បើយោងតាមការសិក្សាថ្មីដ៏ធំមួយរបស់ប្រទេសចិន បានរកឃើញថាអ្នកដែលគេងលើសពី 9 ម៉ោងរាល់យប់ ឬដែលគេងច្រើននៅពេលថ្ងៃ អាចមានការកើនឡើងហានិភ័យ នៃជំងឺដាច់សរសៃឈាមខួរក្បាល។
អ្នកស្រាវជ្រាវ នៅសកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា Huazhong ក្នុងទីក្រុង Wuhan បានធ្វើការសិក្សា និងមើលទៅលើមនុស្សពេញវ័យជនជាតិចិន 31,750 នាក់ដែលមានអាយុជាមធ្យម 62 ឆ្នាំ និងមិនមានប្រវត្តិនៃជំងឺដាច់សរសៃឈាមខួរក្បាល ឬបញ្ហាសុខភាពសំខាន់ៗដទៃទៀតពីមុនមកឡើយ។
អ្នកស្រាវជ្រាវបានសួរពួកគេ អំពីទម្លាប់នៃការគេង និងពេលគេង របស់ពួកគេដោយ 80% នៃអ្នកចូលរួមបានរាយការណ៍ថា ពួកគេគេងថ្ងៃបានយូរជាង 90 នាទី ហើយ 24% និយាយថាពួកគេគេង 9 ម៉ោងឬច្រើនជាងនេះ ក្នុងមួយយប់មុនពេលធ្វើការតាមដានអការៈក្នុងរយៈពេលជាមធម្យម 6 ឆ្នាំ។
ការស្រាវជ្រាវដែលត្រូវបានចេញផ្សាយអនឡាញ បានបង្ហាញថាបន្ទាប់ពីពិចារណាលើកត្តា ដែលអាចប៉ះពាល់ដល់ហានិភ័យ នៃជំងឺដាច់សរសៃឈាមខួរក្បាល ដូចជាជំងឺលើសឈាម ទឹកនោមផ្អែម និងការជក់បារី អ្នកដែលគេងពេលថ្ងៃទូទៅលើសពី 90 នាទី ទំនងជាមាន 25% មានជំងឺដាច់សរសៃឈាមខួរក្បាល ច្រើនជាងអ្នកដែលគេងលក់ពេលថ្ងៃ មានរយៈពេលខ្លីពីមួយទៅ 30 នាទី។
នៅពេលក្រឡេកមើលទម្លាប់នៃការគេងរបស់ពួកគេ ក្រុមអ្នកស្រាវជ្រាវបានរកឃើញថាអ្នកចូលរួម ដែលបានគេង រយៈពេល 9 ម៉ោងឬច្រើនជាងនេះ ក្នុងមួយយប់មាន 23% ហាក់ដូចជាមានជំងឺដាច់សរសៃឈាមខួរក្បាល ជាងអ្នកដែលគេង 7 ទៅតិចជាង 8 ម៉ោងក្នុងមួយយប់។
អ្នកដែលគេងលក់ស្កប់ស្កល់យូរៗ ទាំងអ្នកគេងថ្ងៃយូរនិង អ្នកគេងយប់យូរជាង 9 ម៉ោង គឺងាយនឹងកើតជំងឺដាច់សរសៃឈាមខួរក្បាល ជាងអ្នកក្នុងម៉ោងកំណត់ធម្មតាតាមក្បួនវេជ្ជសាស្ត្រ។
អ្នកដែលនិយាយថាពួកគេគេងមិនសូវលក់ស្កប់ ក៏អាចមានជំងឺដាច់សរសៃឈាមខួរក្បាល 29% ផងដែរ ជាងអ្នកដែលមានដំណេកល្អ។
ការស្រាវជ្រាវបន្ថែមគឺចាំបាច់ឲ្យយល់ពីផលប៉ះពាល់ នៃការគេងថ្ងៃយូរ និងគេងច្រើនម៉ោងនៅពេលយប់ អាចត្រូវបានផ្សារភ្ជាប់ទៅនឹងការកើនឡើង ហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាល ប៉ុន្តែការស្រាវជ្រាវពីមុន បានបង្ហាញថាអ្នកគេងថ្ងៃច្រើន និងអ្នកគេងយូរ មានការប្រែប្រួលមិនប្រក្រតី នៅក្នុងកម្រិតកូលេស្តេរ៉ុលរបស់ពួកគេនិងអាចធ្វើឲ្យទំហំចង្កេះរបស់ពួកគេ រីកធំទៀតផង។ អ្នកនិពន្ធនៃការសិក្សានេះ លោក Xiaomin Zhang, MD, Ph.D., បាននិយាយថា "កត្តាទាំងនោះគឺជាកត្តាហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាល"។
លើសពីនេះទៀតការគេងច្រើននៅពេលថ្ងៃ និងគេងយូរម៉ោងនៅពេលយប់ ក៏ជាការឆ្លុះបញ្ចាំងពីបែបផែននៃការរស់នៅដ៏អសកម្មទូទៅ គ្មានលំហាត់ប្រាណច្បាស់លាស់ រាងកាយគ្មានចលនាគ្រប់គ្រាន់ ក្នុងការធ្វើឲ្យសរសៃឈាមក្នុងសារពាង្គកាយដំណើរការបានស្រួល ដែលវាគឺជាការពាក់ព័ន្ធយ៉ាងធ្ងន់ធ្ងរ ឆ្ពោះទៅរកជម្ងឺដាច់សរសៃឈាមខួរក្បាលផងដែរ។
លោង Zhang បានបន្ថែមថា “អ្នករាល់គ្នាគួរតែរក្សាទម្លាប់នៃការគេងឲ្យបានត្រឹមត្រូវទាំងពេលថ្ងៃ និងពេលយប់ ទាំងរយៈពេលនៃការគេង ពេលវេលានៃការចូលគេង នៅក្នុងកម្រិតមធ្យមតាមក្បួនវេជ្ជសាស្ត្របានកំណត់ ដើម្បីបង្កើតជាដំណេកដ៏មានគុណភាព និងផ្តល់តុល្យភាពដល់សារពាង្គកាយ ជាពិសេសសម្រាប់មនុស្សវ័យកណ្តាល និងមនុស្សចាស់។”