ត្បិតប្រទេសកម្ពុជា និងប្រទេសដទៃមួយចំនួនទៀតនៅក្នុងសមាជិកប្រជាជាតិអាស៊ីអាគ្នេយ៍សុទ្ធសឹងតែជាប្រទេសកំពុងអភិវឌ្ឍន៍ងើបពីភាពក្រីក្រក៏ដោយ ប៉ុន្តែគេសង្កេតឃើញថាប៉ូលអាស៊ានគឺតំបន់មួយដ៏មានឥទ្ធិពល និងការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ទាក់ទាញដល់ប្រទេសធំៗមកវិនិយោគកាន់តែច្រើននាពេលដ៏ខ្លីខាងមុខ។ អាស៊ាន គឺជាសហគមន៍ចម្រុះជាតិសាសន៍ ភាសាខុសៗគ្នា វប្បធម៌ចម្រុះនិងប្រហាក់ប្រហែល ប៉ុន្តែប៉ូលមួយនេះនឹងក្លាយទៅជាតំបន់ដ៏មានឥទ្ធិពលមួយ ក្រោយការរួបរួមគ្នាអាចក្លាយទៅជាសហគមន៍មួយ ដែលមានលក្ខណៈស្រដៀងនឹងសហភាពអឺរ៉ុបអញ្ចឹងដែរ ដោយនឹងយកភាសាមួយជារួម គឺអង់គ្លេសសម្រាប់ភាសាអន្ដរជាតិ ហើយទំនងទំនងការបរទេស ការធ្វើដំណើរឆ្លងប្រទេសក្នុងតំបន់នឹងផ្ដល់ភាពកាន់តែងាយស្រួលជាងមុន។ ប៉ុន្តែមុននឹងឈានទៅដល់ចំណុចនោះ យើងនឹងមកស្វែងយល់ខ្លះអំពីឥទ្ធិពលនៃលិខិតឆ្លងដែនរបស់ប្រទេសក្នុងអាស៊ាន ជាពិសេសគឺប្រទេសកម្ពុជាតែម្ដង។
បើយោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ រយៈពេល ៨ ខែដំបូងក្នុងឆ្នាំ ២០១៩ កន្លងទៅនេះ ប្រជាជនកម្ពុជាបានចេញទៅកម្សាន្ដនៅក្រៅប្រទេសប្រមាណ ១ លាននាក់ឯណោះ ខណៈកម្ពុជាទទួលបានភ្ញៀវទេសចរណ៍ ៤,៣៦០,៣៩៧ នាក់។ ដូចនេះ យើងអាចនិយាយបានថា ទំនោរនៃការចេញទៅកម្សាន្តក្រៅប្រទេសរបស់ប្រជាជនកម្ពុជាហាក់មានចំនួនកើនឡើងគួរឱ្យកត់សម្គាល់ ហើយលិខិតឆ្លងដែនកម្ពុជាក៏នឹងមានឥទ្ធិពលបន្ដិចម្ដងៗផងដែរ ព្រោះកាលពីមុនលិខិតឆ្លងដែនកម្ពុជាអាចឆ្លងទៅបានត្រឹមតែ ១៧ ប្រទេសប៉ុណ្ណោះ ប៉ុន្តែពេលនេះយើងអាចទៅកម្សាន្ដបានដល់ ៥៣ ប្រទេសដោយពុំចាំបាច់ស្នើសុំទិដ្ឋការ។ បើធៀបជាមួយប្រទេសដទៃនៅក្នុងតំបន់អាស៊ាន លិខិតឆ្លងដែនកម្ពុជាស្ថិតនៅលំដាប់លេខ ៧ ហើយស្ថិតនៅលំដាប់លេខ ៨៨ ជាសកល។
ចំណាត់ថ្នាក់ Global Ranking សម្រាប់លិខិតឆ្លងដែនទូទាំងពិភពលោក ដែលចេញផ្សាយដោយ Henley & Partners Passport Index ដែលជាស្ថាប័នអន្តរជាតិមានទីស្នាក់ការនៅទីក្រុងឡុងដ៍ បានបង្ហាញឲ្យដឹងថា លិខិតឆ្លងដែនរបស់ សិង្ហបុរី និងជប៉ុន គឺជាលិខិតឆ្លងដែនដែលមានឥទ្ធិពលជាងគេបំផុតនៅលើពិភពលោក ស្ថិតនៅលំដាប់លេខ ១ ដែលគេអាចធ្វើដំណើរជុំវិញពិភពលោកបានដល់ ១៩០ ប្រទេសឯណោះ។ បើនិយាយពីប្រទេសនៅក្នុងតំបន់អាស៊ានវិញ រួមមាន៖
