ទន្លេសាប គឺជាប្រភពធនធានទឹកដ៏ធំមួយសម្រាប់ប្រទេសកម្ពុជា ដែលមិនត្រឹមតែមានទន្លេដ៏វែងហូរពីភាគពាយ័ព្យមកដល់ភ្នំពេញប៉ុណ្ណោះទេ ថែមទាំងមានបឹងទន្លេសាបដ៏ធំទំហំ ២,៧០០ គីឡូម៉ែត្រការ៉េ ដែលសម្បូរទៅដោយមច្ឆជាតិយ៉ាងច្រើនសន្ធឹកសន្ធាប់ទៀតផង។ ជាពិសេសបឹងទន្លេសាប បានផ្គត់ផ្គង់ទឹកដល់វិស័យកសិកម្មក្នុងប្រទេសកម្ពុជា ជាច្រើនខេត្តដែលនៅជុំវិញវា ដូចជាខេត្តសៀមរាប ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ធំ និងបាត់ដំបង ផងដែរ។ ទន្លេសាប បានហូរពីបឹងទន្លេសាបមកដល់រាជធានីភ្នំពេញមានប្រវែង ២៥០ គីឡូម៉ែត្រ និងប្រសព្វគ្នានៅចំណុចនេះទន្លេ ៤ មុខនេះ (ចតុមុខ) ទាំងទន្លេសាប ទន្លេមេគង្គលើ ទន្លេមេគង្គក្រោម និងទន្លេបាសាក់។
ដោយសារតែប្រទេសកម្ពុជាសម្បូរទៅដោយធនធានទឹកនិងទន្លេច្រើនបែបនេះហើយ ទើបស្ពានឆ្លងទន្លេដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងបម្រើដល់វិស័យដឹកជញ្ជូន ដើម្បីរួមចំណែកពន្លឿនសេដ្ឋកិច្ចកម្ពុជា។ ហើយការអភិវឌ្ឍន៍ស្ពានថ្នល់នេះដែរ ក៏ស្ថិតនៅក្នុងយុទ្ធសាស្ត្រចតុកោណរបស់ប្រមុខរាជរដ្ឋាភិបាល រហូតដល់មានពាក្យស្លោកមួយថា «មានផ្លូវ មានស្ពាន មានក្ដីសង្ឃឹម»។ អញ្ចឹងសម្រាប់ទន្លេសាប មានស្ពានប៉ុន្មានហើយមកដល់ឆ្នាំនេះ?
១. ស្ពានមិត្តភាពកម្ពុជា-ជប៉ុន (ស្ពានជ្រោយចង្វារទី ១)
ស្ពានមិត្តភាពកម្ពុជា-ជប៉ុន ដែលយើងស្គាល់ថាជាស្ពានជ្រោយចង្វារទី ១ គឺជាស្ពានកាត់ទន្លេសាបដំបូងគេបង្អស់ ដែលបានសាងសង់ឡើងក្រោមជំនួយមិត្តភាពរបស់ជប៉ុននៅក្នុងឆ្នាំ ១៩៦៣ សព្វថ្ងៃមានប្រវែង ៧០៩ ម៉ែត្រ និងទទឹង ១៣ ម៉ែត្រ។ រយៈពេលប្រហែល ៥០ ឆ្នាំមកនេះ ស្ពានជ្រោយចង្វារទី ១ ត្រូវបានស្ថាបនាឡើងវិញ ២ ដងរួចមកហើយ ដោយស្ពាននេះត្រូវកាត់ផ្ដាច់កាលពីសម័យសង្គ្រាមឆ្នាំ ១៩៧២ និងសាងសង់ភ្ជាប់ឡើងវិញនៅឆ្នាំ ១៩៩៥។ ចំណែកកាលពីឆ្នាំ ២០១៧ កន្លងទៅនេះវាក៏ត្រូវបានជួសជុលឡើងវិញដោយភ្នាក់ងារ JICA និងបានសម្ពោធជាថ្មីនៅដើមខែមេសា ឆ្នាំ ២០១៩ នេះ។
២. ស្ពានព្រែកក្ដាម
ស្ពានព្រែកក្ដាម ត្រូវបានសម្ពោធជាផ្លូវការនៅថ្ងៃទី ៣១ ឧសភា ឆ្នាំ ២០១០ ដែលវាត្រូវបានសាងសង់អស់ទឹកប្រាក់ប្រមាណ ២៨.៨ លានដុល្លារ ក្រោមកម្ចីសម្បទានរយៈពេលវែងឥតការប្រាក់ពីប្រទេសចិន។ ស្ពានព្រែកក្ដាម មានប្រវែង ៩៨១ ម៉ែត្រ ទទឹង ១៣.៥ ម៉ែត្រ ហើយបច្ចុប្បន្នបានសាងសង់បន្ថែមស្លាប ២ នៅសងខាងបន្ថែមទៀត ដើម្បីងាយស្រួលដល់ការបំបែកទៅសងខាងផ្លូវជាតិលេខ ៥។
