កុមារដែលគេងមិនបានគ្រប់គ្រាន់ ប្រឈមនឹងហានិយភ័យខ្ពស់ នៃបញ្ហាសុខភាពផ្លូវចិត្ត!



បើយោងតាមការស្រាវជ្រាវថ្មីរបស់អឺរ៉ុប បានរកឃើញថា កុមារដែលគេងមិនបានគ្រប់គ្រាន់ អាចមានហានិភ័យខ្ពស់ ក្នុងការវិវត្តទៅជាបញ្ហាសុខភាពផ្លូវចិត្ត ដូចជា ADHD បញ្ហាតានតឹងធុញថប់ និងជម្ងឺបាក់ទឹកចិត្ត (Depression) ជាដើម។



ការសិក្សាស្រាវជ្រាវនេះធ្វើឡើងដោយ ក្រុមអ្នកស្រាវជ្រាវ នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា Norwegian និងសាកលវិទ្យាល័យ Bergen នៃប្រទេសន័រវេស ដែលការស្រាវជ្រាវថ្មីនេះបានមើលទៅលើកុមារប្រមាណ 799 នាក់ ដែលត្រូវបានគេតាមដាន ចាប់ពីអាយុ 6 ទៅ 12 ឆ្នាំ។



រៀងរាល់ពីរឆ្នាំម្តង កុមារត្រូវបានគេស្នើអោយពាក់ឧបករណ៍ Accelerometer សម្រាប់វាស់ស្ទង់ចរន្តឈាម និងបេះដូង ពេញ 24 ម៉ោងក្នុងមួយថ្ងៃ ហើយក្នុងរយៈពេល 7 ថ្ងៃ ដើម្បីតាមដានចលនារបស់ពួកគេ ហើយត្រូវបានហៅពួកគេមកធ្វើការសម្ភាសន៍ ច្រើនជាងមួយដង ដើម្បីវាស់ពីការលំបាក ផ្នែកសុខភាពផ្លូវចិត្ត ដែលពួកគេអាចជួបប្រទះក្នុងកំឡុងពេលមួយសប្តាហ៍នោះ។

ការគេងមិនបានគ្រប់គ្រាន់ ត្រូវបានគេកំណត់ថាគេងតិចជាង 7 ម៉ោងក្នុងមួយយប់ គិតជាមធ្យម ក្នុងរយៈពេល 7 យប់។



ការស្រាវជ្រាវដែលត្រូវបានចេញផ្សាយ នៅក្នុង Journal Pediatric Research បានបង្ហាញថា កុមារដែលគេងតិចបំផុត មានហានិភ័យខ្ពស់បំផុតក្នុងការវិវត្ត ទៅជាបញ្ហាសុខភាពផ្លូវចិត្ត។ ក្មេងប្រុសដែលគេងតិចបំផុត មានហានិភ័យខ្ពស់ក្នុងការវិវត្ត ទៅជាបញ្ហាអាកប្បកិរិយាមិនល្អ ហើយទាំងក្មេងប្រុស និងក្មេងស្រី ដែលគេងតិចបំផុត មានហានិភ័យខ្ពស់នៃបញ្ហាផ្លូវចិត្តនាពេលអនាគតយ៉ាងខ្លី។


អ្នកនិពន្ធមួយរូប លោក Bror M. Ranum មានប្រសាសន៍ថា “ប្រសិនបើយើង ប្រាកដថាកូនៗ របស់យើងគេងបានគ្រប់គ្រាន់ វាអាចជួយការពារពួកគេ ពីបញ្ហាសុខភាពផ្លូវចិត្ត។ យើងកំពុងមើលឃើញ ការផ្សារភ្ជាប់គ្នា រវាងរយៈពេលនៃការគេង និងហានិភ័យនៃរោគសញ្ញា នៃការរំជួលចិត្ត និងអាកប្បកិរិយាខុសប្រក្រតី ដែលកូនតូចៗរបស់យើងបញ្ចេញមក នៅពេលដែលពួកគេគេងបានតិច។


