សំណង់ប្រវត្តិសាស្ត្រ កើតចេញពីភាពរុងរឿង នៃអាណាចក្រមួយ ដែលបានកសាងឡើងក្នុងអតីតកាល បង្ហាញអំពីជំនឿសាសនា សិល្បៈ ស្ថាបត្យកម្មសំណង់ និងការឧទ្ទិស ឬរំលឹកខួបអ្វីមួយជាដើម។ សំណង់ប្រវត្តិសាស្ត្រខ្លះ បានក្លាយទៅជាសម្បត្តិ បេតិកភណ្ឌពិភពលោក និងអច្ឆរិយវត្ថុរបស់មនុស្សជាតិ និងបានក្លាយទៅជាទិសដៅ ទាក់ទាញទេសចរមកពី ជុំវិញពិភពលោក។
ដូចនេះ តើសំណង់ប្រវត្តិសាស្ត្រណាខ្លះ ដែលមានភ្ញៀវទេសចរ មកទស្សនាច្រើនបំផុត?
១. ព្រះវិហារ Notre-Dame ទីក្រុងបារីស
ព្រះវិហារ Notre Dame Cathedral ទទួលបានភ្ញៀវទេសចរមកទស្សនា ១២ លាននាក់ ក្នុងមួយឆ្នាំ មុនពេលដែល អគ្គិភ័យឆាបឆេះ និងវិបត្តិជំងឺកូវីដ-១៩ ចូលមកដល់។ យោងតាមទិន្នន័យទេសចរ ពីទីក្រុងបារីស បង្ហាញថា ព្រះវិហារនេះ គឺជាសំណង់ប្រវត្តិសាស្ត្រ ដែលមានអ្នកមកទស្សនា ច្រើនបំផុតលើលោក។ ព្រះវិហារ Notre Dame បានសាងសង់រួចនៅឆ្នាំ ១៣៤៥ នៅក្នុងរចនាបថ French Gothic គឺជាសំណង់ប្រវត្តិសាស្ត្រដ៏អស្ចារ្យ ដែលបង្ហាញទាំងសិល្បៈ សាសនា ស្ថាបត្យកម្មសំណង់ និងគុណតម្លៃនៃប្រជាជាតិបារាំង។
២. មហាកំពែងចិន
ត្រូវបានគេចាត់ទុកជាអច្ឆរិយវត្ថុមួយ ក្នុងចំណោមប្រាំពីរ របស់ពិភពលោក មហាកំពែងចិន ទទួលបានភ្ញៀវទេសចរជាង ៩ លាននាក់ក្នុងមួយឆ្នាំ។ មហាកំពែងចិន គឺជាសំណង់ដ៏វែងបំផុត ក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ មានប្រវែងសរុប ២១ ១៩៦ គីឡូម៉ែត្រ និងប្រើពេលជាង ២០ សតវត្សដើម្បីសាងសង់ ដោយប្រើប្រាស់កម្លាំងពលកម្មជាង ១០ លាននាក់។
៣. សាលមហោស្រព Opera House នៅទីក្រុងស៊ីដនី
ជាសំណង់អត្តសញ្ញាណមួយ នៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី សាលមហោស្រព Opera House បានទាក់ទាញភ្ញៀវទេសចរ ប្រមាណ ៧,៥ លាននាក់ក្នុងមួយឆ្នាំ។ សំណង់ Opera House បានចាប់ផ្ដើមឡើងពីឆ្នាំ ១៩៥៧ និងបញ្ចប់នៅឆ្នាំ ១៩៧៣ ចំណាយថវិកាប្រមាណ ១០២ លានដុល្លារ និងកម្លាំងពលកម្មជាង ១ ម៉ឺននាក់ដើម្បីសាងសង់។ វិមានស្ថាបត្យកម្ម Opera House ត្រូវបានគេប្រើប្រាស់ សម្រាប់ជាសាលមហោស្រព ការប្រគុំតន្ត្រី និងចាក់បញ្ជាំងភាពយន្ដ។
៤. ប៉ម Eiffel Tower ទីក្រុងបារីស
ប៉ម Eiffel Tower ទៅទីក្រុងបារីស ប្រទេសបារាំង ទាក់ទាញភ្ញៀវទេសចរប្រមាណ ៦,៧ លាននាក់ មកទស្សនាប្រចាំឆ្នាំ គឺជាសំណង់តំណាង ការរំលឹកខួប ១០០ ឆ្នាំនៃបដិវត្តន៍បារាំង។ ត្រូវបានរចនា និងសាងសង់ឡើង ដោយស្ថាបត្យករ Gustave Eiffel ក្នុងឆ្នាំ១៨៨៩ ប៉ម Eiffel Tower នេះបានក្លាយទៅជាសំណង់ប្រវត្តិសាស្ត្រ និងអត្តសញ្ញាណមួយ ក្នុងទីក្រុងបារីស។
៥. វិមានប្រធានាធិបតី Abraham Lincoln
វិមានអតីតប្រធានាធិបតី សហរដ្ឋអាមេរិក Abraham Lincoln ស្ថិតនៅរដ្ឋធានីវ៉ាស៊ីងតោន ត្រូវបានសាងសង់ឡើង តំណាងដល់សេរីភាព នៃសហរដ្ឋអាមេរិក និងទាក់ទាញភ្ញៀវទេសចរប្រមាណ ៦ លាននាក់ក្នុងមួយឆ្នាំ។ សំណង់នេះ ត្រូវបានរចនាប្លង់ដោយស្ថាបត្យករ Henry Bacon និងរចនារូបសំណាកប្រធានាធិបតី Lincoln ដោយវិចិត្រករ Daniel Chester ទីតាំងនេះ បានក្លាយទៅជាតំបន់ទាក់ទាញទេសចរ យ៉ាងសំខាន់មួយនៅសហរដ្ឋអាមេរិក។
