២០។

ស្របគ្នានេះ កោះបូរាកាយ របស់ហ្វីលីពីន ស្ថិតនៅក្នុងចំណាត់ថ្នាក់ទី៩ ជាមួយនឹងពិន្ទុ ៧,៩៤ និងភ្នំភ្លើងប្រូម៉ូ (Mount Bromo) ស្ថិតក្នុងចំណាត់ថ្នាក់ទី១៤ ជាមួយនឹងកម្រិតពិន្ទុ ៦,៧៨ ផងដែរ។