កាលពីពេលថ្មីៗកន្លងទៅនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចអនុម័តចេញនូវវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ នូវគម្រោងវិនិយោគជាច្រើន ហើយក្នុងនោះក៏មានគម្រោងវិនិយោគមន្ទីពេទ្យអន្តរជាតិថ្មីមួយ នៅតាមបណ្ដោយមហាវិថីសម្ដេច ហ៊ុន សែន (ផ្លូវ ៥០ ម៉ែត្រ) ស្ថិតនៅក្នុងភូមិស្រុកចេក និងភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
គម្រោងអាជីវកម្មនេះត្រូវបានវិនិយោគដោយក្រុមហ៊ុន Royal Cambodia Hospital Co., Ltd ដែលនឹងបើកអាជីវកម្មមន្ទីរពេទ្យអន្តរជាតិ ទំហំធំអាចផ្ទុកគ្រែសម្រាកព្យាបាលបានដល់ ១,៥០០ គ្រែ ជាមួយនឹងទុនវិនិយោគប្រមាណ ៤៧៨ លានដុល្លារ និងអាចបង្កើតការងារដល់ប្រជាជនបានចំនួន ៨២៩ កន្លែង។
ចំពោះការវិនិយោគនេះ គឺជាឱកាសនៃការពង្រឹងវិស័យសុខាភិបាលនៅប្រទេសកម្ពុជា យកចិត្តទុកដាក់ទៅលើការព្យាបាល ជាពិសេសនៅតាមបណ្ដាតំបន់ទីក្រុងរណបរាជធានីភ្នំពេញ ស្របពេលដែលទីក្រុងភ្នំពេញមានប្រជាជនរស់នៅច្រើនឡើងរហូតដល់ ២,២ លាននាក់។ ដូចនេះការអភិវឌ្ឍន៍មន្ទីអន្តរជាតិ គឺជាកត្ដាចាំបាច់មួយទៅលើការអភិវឌ្ឍន៍ ជាក់ស្ដែងតំបន់មហាវិថីសម្ដេច ហ៊ុន សែន (ផ្លូវ ៥០) និងផ្លូវ ៦០ កំពុងមានការវិនិយោគបណ្ដាក់ទុនពីក្រុមហ៊ុនធំៗ ដូចជាសំណង់បុរី ផ្សារទំនើប ក្រុមហ៊ុនតូចធំ សាលារៀនអន្តរជាតិ -ល-។
ការអភិវឌ្ឍន៍មន្ទីនៅតាមបណ្ដាទីក្រុងរណបបែបនេះ យើងធ្លាប់បានឃើញច្រើនមកហើយ ដែលវាជួយទៅដល់ការសម្រាកព្យាបាលបានឆាប់រហ័ស បង្កើនប្រសិទ្ធភាពការងារ តួយ៉ាងមានដូចជាមន្ទីពេទ្យជោរៃ (ច្បារអំពៅ) មន្ទីពេទ្យសាន់រ៉ាយ (ជ្រោយចង្វារ), មន្ទីពេទ្យអន្តរជាតិ សែន សុខ ជាដើម។