• សិង្ហបុរី ជាប់ចំណាត់ថ្នាក់ទី ១ ធ្វើដំណើរ ១៩០ ប្រទេស
• ម៉ាឡេស៊ី ចំណាត់ថ្នាក់ទី ១២ អាចធ្វើដំណើរ ១៧៧ ប្រទេស
• ប៊្រុយណេ ជាប់ចំណាត់ថ្នាក់ទី ២១ ធ្វើដំណើរ ១៦៥ ប្រទេស
• ថៃ ជាប់ចំណាត់ថ្នាក់ទី ៦៦ អាចធ្វើដំណើរ ៧៧ ប្រទេស
• ឥណ្ឌូនេស៊ី ចំណាត់ថ្នាក់ទី ៧៣ អាចធ្វើដំណើរ ៧០ ប្រទេស
• ហ្វីលីពីន ចំណាត់ថ្នាក់ទី ៧៧ ធ្វើដំណើរ ៦៥ ប្រទេស
• កម្ពុជា ចំណាច់ថ្នាក់ទី ៨៨ អាចធ្វើដំណើរ ៥៣ ប្រទេស
• វៀតណាម ចំណាត់ថ្នាក់ទី ៩០ អាចធ្វើដំណើរ ៥១ ប្រទេស
• ឡាវ ចំណាត់ថ្នាក់ទី ៩២ អាចធ្វើដំណើរ ៤៩ ប្រទេស
• មីយ៉ាន់ម៉ា ចំណាត់ថ្នាក់ទី ៩៥ អាចធ្វើដំណើរ ៤៦ ប្រទេស
ពលរដ្ឋខ្មែរ មានសិទ្ធកាន់លិខិតឆ្លងដែនកម្ពុជា ដើម្បីធ្វើដំណើរទៅប្រទេសអាស៊ាន ដោយយើងអាចទទួលបានទិដ្ឋការចំនួន ១៤ ថ្ងៃសម្រាប់ទៅប្រទេសថៃ មីយ៉ាន់ម៉ា ប៊្រុយណេ និង ៣០ ថ្ងៃសម្រាប់ទៅប្រទេសឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី វៀតណាម។ លើសពីនេះ យើងក៏អាចធ្វើដំណើរទៅកាន់ប្រទេសជាច្រើនទៀត នៅទ្វីបអាហ្វ្រិច ទ្វីបអាមេរិចខាងត្បូង និងតំបន់ Caribbean -ល-។
យ៉ាងណាមិញ លិខិតឆ្លងដែនកម្ពុជាត្រូវបានគេចាត់ទុកថា មិនល្អគ្រប់គ្រាន់សម្រាប់ដំណើរកម្សាន្ដក្រៅប្រទេសនោះទេ ពោលគឺមានពាក្យនិយាយតៗគ្នា ការធ្វើលិខិតឆ្លងដែនកម្ពុជាមានតម្លៃថ្លៃជាងប្រទេសជិតខាង ២ ទៅ ៣ ដងឯណោះ ហើយអាចធ្វើដំណើរបានតែ ៥៣ ប្រទេស ដោយក្នុងនោះតំបន់អាស៊ាន ៩ ប្រទេស និងប្រទេស ៤៤ ទៀតតំបន់មួយចំនួនទៀតភាគច្រើនគឺស្ថិតនៅទ្វីបអាហ្វ្រិច ២០ ប្រទេស, តំបន់មហាសមុទ្របាស៊ីហ្វិច ៧ ប្រទេស, អាមេរិចខាងត្បូង, មជ្ឈឹមបូព៌ា និង Caribbean ដែលកម្រមានប្រជាជនខ្មែរទៅកម្សាន្ដណាស់។ ចំណែកឯចំណាត់ថ្នាក់ Global Ranking ឆ្នាំ ២០១៩ នេះក៏បានធ្លាក់មកទី ៨៨ ផងដែរ (ដោយឆ្នាំ ២០១៨ យើងទទួលបានចំណាត់ថ្នាក់ទី ៨៧ ដែលអាចធ្វើដំណើរ ៥៤ ប្រទេស)។