៣. ស្ពានព្រែកព្នៅ
ស្ពានព្រែកព្នៅ គេនិយមស្គាល់ថាស្ពាន លី យ៉ុងផាត់ ដោយរដ្ឋាភិបាលបានវិនិយោគឲ្យក្រុមហ៊ុន LYP Group រយៈពេល ៣០ ឆ្នាំ ដែលចំណាយទឹកប្រាក់សាងសង់អស់ប្រមាណ ៤៣.៥៥ លានដុល្លារ ដូចនេះកាលពីមុន រាល់ការធ្វើដំណើរកាត់ស្ពាននិងផ្លូវលីយ៉ុងផាត់ គេត្រូវបង់ ៥,០០០ ទៅ ៨,០០០ រៀលទៅតាមប្រភេទរថយន្ដ។ ប៉ុន្តែកាលពីឆ្នាំ ២០១៧ រដ្ឋបានទិញយកស្ពាននោះមកវិញ ហើយបានប្រែក្លាយឈ្មោះស្ពាន លី យ៉ុងផាត់ មកជាស្ពានព្រែកព្នៅវិញ ហើយផ្លូវលីយ៉ុងផាត់ ទៅជាមហាវិថី វិមានឈ្នះឈ្នះ ចំណែកឯរាល់ការឆ្នងកាត់មិនត្រូវបង់ប្រាក់ទៀតនោះទេ។ ស្ពាននេះមានប្រវែង ៩៩៦ ម៉ែត្រ និងទទឹង ១៤ ម៉ែត្រ និងបានសម្ពោធកាលពីថ្ងៃទី ២០ កញ្ញា ឆ្នាំ ២០១០។
៤. ស្ពានជ្រោយចង្វារថ្មី
ស្ពានមិត្តភាពកម្ពុជា-ចិន ដែលយើងហៅថាស្ពានជ្រោយចង្វារថ្មី ត្រូវបានសម្ពោធជាផ្លូវការនៅខែតុលាឆ្នាំ ២០១៥ ដែលសំណង់នេះចាប់ផ្ដើមតាំងពីឆ្នាំ ២០១១ មកម្ល៉េះ ហើយវាក៏ជាស្ពានមួយក្នុងចំណោមស្ពានមិត្តភាពកម្ពុជា-ចិនចំនួន ៥ រួមមានស្ពានជ្រោយចង្វារថ្មីនេះ, ស្ពានសេកុងខេត្តស្ទឹងត្រែង, ស្ពានព្រែក្តាម, ស្ពានព្រែកតាមាក់, និងស្ពានតាខ្មៅ។ ស្ពានជ្រោយចង្វារថ្មី មានប្រវែង ៧១៨ ម៉ែត្រ ទទឹង ១៣.៥ ម៉ែត្រ និងត្រូវបានសាងសង់អស់ទឹកប្រាក់ ២៧.៥ លានដុល្លារ។
៥. ស្ពានបាឡេ ឬស្សីកែវ-ជ្រោយចង្វា
ស្ពានបាឡេ ជាសមិទ្ធផលចុងក្រោយគេបង្អស់សម្រាប់ឆ្លងកាត់ទន្លេសាប ដោយវាត្រូវបានសម្ពោធឲ្យប្រើប្រាស់នៅខែឧសភាឆ្នាំ ២០១៨ បន្ទាប់ពីដំណើរការសាងសង់អស់រយៈពេល ៦ ខែមក។ ស្ពានបាឡេនេះ ត្រូវបានស្ថាបនាដោយដែក ភ្ជាប់ពីខណ្ឌឬស្សីកែវ ទៅកាន់ទីក្រុងរណបជ្រោយចង្វារ មានប្រវែង ៥០០ ម៉ែត្រ និងទទឹង ១២ ម៉ែត្រ ចំណាយថវិការសាងសង់អស់ ៩ លានដុល្លារ អនុញ្ញាតិឲ្យរថយន្ដទំងន់ក្រោម ១៥ តោនអាចជិះកាត់បាន។
ជាសរុបមកវិញ មកទល់នឹងពេលនេះ យើងមានស្ពានឆ្លងកាត់ទន្លេសាបចំនួន ៥ មកហើយ ដែលសុទ្ធសឹងស្ថិតនៅក្នុងរាជធានីភ្នំពេញ និងខេត្តកណ្ដាល សម្រាប់បម្រើដល់ការធ្វើដំណើរ និងវិស័យដឹកជញ្ជូនក្នុងប្រទេសទៅកាន់តំបន់សេដ្ឋកិច្ចសំខាន់ៗ។ ហើយយើងសង្ឃឹមថា ទិសដៅអភិវឌ្ឍន៍ប្រទេសកម្ពុជានឹងរីកឡើងច្រើនជាងមុន ដែលអាចមានការអភិវឌ្ឍន៍ផ្លូវក្រវ៉ាត់ក្រុង ស្ពានឆ្លងទន្លេជាច្រើនបន្ថែមទៀតនៅពេលខាងមុខ។