កន្ត្រកជិះកម្ពស់ ៨៥ ម៉ែត្រ នឹងដាក់ឲ្យដំណើរការនៅខែមីនា ឆ្នាំ២០២០ ខាងមុខនេះ!

ខេត្តសៀមរាប ត្រៀមសម្ពោធនូវកន្ត្រកជិះមួយ ដែលមានកម្ពស់ដល់ ៨៥ ម៉ែត្រ ជាកន្ត្រកជិះមានកម្ពស់ខ្ពស់ជាងគេក្នុងប្រទេសកម្ពុជាដែលមិនធ្លាប់មានពីមុនមក នៅក្នុងខែមីនា ឆ្នាំ២០២០ ខាងមុខនេះ ហើយបើធៀបនឹងកន្ត្រកជិះដែលធ្លាប់ស្ថិតនៅសួនកម្សាន្ដ Dream Land កាលពីមុន (៤៥ ម៉ែត្រ) គឺខ្ពស់ជាងមុនស្ទើរពាក់កណ្ដាល។

កន្ត្រកជិះនេះ ត្រូវបានគេដាក់ឈ្មោះឲ្យថា Angkor Eye ជាការវិនិយោគរបស់ក្រុមហ៊ុន Angkor Eye Company Limited សហការជាមួយក្រុមហ៊ុនជប៉ុន CQ Amenic Co, Ltd ដែលប្រើប្រាស់ទុនសរុបជាង ៧ លានដុល្លារ នឹងបានចាប់ផ្ដើមស្ថាបនានិងសាងសង់ឡើងកាលពីខែកក្កដា ឆ្នាំ២០១៩ កន្លងទៅ ដោយនាំចូលបង្គុំពីប្រទេសជប៉ុន ដែលមានទំងន់សរុប ៧០០ តោន (ដុំចំណុចកណ្ដាល់មានទំងន់ ៦១ តោន) និងរៀបចំតម្លើងស្របតាមស្ដង់ដាបច្ចេកទេសជប៉ុន មានកន្ត្រលវិលចំនួន ៤៨ កាប៊ីន បំពាក់ដោយម៉ាស៊ីនត្រជាក់ និងអាចផ្ទុកមនុស្សបានសរុប ១៩២ នាក់ក្នុងពេលតែមួយ។ 

កន្ត្រកជិះដ៏ធំនេះ មានទីតាំងស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ ៦ ត្រង់ចំណុចភូមិគ្រួស សង្កាត់ស្វាយដង្គុំ ពោលគឺស្ថិតនៅក្នុងបរិវេណផ្សារ និងតំបន់កម្សាន្ដ Box Ville ខាងកើតមជ្ឈមណ្ឌលភូមិវប្បធម៌ នៃក្រុងសៀមរាបតែម្ដង។ ការស្ថាបនាកន្ត្រកវិលនេះឡើង គឺដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ឲ្យមកកម្សាន្ដនៅខេត្តសៀមរាបថែមមួយកម្រិតទៀត ព្រោះគេអាចទស្សនានូវទិដ្ឋភាពជុំវិញទីក្រុងសៀមរាបបានឆ្ងាយ ដោយពុំចំណាយប្រាក់ច្រើនដើម្បីជិះបាឡុងឡើយ ព្រោះកន្ត្រកនេះនឹងហោះឡើងចំណុចខ្ពស់បំផុត ៨៥ ម៉ែត្រ អាចមើលឃើញទីក្រុងទាំងមូល តំបន់បឹងទន្លេសាប និងរម្មណីដ្ឋានអង្គរ -ល- ហើយក្នុងមួយជុំវាចំណាយពេល ១៨ នាទី ចំណែកតម្លៃវិញត្រឹមតែ ៥ ដុល្លារប៉ុណ្ណោះក្នុងម្នាក់។

ជាសរុបមក កន្ត្រកជិះកម្ពស់ខ្ពស់លំដាប់ពិភពលោកនេះ គឺជាការស្ថាបនានៃកន្ត្រកវិលឡើងវិញនៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីកន្ត្រលវិលនៅសួនកម្សាន្ដ Dream Land ភ្នំពេញត្រូវបានរុះរើចោលបាត់ទៅ ហើយវាពិតជាការអភិវឌ្ឍន៍ដ៏ពិសេសមួយ ព្រោះអាចរួមចំណែកក្នុងការទាក់ទាញភ្ញៀវទេសចរណ៍មកខេត្តសៀមរាប ទឹកដីប្រវត្តិសាស្ត្រដ៏រុងរឿង បង្កើតការងារដល់ប្រជាជនក្នុងស្រុក ពង្រឹកអាជីវកម្មតំបន់កម្សាន្ដ Box Ville និងអាចរកចំណូលបានច្រើន ផងដែរ។