រាជរដ្ឋាភិបាលជប៉ុន តាមរយៈភ្នាក់ងារ JICA បានផ្ដល់ជំនួយដល់គម្រោងសាងសង់ និងការបំពាក់សម្ភារៈបរិក្ខារនៅវិទ្យាស្ថានគរុកោសល្យទាំង ២ នៅខេត្តបាត់ដំបង និងរាជធានីភ្នំពេញ ក្នុងរង្វង់ទឹកប្រាក់ ៣,១៧៩ លានយ៉េន (ប្រហែល ២៩ លានដុល្លារ) ដើម្បីរួមចំណែកក្នុងការលើកកម្ពស់គុណភាពអប់រំនៅកម្រិតបឋម និងមធ្យមសិក្សាបឋមភូមិតាមរយៈការលើកកម្ពស់គុណភាពគ្រូបង្រៀនប្រកបដោយគរុកោសល្យនៃការអប់រំនៅកម្ពុជា។
គម្រោងនៃការសាងសង់វិទ្យាស្ថានគរុកោសល្យទាំងនៅភ្នំពេញ និងបាត់ដំបងនេះ បានចាប់ផ្ដើមឡើងតាំងពីឆ្នាំ ២០១៩ ដែលគិតមកទល់នឹងពេលនេះសម្រេចបានជាលទ្ធផលប្រមាណ ៣៣% ហើយបើតាមការបញ្ជាក់របស់លោក Mashaki Sakakura ប្រធានគម្រោងសាងសង់នោះ។ លោក Mashaki បានបញ្ចាក់ថា វិទ្យាស្ថានគរុកោសល្យនៅខេត្តបាត់ដំបងមានចំនួន ៥ អគារ ដែលគ្រោងនឹងបញ្ចប់នៅខែតុលា ឆ្នាំ២០២០ ចំណែកវិទ្យាស្ថានគរុកោសល្យនៅភ្នំពេញមានចំនួន ៤ អគារគ្រោងនឹងបញ្ជប់នៅខែវិច្ឆិកា ឆ្នាំ២០២០ ដូចគ្នា។
នៅពេលបញ្ចប់ការសាងសង់វិទ្យាស្ថានគរុកោសល្យទាំង ២ នឹងដើតួនាទីយ៉ាងសំខាន់ធ្វើជាមជ្ឍមណ្ឌលសម្រាប់ផ្ដល់ការអប់រំដល់គ្រូបង្រៀនកម្រិតបរិញ្ញាបត្រ និងជាវិទ្យាបណ្ដុះបណ្ដាលធនធានមនុស្ស លើកកម្ពស់គុណភាពអប់រំនៅកម្ពុជា។ លើសពីនេះទៀត តាមរយៈភ្នាក់ងារ JICA រាជរដ្ឋាភិបាលជប៉ុនបានផ្ដល់គម្រោងជំនួយបច្ចេកទេសរយៈពេល ៦ ឆ្នាំសម្រាប់ជួយគាំទ្រដល់ការកែទម្រង់ការអប់រំគ្រូបង្រៀននេះឡើង ឲ្យស្របទៅតាមយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសគឺផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យអប់រំ (ឆ្នាំ២០១៩-២០២៣) របស់ក្រសួងអប់រំយុវជននិងកីឡា ដើម្បីលើកកម្ពស់គុណភាពអប់រំ ពង្រីកសេវាអប់រំ ឲ្យកាន់តែទូលាយ និងអភិវឌ្ឍន៍ធនធានមនុស្ស សម្រាប់ជាមាគ៌ានាំផ្លូវឲ្យកម្ពុជាអាចក្លាយទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេសប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៥០ ដែលប្រជាជនប្រកបដោយចំណេះដឹង។