មិនមនុស្សមិនតិចនោះទេ ទាំងនៅប្រទេសជប៉ុន និងអន្តរជាតិ ដែលបានធ្វើដំណើរតាមជើងហោះហើរកាត់កោះ Miyazaki Prefecture ភាគខាងត្បូងប្រទេសជប៉ុន និងបានឃើញនូវព្រៃឈើមួយកន្លែង បានដុះចេញមកជារាងរង្វង់ ២ យ៉ាងស្មើល្អឥតខ្ចោះ ដែលគេមិនដឹងច្បាស់ថាព្រៃឈើនោះគឺជាការកកើតឡើងដោយធម្មជាតិ ឬក៏ជាដើមឈើសិប្បនិមិត្តដែលគេរៀបចំឡើងនោះទេ។ ប៉ុន្តែពេលនេះ វាត្រូវបានលាតត្រដាងហើយ ពីសំណាក់ក្រុមអ្នកវិទ្យាសាស្ត្រព្រៃឈើជប៉ុន គេបញ្ជាក់ប្រាប់ថា ដើមឈើដែលដុះចេញមានរូបរាងជារង្វង់ធំៗចំនួន ២ នោះគឺជាលទ្ធនៃការធ្វើពិសោធន៍ព្រៃឈើកាលពីជិត ៥០ ឆ្នាំមុន។
គម្រោងនៃការពិសោធន៍ព្រៃឈើនេះ ត្រូវបានចាប់ផ្ដើមឡើងតាំងពីឆ្នាំ ១៩៧៣ ដែលគេព្យាយាមសាកល្បងរៀបចំ ដំណើរការដាំដុះនៃដើមឈើព្រៃម្យ៉ាង ហៅថា ដើមតាត្រៅ (Cedar Tree) មកផ្គុំបញ្ជូលគ្នាចំនួន ១០ បន្ទាត់រង្វង់ និងទុកចន្លោះស្មើៗគ្នាក្នុងទំហំមុំ ១០ ដឺក្រេ ហើយនោះគឺជាមធ្យោបាយដែលជនជាតិជប៉ុនស្រាវជ្រាវ ដើម្បីរក្សាដើមឈើក្នុងព្រៃឲ្យដុះមានរបៀបល្អ និងចំណេញទីធ្លារដីព្រៃ។ មិនត្រឹមតែប៉ុណ្ណោះ គេបានយកដើមឈើធំៗដាក់នៅបន្ទាត់រង្វង់ផ្នែកខាងក្រៅ ចំណែកដើមឈើតូចដាក់នៅបន្ទាត់រង្វង់ខាងក្នុង។
រយៈពេល ៤៥ ឆ្នាំក្រោយមកតំបន់ព្រៃនៅកោះ Miyazaki Prefecture នោះបានលូតលាស់ធំចេញដើមឈើធំមានរូបរាងប្លែកមិនធម្មតា ដោយដើមឈើ Cedar Tree ទាំងអស់នោះមានរូបរាង Convex shape ហៅជារាងបាតខ្ទះ មានជម្រៅនៅផ្នែកកណ្ដាល ដែលការមើលពីលើអាកាសពិតជាអស្ចារ្យមិនធ្លាប់ឃើញពីមុនមក។ ពេលនេះ ដើមឈើដែលមានរាងរង្វង់មូលបាតខ្ទះទាំងនោះ ត្រូវបានអភិរក្សាថែរក្សាយ៉ាងត្រឹមត្រូវ ដោយរយៈពេល ៥ ឆ្នាំម្ដង គេត្រូវកាត់តម្រឹមវាឲ្យស្មើរ មិនឲ្យដុះខូចទ្រទ្រាយនេះឡើយ។