ប្រទេសកម្ពុជា បានយកព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ដោយយើងអាចឃើញយ៉ាងច្បាស់នៅលើបាវចនា «ជាតិ សាសនា ព្រះមហាក្សត្រ» ហើយប្រជាជនខ្មែរប្រហែល ៩៧% កាន់ព្រះពុទ្ធសាសនា ដែលស្របទៅតាមទំនៀបទំលាប់ និងប្រពៃណីដែលមានតាំងពីបុរាណមក។ ដូចនេះហើយ ទើបទីអារាម ប្រៀបដូចជាកន្លែងសម្រាប់អប់រំព្រះធម៌ ដើម្បីទ្រទ្រង់ព្រះពុទ្ធសាសនាអញ្ចឹងដែរ។
គម្រោងបង្កើតមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ដ៏ធំមួយត្រូវបានបង្កើតឡើងនៅក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយការសាងសង់នៅលើផ្ទៃដីទំ ១២៦ ហិចតា នឹងអាចចំណាយថវិកាប្រមាណជាង ១០ លានដុល្លារអាមេរិច ពេលនេះគម្រោងបានលេចចេញជារូបរាងបណ្ដើរៗហើយ។
មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនានេះ គឺមានប្លង់ជារាងសណ្ឋានស្លឹកពោធិ៍ ជារុក្ខជាតិដើមឈើដែលព្រះពុទ្ធព្រះអង្គធ្លាប់គង់នៅ ហើយនៅក្នុងបរិវេណទាំងក្រៅនិងខាងក្នុងនឹងសង់ទិដ្ឋភាពចម្រុះពាក់ព័ន្ធនឹងព្រះពុទ្ធសានា ក្នុងនោះមហាប្រាសាទនឹងត្រូវគេសាងសង់ចំនួន ១២ នៅព័ន្ធជុំវិញស្លឹងពោធិ៍នោះ។ ជួរទី១ ប្រើសម្រាប់តម្កល់គម្ពីរ ក្បួនច្បាប់សាសនា និងផ្ទាំងថ្មចារគម្ពីរព្រះត្រៃបិដកទាំង ១១០ ភាគ។ មហាប្រាសាទជាន់ទី ២ ប្រើសម្រាប់តម្កល់ព្រះពុទ្ធរូបចំនួន ៤០,០០០ ព្រះអង្គ សង់ឡើងពីថ្មភ្នំ។ បន្ទាប់មកយើងនឹងមានគូទឹកព័ទ្ធជុំវិញសម្រាប់ធ្វើពិធីសាសនាធំៗ ហើយបានកសាងផ្ទាំងសិលាចារគម្ពីរព្រះត្រៃបិដកចំនួន ១,០០០ ផ្ទាំង។
នៅចំកណ្តាល យើងនឹងសាងសង់ព្រះមហាចុល្លាមុនីចេតិយព្រះសមណគោតម ដ៏ធំបំផុតមានទទឹង ៨០ ម៉ែត្រ និងកម្ពស់រហូតដល់ទៅ ៩២.៧០ ម៉ែត្រ សម្រាប់តម្កល់ព្រះអដ្ឋិធាតុព្រះពុទ្ធអង្គដែលបានសុំមកពី ប្រទេសឥណ្ឌា។ ព្រះមហាចេតិយនេះ មានកម្ពស់ ១១ ជាន់ ដែលក្នុងនោះមានសាលសន្និសីទ សាលប្រជុំ សាលពិព័រណ៍ បណ្ណាល័យ រដ្ឋបាល និងកន្លែងជាច្រើនទៀត។
ក្រៅពីនោះ «មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា» មានសាងសង់កន្លែងទាក់ទិននឹងប្រវត្តិរបស់ព្រះពុទ្ធអង្គកប់នៅក្នុងព្រៃ ដើម្បីឲ្យមហាជនបានស្វែងយល់បន្ថែម មានសាងសង់ព្រះពុទ្ធអង្គដ៏ធំចំនួន ៤ ទិស មានសាងសង់វត្តអារាម កន្លែងសំណាក់ធម៌របស់លោកតាលោកយាយ កន្លែងដាំផ្កាសម្រាប់ជាតង្វាយព្រះ និងក្បួនប្រាសាទជាច្រើនទៀត។ តាមការសិក្សាគេប៉ាន់ស្មានថា គម្រោងនេះអាចនឹងបញ្ចប់ក្នុងរយៈពេល ៥ ទៅ ៧ ឆ្នាំ ហើយសំណង់ដ៏ធំស្កឹមស្កៃនេះ នឹងបម្រើជាប្រយោជន៍សម្រាប់ប្រទេសជាតិចំនួន ៣ ចំណុច រួមមាន៖
១. ដើម្បីលើកតម្កើងព្រះពុទ្ធសាសនា ទ្រទ្រង់ពុទ្ធវចនៈឲ្យគង់នៅ។
២. សម្រាប់ជាបុណ្យកុសលដល់មនុស្សទូទៅ ដែលចេះបរិច្ចាកចែករំលែក និងស្វែងយល់ពីព្រះធម៌។
៣. គឺសម្រាប់រក្សាទុកជាសម្បត្តិដល់កូនចៅជំនាន់ក្រោយ និងប្រទេសជាតិ ដូចដូនតាយើងសាងសង់ប្រាសាទទុកឲ្យអញ្ចឹងដែរ។