ក្រោយស្ងប់ស្ងាត់មួយរយៈខ្លី ពេលនេះកូរ៉េខាងត្បូងផ្ទុះករណីកូវីដ ១៩ ថ្មីបន្ថែមទៀត!

សេអ៊ូល៖ នៅក្នុងទ្វីបអាស៊ីក្រៅពីប្រទេសចិន គឺមានតែកូរ៉េខាងត្បូងប៉ុណ្ណោះ ដែលល្បីល្បាញជាងគេ ជុំវិញករណីឆ្លងមេរោគមានចំនួនច្រើន តែក៏មានការអនុវត្ត និងប្រយុទ្ធប្រឆាំងនឹងមេរោគឆ្លងនេះ យ៉ាងសស្រាក់សស្រាំផងដែរ។ ជាក់ស្ដែង កាលពីពេលថ្មីៗកន្លងទៅពោលគឺដើមខែឧសភា កូរ៉េខាងត្បូង បានបើកដំណើរការឡើងវិញ នៅពេលស្ថានការណ៍មានភាពល្អប្រសើរ តែមកដល់ថ្ងៃច័ន្ទទី១១ ម្សិលមិញនេះ កូរ៉េខាងត្បូង ត្រូវបានរាយការណ៍មកថា មានករណីអ្នកឆ្លងមេរោគថ្មីទៀតហើយ ដោយលើកនេះចោទឡើងពីកន្លែងរាត្រី។

ប្រភពព័ត៌មានអន្តរជាតិចេញផ្សាយកាលពីម្សិលមិញបានឱ្យដឹងថា អាជ្្ញាធរកូរ៉េខាងត្បូង បានចេញបញ្ជាឱ្យបិទផ្អាកដំណើរការ នៅតំបន់កំសាន្តពេលរាត្រី ដែលរួមមានដូចជា ក្លឹបកំសាន្ត កន្លែងជួបជុំផឹកស៊ី នានា ដោយសារតែមានការផ្ទុះឡើងសារជាថ្មីម្ដងទៀត នូវចំនួនអ្នកឆ្លងមេរោគ។ ក្នុងនោះ មនុស្ស ៣៥ នាក់ផ្សេងទៀត ត្រូវបានធ្វើតេស្ដ និងស្វែងរកឃើញនូវផលវិជ្ជមាន នៃការផ្ទុកមេរោគនេះ ដែលធ្វើឱ្យចំនួនអ្នកឆ្លងសរុបនៅកូរ៉េខាងត្បូងកើនឡើងដល់ ១០,៩០៩ នាក់ ដោយចំនួននេះអាចនឹងកើនឡើងបន្ថែមទៀត តាមការសន្និដ្ឋាន ព្រោះការផ្ទុះករណីថ្មីលើកនេះ មានពាក់ព័ន្ធជាមួយនឹងបុរសអាយុ ២៩ ឆ្នាំម្នាក់ ដែលត្រូវបានធ្វើតេស្ដរកឃើញមេរោគនេះ ហើយគាត់បានចំនាយពេលនៅតាមក្លឹបរាត្រី ចំនួន ៥ កន្លែង នៅក្នុងតំបន់ Itaewon នាដើមខែឧសភា កន្លងទៅ។

ក្រោយពីស៊ើបអង្កេត និងកំណត់គោលដៅបានច្បាស់លាស់ហើយ អាជ្ញាធរកូរ៉េប្រចាំតំបន់ បានចេញសេចក្ដីប្រកាសភ្លាម ជូនដំណឹងទៅដល់ប្រជាពលរដ្ឋគ្រប់រូប មានវត្តមាននៅតាមក្លឹប ក៏ដូចជាទីតាំងពាក់ព័ន្ធ កាលពី ២ សប្ដាហ៍មុន ឬពេលកន្លងទៅ ប្រញាប់មកធ្វើតេស្ដស្វែងរកមេរោគជាបន្ទាន់។ ជុំវិញករណីផ្ទុះឡើងសាជាថ្មីនេះ លោកនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង Chung Sye-Kyun បានមានប្រសាសន៍ដូច្នេះថា អាជ្ញាធរ នៃក្រសួងសុខាភិបាល កូរ៉ែខាងត្បូង នៅមិនទាន់អាចធ្វើការតាមដាន និងស្វែងរកប្រជាជនរាប់ពាន់នាក់របស់ខ្លួន ដែលមានវត្តមាននៅក្នុងក្លឹបរាត្រីទាំងនោះទេអស់ទេ តែរំពឹងថា សេចក្ដីប្រកាសជាសាធារណៈនេះ នឹងនាំឱ្យពួកគេចូលខ្លួនមកធ្វើតេស្ដរកមេរោគ ក្នុងរយៈពេលដ៏ខ្លី។

ការផ្ទុះឡើងនូវករណីថ្មីលើកនេះ បានបង្ហាញលទ្ធផលវិជ្ជមានតែចំនួន ៣៥ នាក់សិនប៉ុណ្ណោះ តែចំនួននេះអាចនឹងកើនឡើងបន្ថែមទៀត គ្រាន់តែអាជ្ញាធរ នៅមិនអាចធ្វើការតាមដាន និងស្វែងរកអ្នកដែលមានវត្តមាន ឬធ្លាប់មានទំនាក់ទំនងជាមួយបុរសម្នាក់នោះ កាលពីពេលកន្លងទៅគ្រប់គ្រាន់។ អាជ្ញាធរកូរ៉េខាងត្បូង ក៏បានប្រកាសឱ្យប្រជាពលរដ្ឋរបស់ខ្លួនកុំឱ្យមានការរុញរា ប្រញាប់ទៅពិនិត្យសុខភាព នៅតាមមជ្ឈមណ្ឌល ឬគ្លីនិច ដែលនៅក្បែបំផុតតាមដែលអាចធ្វើទៅបាន។ គួរបញ្ជាក់ផងដែរថា កូរ៉េខាងត្បូង បានគ្រប់គ្រងស្ថានការណ៍នៅក្នុងផ្ទៃប្រទេសរបស់ខ្លួនបានយ៉ាងប្រសើរ ដែលកាលពីចុងខែមេសា កន្លងទៅចំនួនអ្នកឆ្លង ឬផ្ទុះករណីថ្មីៗបានធ្លាក់ចុះគួរឱ្យកត់សម្គាល់ ថែមទាំងបើកឱ្យដំណើរការទីក្រុង សកម្មភាពអាជិវកម្ម និងពាណិជ្ជកម្មឡើងវិញទៀតផង កាលពីថ្ងៃពុធកន្លងទៅ៕