ហាងឆេងមាស នៅវៀតណាមចាប់ផ្ដើមធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ៨ ឆ្នាំ

វៀតណាម៖ ហាងឆេងទីផ្សារមាស ក្នុងស្រុកនៅវៀតណាម បានដាំក្បាលចុះជាលើកដំបូង បន្ទាប់ពីឡើងខ្ពស់អស់រយៈពេល ០៨ ឆ្នាំកន្លងទៅ។ ទីផ្សារមាសរបស់វៀតណាម កំពុងធ្វើឲ្យវិនិយោគិនធំៗ មានការព្រួយបារម្មណ៍ បន្ទាប់ពីតម្លៃមាសចាប់ផ្ដើមធ្លាក់ចុះ នៅដើមឆ្នាំ ២០២០ នេះ ដែលការធ្លាក់ចុះនោះគឺស្ថិតក្នុងចន្លោះពី ១.៣ លានដុង ទៅ ២ លានដុង ឬស្មើនឹងទឹកប្រាក់ USD ៥៦ ទៅ USD ៨៦ ដុល្លារអាមេរិក គិតមកដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ ម្សិលមិញនេះ។

វិនិយោគិន ដែលដាក់ទុនវិនិយោគលើតម្លៃមាសសុទ្ធ អស់រយៈពេលជាង ៧ ឆ្នាំកន្លងទៅ ដោយសារតែហាងឆេងមាសឡើងថ្លៃ បានកំពុងបង្ហាញពីការព្រួយបារម្មណ៍ ស្របពេលតម្លៃមាសចាប់ផ្ដើមធ្លាក់ចុះបន្តិចនៅដើមឆ្នាំ ២០២០ នេះ ដោយសារតែបញ្ហារាតត្បាតនៃមេរោគ Covid 19 ដែលប៉ះពាលទៅដល់សេដ្ឋកិច្ចទីផ្សារសកល និងហាងឆេងមាសនៅចិន ដែលជាបណ្ដុំទីផ្សារមាសដុំដ៏ធំ។ ក្នុងនោះ តម្លៃទីផ្សារគ្រឿងអលង្ការ នៃផ្សារសៃហ្គន (Sai Gon) របស់វៀតណាម បានបង្ហាញអំពីតម្លៃមាសសុទ្ធបានធ្លាក់មកសល់ត្រឹម ៤៧៧ លានដុង ឬប្រហាក់ប្រហែល ២,០៦០ ដុល្លារអាមេរិក ក្នុងមួយតម្លឹង នេះបើយោងតាមប្រភពព័ត៌មាន ក្នុងស្រុករបស់វៀតណាមចេញផ្សាយកាលពីម្សិលមិញនេះ។ បច្ចុប្បន្ន នៅលើទីផ្សារប្តូរប្រាក់ជាសកល (Kitco) តម្លៃមាសបានធ្លាក់ចុះ ១ ភាគរយដល់ ១,៦៥៦ ដុល្លារក្នុងមួយអោន ឬស្មើរនឹង (១,៩៩៥ ដុល្លារក្នុងមួយតម្លឹង) ដែលតម្លៃនេះគឺទាបជាងទីផ្សាររបស់វៀតណាមទៅទៀត។

លោក Phan Dũng Khánh នាយកវិនិយោគនៃធនាគារ Maybank ប្រចាំនៅវៀតណាម បានប្រាប់សារព័ត៌មានឲ្យដឹងថា វិនិយោគិនត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការធ្វើពាណិជ្ជកម្មរបស់ពួកគេដោយសារការឡើងចុះយ៉ាងខ្លាំង នៃតម្លៃមាសសុទ្ធ ក៏ប៉ុន្តែគម្លាតនៃការលក់ទិញ នៅវៀតណាម នៅពេលនេះមិនទាន់ឈានទៅដល់ការព្រួយបារម្មណ៍ខ្ពស់នោះទេ គឺទីផ្សារនៅមានកម្រិតខ្ពស់ដដែល។ ជុំវិញបញ្ហានេះ លោក Nguyễn Hoàng Minh ទេសាភិបាលរងនៃធនាគាររដ្ឋវៀតណាម (SBV) បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា ធនាគារកណ្តាលវៀតណាម បានយកចិត្តទុកដាក់ខ្ពស់ទៅលើតម្លៃហាងឆេងមាស ហើយតែងតែត្រៀមអន្តរាគមន៍ ក្នុងទីផ្សារនៅពេលចាំបាច់។ យោងតាមរបាយការណ៍របស់ក្រុមហ៊ុនលក់មាសក្នុងស្រុករបស់វៀតណាម បង្ហាញថាអត្រាទិញលក់មាសនៅលើទីផ្សារនៅចន្លោះថ្ងៃទី១៧ ដល់ថ្ងៃទី២២ ខែកុម្ភៈ កន្លងទៅនេះ មិនខ្ពស់ខ្លាំងប៉ុន្មានទេ។

ស្ថេរភាពទីផ្សារមាសនៅវៀតណាម អាចនឹងបន្តធ្លាក់ចុះបន្ថែមទៀត ខណៈពេលសេដ្ឋកិច្ចពិភពលោកកំពុងឈានទៅរកវិបត្តិ តែការធ្លាក់ចុះនឹងឈានដល់កម្រិតណានោះ នៅមិនទាន់មានប្រភពព័ត៌មានបញ្ជាក់ឲ្យបានដឹងច្បាស់នៅឡើយទេ៕