៦. អតីតកីឡដ្ឋាន Colosseum ទីក្រុងរ៉ូម
អតីតកីឡដ្ឋាន Colosseum ធ្លាប់ជាទីតាំងនៃ ការប្រកួតកីឡាប្រយុទ្ធគ្នា រវាងមនុស្សនិងមនុស្ស មនុស្សនិងសត្វ បន្សល់ទុកតាំង ពីចក្រភពរ៉ូម៉ាំងមកម្ល៉េះ។ ទីតាំងនេះ ត្រូវបានគេប៉ាន់ស្មានថា អាចមានមនុស្សប្រមាណ ៤០០ ០០០ នាក់បានស្លាប់ក្នុងការប្រយុទ្ធ និងសត្វរាប់លានក្បាលទៀត។ សំណង់ប្រវត្តិសាស្ត្រនេះ បានទាក់ទាញភ្ញៀវទេសចរប្រមាណ ៥,១ លាននាក់ក្នុងមួយឆ្នាំ និងបានក្លាយទៅជា សម្បត្តិបេតិកភណ្ឌពិភពលោក នៅឆ្នាំ១៩៨០ ថែមទាំងជាប់ជាអច្ឆរិយវត្ថុមួយ ក្នុងចំណោមប្រាំពីរ នៅក្នុងឆ្នាំ២០២៤ នេះផងដែរ។
៧. រូបសំណាកតំណាងសេរីភាព Statue of Liberty
ស្ថិតនៅទីក្រុងញ៉ូវយ៉ក ត្រូវបានសាងសង់ឡើងអំឡុងឆ្នាំ ១៨៨៦ រូបសំណាក Statue of Liberty បានតំណាងដល់សេរីភាព និងភាពត្រចះត្រចង់នៃពិភពលោក។ សំណង់ប្រវត្តិសាស្ត្រនេះ គឺជាអំណោយពីប្រទេសបារាំង សាងសង់ដល់សហរដ្ឋអាមេរិក ដើម្បីអបអរខួបឯករាជ្យ រចនាផ្នែកខាងក្រៅដោយស្ថាបត្យករ Frédèric Bartholdi និងសំណង់ផ្នែកខាងក្នុងដោយស្ថាបត្យករ Gustave Eiffel។ រូបសំណាក Statue of Liberty ទាក់ទាញភ្ញៀវទេសចរប្រមាណ ៤,៣ លាននាក់ក្នុងមួយឆ្នាំ។
៨. រាជវាំង Alhambra ទីក្រុង Granada
ស្ថិតនៅទីក្រុង Granda ប្រទេសអេស្ប៉ាញ រាជវាំង Alhambra បានទាក់ទាញ ភ្ញៀវទេសចរប្រមាណ ៣,៥ លាននាក់ក្នុងមួយឆ្នាំ ដោយសារតែសម្រស់នៃសំណង់ប្រវត្តិសាស្ត្រ សួនច្បារជុំវិញ សំណង់នាឡិកាប្រើ ស្រមោលព្រះអាទិត្យ និងរចនាបថដ៏ឆើតឆាយ របស់រាជវាំងនេះ។ រាជវាំង Alhambra ត្រូវបានសាងសង់រួចរាល់ក្នុងឆ្នាំ ១៨៧០ និងបានដាក់បញ្ចូលជា សំណង់បេតិកភណ្ឌពិភពលោក នៅឆ្នាំ១៩៨៤។
៩. ពីរ៉ាមីត ទីក្រុង Cairo
ស្ថិតនៅទីក្រុង Cairo ប្រទេសអេហ្សីប សំណង់ពីរ៉ាមីត ត្រូវបានចាត់ទុកជាសំណង់អច្ឆរិយវត្ថុ ដែលមានអាយុកាល ចាស់ជាងគេបំផុត លើពិភពលោក ដែលឈររឹងមាំដល់សព្វថ្ងៃ។ ពីរ៉ាមីត បានសាងសង់រួច នៅអំឡុងឆ្នាំ ២៥៧០ មុនគ្រឹស្ដរាជ ហើយសំណង់នេះ បានបន្សល់ទុកនូវអាថកំបាំង ជាច្រើនមកទល់សព្វថ្ងៃ។ បច្ចុប្បន្ន ពីរ៉ាមីត បានទាក់ទាញភ្ញៀវទេសចរប្រមាណ ៣ លាននាក់ ជារៀងរាល់ឆ្នាំ។
១០. វិមាន Taj Mahal
ស្ថិតនៅទីក្រុង Agra ប្រទេសឥណ្ឌា វិមាន Taj Mahal ត្រូវបានសាងសង់ឡើង ក្នុងរចនាបថម៉ូស្លីម ក្នុងអាណាចក្រ Mughal គ្រងរាជ្យដោយ ព្រះមហាក្សត្រ Shah Jahan។ វិមាន Taj Mahal ត្រូវបានសាងសង់ឡើងសម្រាប់ ឧទ្ទិសជូនព្រះមហេសីរបស់ស្តេច Shah Jahan ឈ្មោះថា Arjumand Banu Begum ដោយប្រើប្រាស់កម្លាំងពលកម្មមនុស្សជាង ២ ម៉ឺននាក់ និងដំរីរាប់ពាន់ក្បាល។ សំណង់វិមាន Taj Mahal ទាក់ទាញភ្ញៀវទេសចរប្រមាណ ២,៥ លាននាក់ ក្នុងមួយឆ្នាំ។
ប្រភព៖ ShowBizz