ប៉េង ហួត គ្រុប សហការជាមួយមន្ទីរបរិស្ថាន និងសហគមន៍នេសាទភូមិកែប រៀបចំកម្មវិធី CSR ដាំកូនកោងកាងចំនួន ៥.០០០ដើម ក្រោមប្រធានបទ “ឬសនៃនិរន្តភាព” នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ ស្ថិតនៅសហគមន៍នេសាទភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប ដែលមានសហការី ប៉េង ហួត គ្រុប មន្រ្តីបរិស្ថាន និងបងប្អូនប្រជាសហគមន៍នេសាទភូមិកែបសរុបប្រមាណជាង ១០០នាក់ ចូលរួម។
កម្មវិធីដាំដើមកោងកាងនេះ គឺជាចំណែកមួយនៃក្របខណ្ឌ ការងារសង្គមរបស់ ប៉េង ហួត គ្រុប ពោលគឺ៖ <<ការអប់រំ បរិស្ថាន សង្គម>> គោលបំណងនៃកម្មវីធីបរិស្ថាននេះ គឺជាការលើកកម្ពស់និរន្តរភាពបៃតង ការអភិរក្សប្រព័ន្ធអេកូឡូស៊ីព្រៃកោងកាង និងដើម្បីឆ្លើយតបទៅនឹង បញ្ហាប្រែប្រួលអាកាសធាតុ ខណៈបច្ចុប្បន្ននេះពិភពលោក កំពុងតែប្រឈមការកើនឡើងកម្ដៅ។ ជាមួយគ្នានេះក៏ជាការរួមចំណែក លើកកម្ពស់ទាំងសេដ្ឋកិច្ចសហគមន៍ និងតំបន់ទេសចរណ៍នៅក្នុងភូមិសាស្រ្ត ខេត្តកែបផងដែរ។
ព្រៃកោងកាងគឺជា ប្រភពធនធានធម្មជាតិ ដ៏មានសារៈសំខាន់ និងអត្ថប្រយោជន៍ជាច្រើន។ វាគឺជាតំបន់ទ្រនាប់រវាងដីគោក និងសមុទ្រ ទប់នឹងបញ្ហាធ្ងន់ធ្ងរ នៃការហូរច្រោះតាមឆ្នេរសមុទ្រ និងការគំរាមកំហែង នៃការកើនឡើងនៃកម្ពស់ទឹកសមុទ្រ។ ព្រៃកោងកាងជារបៀងយុទ្ធសាស្រ្ត តភ្ជាប់ប្រព័ន្ធអេកូឡូស៊ី ពីតំបន់ដីគោក ឆ្នេរ និងសមុទ្រ ហើយក៏ជារនាំង ប្រឆាំងនឹងគ្រោះធម្មជាតិ និងការប្រែប្រួលអាកាសធាតុ ដែលចូលរួមចំណែក កាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ជាដែនជម្រក និងប្រភពមេពូជនៃមច្ឆធម្មជាតិ ដែលជាប្រភពធនធានសមុទ្រ ដ៏សម្បូរបែប ហើយចាំបាច់យើងត្រូវការពារ អភិរក្ស និងដាំស្តារព្រៃកោងកាងឡើងវិញ។
ក្របខណ្ឌការងារសង្គមផ្នែកបរិស្ថានរបស់ ប៉េង ហួត គ្រុប គឺបានចូលរួមចំណែកជាច្រើន ដូចជាការអនុវត្តមេត្រីភាពបរិស្ថានតាមរយៈ ការដាំដើមឈើទាំងក្នុងនិងក្រៅ គម្រោងរបស់ក្រុមហ៊ុន ការឧបត្ថម្ភរថយន្តសម្អាតផ្លូវដល់ខណ្ឌមួយចំនួនក្នុងរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធ ទីក្រុងស្អាត ការផ្សព្វផ្សាយចំណេះដឹងលើការគ្រប់គ្រងសំណល់ប្លាស្ទិកជាសាធារណៈ ការចូលរួមសកម្មភាព រើសសំរាមក្នុងទិវាបរិស្ថានពិភពលោក រួមជាមួយការបង្កើតកម្មវិធីទិវាបរិស្ថាន PH Eco Day ប្រចាំឆ្នាំ។