គម្រោងអភិវឌ្ឍន៍ទំនប់សាលាតាអន ស្ទឹងសង្កែ ខេត្តបាត់ដំបង សម្រេចបាន ៦៥% ហើយ!

នៅថ្ងៃទី ៣០ ខែឧសភា ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារ បន្ដដំណើរបេសកកម្មពិនិត្យស្ថានភាព ទឹកក្នុងដើមរដូវវស្សានេះ មកកាន់ទីតាំសាងសង់សំណង់មេស្ទាក់ទឹកស្ទឹងសង្កែ និងប្រឡាយមេដូនទាវ នៃគម្រោងអភិវឌ្ឍន៍ទំនប់សាលាតាអន ស្ថិតនៅក្នុងស្រុកឯកភ្នំ និងស្រុកសង្កែ ខេត្តបាត់ដំបង។ 

គិតមកទល់ពេលនេះ គម្រោងសំណង់ស្ទាក់ទឹកសាលាតាអននេះ បានសម្រេចប្រមាណ ៦៥% ហើយដែលវាគឺជាគម្រោងទទួលហិរញ្ញប្បទានពីសាធារណរដ្ឋកូរ៉េ ដើម្បីប្រើប្រាស់ក្នុងគោលបំណង ៣ ធំៗគឺ៖

១. ស្ទាក់ថែរក្សាទឹកទុកនៅលើស្ទឹងសង្កែ ដែលបានចាត់ទុកជាដំណាក់កាលទី ៣ ផ្នែកខាងក្រោមស្ទឹងសង្កែ បន្ទាប់ពីនៅផ្នែកខាងលើមានអាងស្ដុកទឹកពហុបំណងសេកសក និងទំនប់កង្ហត មុននឹងធ្លាក់ចូលទៅបឹងទន្លេសាប។ គម្រោងនេះមានលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រូវវស្សាចំនួន ១០,៤០០ ហិចតា និងស្រូវប្រាំង ៤,៧០០ ហិចតា

២. ជាប្រភពទឹកដើម្បីបម្រើដល់ការផ្គត់ផ្គង់ទឹកស្អាតដល់ទីរួមខេត្តបាត់ដំបង 

៣. ជាសោភ័ណភាព និងទាក់ទាញសក្ដានុពលទេសចរណ៍ដល់ក្រុងបាត់ដំបង។

ឯកឧត្តម រដ្ឋមន្ត្រីបានកោតសរសើរដល់ក្រុមហ៊ុនសាងសង់ ដែលបានព្យាយាមធ្វើការទោះស្ថិតនៅក្នុងកាលៈទេសៈប្រឈមមួយចំនួនក៏ដោយ ហើយបានណែនាំដល់មន្ទីធនធានទឹក បន្ដតាមដាននិងសហការជាមួយអាជ្ញាធរដែនដីបន្ថែមទៀត ធ្វើឲ្យសំណង់នេះមានគុណភាពរឹងមាំយូរអង្វែង ដើម្បីបម្រើជាប្រយោជន៍ដល់ការងារបង្កបង្កើនផល និងផ្គត់ផ្គង់ទឹកស្អាតប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃប្រជាពលរដ្ឋបាត់ដំបង។