មូលហេតុដែល 7-Eleven បរាជ័យក្នុងទឹកដីឥណ្ឌូនេស៊ី!

មួយរយៈចុងក្រោយនេះ យើងបានឃើញព័ត៌មានច្រើនអំពីផ្សារម៉ាត 7-Eleven ដែលត្រៀមបើកដំណើរការនៅក្នុងប្រទេសកម្ពុជា ចាប់ផ្ដើមពីរាជធានីភ្នំពេញ ឆ្នាំ ២០២១ ខាងមុខនេះ ដោយការទទួលទិញគម្រូអាជីវកម្ម (Franchise) ដោយក្រុមហ៊ុន CP ALL (Cambodia) Co., Ltd រៀបចំប្រតិបត្តិការ 7-Eleven Cambodia រយៈពេល ៣០ ឆ្នាំ។ អញ្ចឹងថ្ងៃនេះ យើងនឹងមកស្វែងយល់ព័ត៌មានមួយចំនួនអំពីភាពបរាជ័យនៃ 7-Eleven នៅក្នុងប្រទេសឥណ្ឌូនេស៊ី យកធ្វើជាមេរៀនខ្លះៗ ព្រោះថាឥណ្ឌូនេស៊ីជាប្រទេសដែលមាន GDP ធំជាងគេបំផុតប្រចាំអាស៊ីអាគ្នេយ៍ និងចំនួនប្រជាជនច្រើនជាង ២៥០ លាននាក់ ដូចនេះអាជីវកម្មលក់ដូរគួរតែទទួលបានជោគជ័យ។ ចុះហេតុអ្វីបានជា 7-Eleven បរាជ័យក្នុងទឹកដីឥណ្ឌូនេស៊ីទៅវិញ?

១. អំពីផ្សារម៉ាត 7-Eleven

7-Eleven ជាក្រុមហ៊ុនផ្សារម៉ាតដ៏ធំមួយរបស់សហរដ្ឋអាមេរិច មានមូលដ្ឋាននៅរដ្ឋ Texas ហើយគិតមកដល់ឆ្នាំ ២០២០ គេបានពង្រាយសាខាជាង ៧០,០០០ កន្លែងមកហើយនៅទូទាំងពិភពលោក ដោយភាពជោគជ័យធំបំផុតគឺនៅប្រទេសជប៉ុន និងថៃ។ នៅប្រទេសជប៉ុនមានផ្សារម៉ាត 7-Eleven ច្រើនជាង ២០,០០០ ទីតាំង និងនៅប្រទេសថៃមានច្រើនជាង ១២,០០០ ទីតាំង ខណៈសហរដ្ឋអាមេរិចដែលទឹកដីកំណើតមានត្រឹមតែជាង ៩,០០០ ទីតាំងប៉ុណ្ណោះ។

២. ការចូលមកដល់ 7-Eleven ក្នុងប្រទេសឥណ្ឌូនេស៊ី

នៅក្នុងឆ្នាំ ២០០៩ ក្រុមហ៊ុនក្នុងស្រុក PT Modern Internasional បានទិញគម្រូអាជីវកម្មបើកដំណើរការ 7-Eleven ដំបូងបង្អស់នៅទីក្រុងហ្សាកាតាក្នុងឆ្នាំ ២០១០ ហើយក៏បានក្លាយទៅជាផ្សារម៉ាតដ៏ពេញនិយមមួយក្នុងប្រទេស ដើម្បីអង្គុយលេងញ៉ាំអាហារ ភេសជ្ជៈ និងគ្រឿងស្រវឹង ក្រោយពេលសម្រាកពីការងារ ជាពិសេសក្នុងស្រទាប់យុវសិស្សនិស្សិត អ្នកបម្រើការងារផ្សេង ដែលមានអាយុចន្លោះពី ១៨ ទៅ ២៥ ឆ្នាំ។ រហូតមកដល់ឆ្នាំ ២០១២ ផ្សារម៉ាត 7-Eleven បានពង្រីកសាខារហូតដល់ ១០០ ទីតាំងនៅក្នុងទីក្រុងហ្សាកាតា និងឡើងដល់ ១៩០ ទីតាំងនៅឆ្នាំ ២០១៤ ធ្វើឲ្យការលក់ទទួលបានជោគជ័យខ្លាំងបំផុតដល់ ៧៨.២ លានដុល្លារ។ 