ក្រុមអ្នកស្រាវជ្រាវ ក៏បានពិនិត្យមើលផងដែរ ថាតើវាអាចជាបញ្ហាសុខភាពផ្លូវចិត្ត ដែលបណ្តាលឱ្យគេងមិនគ្រប់គ្រាន់ ប៉ុន្តែទិន្នន័យបានបង្ហាញថា រយៈពេលនៃការគេងទៅវិញទេ ដែលជាកត្តាជះឥទ្ធិពលដល់សុខភាពផ្លូវចិត្ត និងមិនមែនជារឿងផ្សេងនោះទេ។

អ្នកនិពន្ធជាន់ខ្ពស់ (senior author) លោក Silje Steinsbekk នៅនាយកដ្ឋាន NTNU ក៏បាននិយាយថា “ការសិក្សាពីមុនៗ ក៏បានបង្ហាញផងដែរថា ការគេងគឺទាក់ទងទៅនឹងផ្នែកសុខភាពផ្លូវចិត្ត នៃផ្នែកចិត្តវិទ្យា។ ការស្រាវជ្រាវរបស់យើងបង្ហាញថា កុមារដែលគេងតិចម៉ោងបំផុត ជាងកុមារដទៃ ច្រើនតែអាចវិវត្តទៅកាន់ រោគសញ្ញាវិកលចរិក ចាប់ពីរយៈពេលពីរឆ្នាំទៅ។


យោងតាមគោលការណ៍ណែនាំពី National Sleep Foundation (NSF) កុមារដែលមានអាយុពី 6 ទៅ 13 ឆ្នាំ ត្រូវបានគេណែនាំអោយគេងឱ្យបានពី 9 ទៅ 11 ម៉ោងក្នុងមួយយប់ ហើយការគេងតិចជាង 7 ម៉ោងក្នុងមួយយប់ គឺមិនគ្រប់គ្រាន់ទេ។

លោក Ranum បានបន្ថែមទៀតថា កុមារពិតជាត្រូវការបរិមាណដំណេកខុសគ្នា ដែលសុខភាពរបស់ក្មេងខ្លះ អាចគេងតិច ជាងក្មេងផ្សេងទៀត ជាកស្តែង កុមារម្នាក់ត្រូវការគេងត្រឹមតែ 8 ម៉ោងក្នុងមួយយប់ទេ ទើបគាត់មានភាពរឹងមាំ និងមានសុខភាពល្អ ប៉ុន្តែកុមារម្នាក់ផ្សេងទៀត គាត់ត្រូវការដល់ទៅក្បែរ 10 ម៉ោងឯណោះ។ គាត់បានបន្ថែមថា “ប៉ុន្តែប្រសិនបើអ្នកឃើញថា កូនរបស់អ្នកហាក់ដូចជាស្ថិតនៅក្រោមលក្ខខណ្ឌអាកាសធាតុប្រែប្រួល ហើយមិនអាចផ្តោតអារម្មណ៍មិនអាចគេងបាន ឬអ្នកសម្គាល់ឃើញថាអារម្មណ៍របស់ពួកគេប្រែប្រួលជាងធម្មតានោះ អ្នកប្រាកដជាត្រូវរកវិធីសាស្ត្រ ជួយពួកគេឱ្យគេងលក់កាន់តែច្រើន និងបានឆាប់ហើយ”។


c


សរុបមក បរិមាណនៃការគេងរបស់កុមារ គឺពិតជាមានសារៈសំខាន់ណាស់ ពួកគេត្រូវការគេងច្រើនជាងមនុស្សពេញវ័យ ក្នុងការលូតលាស់ ការពង្រឹងសុខភាពខួរក្បាល និងអារម្មណ៍ជាដើម។ ដូចនេះ សូមឪពុកម្តាយគ្រប់រូប គប្បីតាមដានដំណេករបស់កូនតូចៗរបស់អ្នក ចាប់ពីចន្លោះអាយុ 6 – 13 ឆ្នាំ ឲ្យគេងឲ្យបានច្រើន លើសពី 8 ម៉ោងក្នុងមួយយប់ទើបជារឿងល្អ ដែលអាចឲ្យសុខភាពរបស់ពួកគេល្អ មានការលូតលាស់ពេញលេញ និងជៀសឆ្ងាយផុតពីជម្ងឺខួរក្បាល ឬធ្លាក់ទឹកចិត្តបាន។