ប្រសិនបើយើងបានធ្វើដំណើរទៅដល់ភូមិភាគឥសាន្ដ ខេត្តរតនៈគិរី យើងមិនអាចរំលងការឈានជើងចូលរមណីយដ្ឋានបឹងយក្សឡោមបាននោះទេ ព្រោះបឹងយក្សឡោមគឺជារមណីយដ្ឋានបឹងធម្មជាតិដ៏ស្រស់ស្អាតបំផុត មិនមែនត្រឹមតែក្នុងប្រទេសកម្ពុជាទេ ប៉ុន្តែទូទាំងសកលលោកតែម្ដង និងជាបឹងនៃបន្ទុះភ្នំភ្លើងតែមួយគត់ក្នុងប្រទេសកម្ពុជា។ រមណីយដ្ឋានបឹងយក្សឡោម មានទីតាំងស្ថិតនៅក្នុងភូមិឡាបានសៀក ឃុំឡាំងបាង ស្រុកលំផាត់ ខេត្តរតនៈគិរី ដែលមានចំងាយប្រហែល ៩ គីឡូម៉ែត្រប៉ុណ្ណោះពីក្រុងបានលុង។
បើនិយាយអំពីបឹងយក្សឡោមវិញ វាគឺជាបឹងដែលកើតចេញអំពីបន្ទុះភ្នំភ្លើងតាំងពី ៤,០០០ ឆ្នាំមុនមកម្ល៉េះធ្វើឲ្យដីនៅទីនោះជាដីសំណល់ភ្នំភ្លើង មានរាងបាតខ្ទះបង្កើតទៅជាស្រះដ៏ធំមួយ។ ដោយឡែក សម្រាប់រឿងព្រេងរបស់ខ្មែរយើងវិញ បាននិយាយអំពីស្ដេចយក្សមានកូនស្រីឈ្មោះនាងសក់ក្រអូបដែលបានស្រលាញ់បុរសម្នាក់ និងរត់ចូលក្នុងព្រៃបាត់ ហើយពួកយក្សទាំងនោះព្យាយាមកាយដី និងគាស់ដើមឈើនៅទីនោះដើម្បីស្វែងរកបុត្រីដែលបានបាត់ខ្លួន ទើបគេអោយឈ្មោះបឹងនោះថា ជាបឹងយក្សឡោម។ បឹងយក្សឡោមមានបរិមាត្រសរុប ២,៦១២ ម៉ែត្រដែលមានអង្កត់ផ្ចិច ៨០០ ម៉ែត្រនិងជម្រៅ ៤៨ ម៉ែត្រ ជាមួយនឹងទឹកដ៏ត្រជាក់ ថ្លាឆ្វង់អាចឆ្លុះឃើញមុខ អមទៅដោយការព័ទ្ធជុំវិញដោយព្រៃក្រាស់ ផ្ដល់នូវសម្រស់ដ៏ស្រស់ត្រកាលនៃពណ៌បៃតងជុំវិញគួរជាទីគយគន់សម្រាប់លំហែរកាយ។
ដោយសារតែភាពស្រស់ស្អាតពីធម្មជាតិនេះហើយ ទើបធ្វើឲ្យបឹងយក្សឡោមក្លាយទៅជាបឹងធម្មជាតិដែលមានសម្រស់ស្អាតបំផុតមួយនៅក្នុងចំណោមបឹងធម្មជាតិទាំង ១៥ ជុំវិញពិភពលោក។ នៅក្នុងតារាងបឹងធម្មជាតិស្រស់ស្អាតទាំង ១៥ នៅលើពិភពលោក ដែលបានចុះផ្សាយដោយគេហទំព័រ Earth Porm.com នោះមានដូចជា៖
- បឹងយក្សឡោម ប្រទេសកម្ពុជា
- បឹង Mount Mazama សហរដ្ឋអាមេរិច
- បឹង Albertine Rift ប្រទេសអាហ្វ្រិច
- បឹង Mount Pinabuto-Luzon ប្រទេសហ្វីលីពីន
- បឹង Quilotoa តំបន់អេក្វាទ័រ
- បឹង Kelimutu កោះ Flores ឥណ្ឌូនេស៊ី
- បឹង ស្ថានសួគ៍ នៅព្រំប្រទល់ប្រទេសចិន និងកូរ៉េខាងជើង
- បឹង Licancabur ប្រទេសឈីល
- បឹង Main Crater Lake at Vulcan Poin ប្រទេសហ្វីលីពីន
- បឹង Crater Lake រដ្ឋអាឡាស្កា
- បឹង Viti Geothermal នៅប្រទេស Iceland
- បឹង Kerid នៅប្រទេស Iceland
- បឹង Deriba ប្រទេសស៊ូដង់
- បឹង Mount Ruapehu ប្រទេសណូវែសូឡង់
- បឹង Okama ប្រទេសជប៉ុន
ដោយសារតែបឹងយក្សឡោម ជាអំណោយពីធម្មជាតិ និងជួយរកចំណូលដល់ប្រទេសកម្ពុជាមួយផ្នែកទៀតនោះ ទើបធ្វើឲ្យវាក្លាយជាតំបន់ទេសចរណ៍មួយដែលអភិរក្ស ឬហៅថាតំបន់អេកូទេសចណ៍ ដើម្បីថែរក្សាវាឲ្យនៅស្រស់ស្អាតជានិច្ច និងមិនមានការអភិវឌ្ឍន៍អ្វីដែលប៉ះពាល់ធម្មជាតិនៅតំបន់នោះឡើយ ហើយភាពស្រស់ស្អាតនៃបឹងយក្សឡោម បានទាក់ទាញភ្ញៀវទេសចរជាច្រើនអោយទៅទស្សនាវាជារៀងរាល់ថ្ងៃ ពិសេសគឺនៅក្នុងរដូវបុណ្យទាន។