៣. ភាពបរាជ័យរបស់ 7-Eleven ក្នុងប្រទេសឥណ្ឌូនេស៊ី

តាមពិតទៅ ផ្សាម៉ាតនៅក្នុងប្រទេសឥណ្ឌូនេស៊ីទទួលបានការគាំទ្រច្រើន គិតចាប់ពីឆ្នាំ ២០០៧ ផ្សារម៉ាតមានត្រឹមតែ ១២,០០០ ទីតាំងប៉ុណ្ណោះក្នុងប្រទេស មកដល់ឆ្នាំ ២០១៦ ផ្សារម៉ាតបានកើនឡើងខ្ពស់ដល់ ៤០,០០០ ទីតាំង។ ដូចនេះទន្ទឹមនឹងការបើក 7-Eleven ក្នុងទីក្រុងហ្សាកាតា ក៏ជាពេលដែលវាមានគូរប្រជែងច្រើនផងដែរ ជាមួយក្រុមហ៊ុនផ្សារម៉ាតក្នុងស្រុក ហើយគូរប្រជែងធំបំផុតគឺ Indomaret និង Alfamart។ នៅឆ្នាំ ២០១៧ ផ្សារម៉ាត Indomaret មានសាខារហូតដល់ ១៥,០០០ កន្លែង ចំណែកឯ Alfamart មានចំនួន ១០,០០០ កន្លែង ហើយធៀបជាមួយ ១៩០ សាខារបស់ 7-Eleven គឺជាចំនួនតិចតួចបំផុត ហើយពេលនោះហើយទើបគេឃើញ 7-Eleven ចាប់ផ្ដើមបិទទ្វារទៅវិញ។ 

បញ្ហាបន្ថែមអំពីភាពបរាជ័យខាងលើ ក៏មានរួមចំណែកដោយ ការហាមឃាត់លក់គ្រឿងស្រវឹងនៅតាមផ្សារម៉ាតដែលរដ្ឋាភិបាលឥណ្ឌូនេស៊ី បានអនុម័តនៅឆ្នាំ ២០១៥ ធ្វើឲ្យការលក់ 7-Eleven ធ្លាក់ចុះប្រមាណ ២៤% ពីមួយឆ្នាំទៅមួយឆ្នាំ។ ម្យ៉ាងវិញទៀត ផ្សារម៉ាតដែលទិញគម្រូអាជីវកម្មពីបរទេស មានផលវិបាកក្នុងការពង្រីងសាខារបស់ខ្លួនទៅកាន់ទីក្រុងផ្សេងៗទៀត ខុសពីក្រុមហ៊ុនក្នុងស្រុក ធ្វើឲ្យ 7-Eleven ពិបាកវាយលុកទីផ្សារទៅតំបន់ផ្សេងៗទៀត។ លើសពីនេះ ប្រជាជនឥណ្ឌូនេស៊ីក៏មិនសូវចំណាយលុយច្រើនផងដែរ មានន័យថាគេអាចឃើញមនុស្សកុះករច្រើនក្នុងហាង 7-Eleven ប៉ុន្តែម្នាក់ៗចំណាយទិញភេសជ្ជៈមួយកំប៉ុង ឬនំមួយកញ្ចប់ ប៉ុន្តែអង្គុយលេង (Free Wi-Fi) រាប់ម៉ោង។ ទើបដល់ឆ្នាំ ២០១៦ ផ្សារម៉ាត 7-Eleven ចំនួន ២៥ សាខាចាប់ផ្ដើមបិទទ្វារ មកដល់ឆ្នាំ ២០១៧ ជាឆ្នាំដែល 7-Eleven បិទទ្វារផ្សារម៉ាតរបស់ខ្លួនទាំងស្រុងពីប្រទេសឥណ្ឌូនេស៊ី ហើយក្រុមហ៊ុន PT Modern Internasional ដែលបានទិញគម្រូអាជីវកម្ម 7-Eleven មកដំណើរការក្នុងប្រទេស បានត្រឹមតែរង់ចាំការសហការវិនិយោគថ្មីៗពីក្រុមហ៊ុនដទៃទៀតប៉ុណ្ណោះ។