ពាក្យហុងស៊ុយ ត្រូវបានគេប្រើប្រាស់ជាច្រើនណាស់ ក្នុងជីវិតប្រចាំថ្ងៃរបស់គេ មិនថាតែប្រទេសកម្ពុជាយើងឡើយ។ ពាក្យហុងស៊ុយនេះ (Feng Shui) មានដើមកំណើតមកវប្បធម៌របស់ប្រទេសចិន រយៈពេល ៣,០០០ ឆ្នាំមកហើយ ដែលគេប្រើច្រើនទៅលើការរៀបចំតុបតែង រចនា ឬទុកដាក់របៀបរៀបរយ នៅក្នុងទម្រង់មួយដែលល្អ អាចឲ្យថាមពលដែលមើលមិនឃើញហៅថា Chi អាចចូលមកក្នុងកន្លែងដែលយើងរស់នៅ។ ពាក្យ Feng ប្រែថាខ្យល់ និង Shui នេះប្រែថាទឹក ដូចនេះបើយើងនិយាយឲ្យសាមញ្ញ ការរៀបចំបែបហុងស៊ុយ គឺរៀបចំធ្វើយ៉ាងណាឲ្យបន្ទប់គេង ផ្ទះ ឬអគាររបស់យើង មានថាមពលត្រជាក់ទាំងនោះនៅជាមួយ ដែលចង់សំដៅទៅលើ ភាពត្រជាក់នៃព្រះពាយ, ធាតុត្រជាក់នៃព្រះគង្គា, រួមទាំងពន្លឺរបស់ព្រះអាទិត្យ និងព្រះចន្ទ ផងដែរ។ អញ្ចឹងថ្ងៃនេះ យើងនឹងនិយាយអំពីចំណុចក្នុងការរៀបចំបន្ទប់គេងឲ្យមានហុងស៊ុយល្អ ប៉ុន្តែសុំមិនលើកឡើងអំពីអបិយជំនឿផ្សេងៗឡើយ។
- កាត់បន្ថយគ្រឿងអេឡិចត្រូនិចក្នុងបន្ទប់គេង
ជាដំបូងយើងត្រូវគិតថា បន្ទប់គេងក្នុងផ្ទះ គឺជាកន្លែងសម្រាប់សម្រាកកាយ និងទទួលទានដំណេក ហើយវាមិនមែនជាកន្លែងសម្រាប់ធ្វើការងារ ឬការកំសាន្ដឡើយ ដូចនេះយើងគួរកាត់បន្ថយគ្រឿងអេឡិចត្រូនិចប្រើប្រាស់ ដែលពួកវាបង្កើតថាមពលអេឡិចត្រូ (Electromotive Force) បំផ្លាញបរិយាកាសធម្មជាតិក្នុងបន្ទប់ និងសុខភាពរបស់យើងទៀតផង។ ជាពិសេសវា ទាក់យើងឲ្យប្រើប្រាស់វា រំខានដល់ដំណេក។ អញ្ចឹងប្រសិនបើមានលទ្ធភាព យើងគួររៀបចំបន្ទប់គេ ឲ្យខុសពីបន្ទប់សណ្ឋាគារ ជាកន្លែងស្នាក់ ដែលក្នុងបន្ទប់មួយមានគ្រប់មុខទាំងអស់។
- រក្សាខ្យល់បរិសុទ្ធ
ជាទូទៅ បន្ទប់គេងត្រូវតែមានបង្អួចធំៗ ដើម្បីមានពន្លឺធម្មជាតិគ្រប់គ្រាន់ និងអាចបើកឲ្យសម្រាប់ខ្យល់ធម្មជាតិចូលជារៀងរាល់ព្រឹក ប្រសិនបើអ្នករស់នៅតំបន់បរិយាកាសល្អ ដូចជាវាលស្រែ និងដើមឈើចំការជាដើម។ គុណភាពខ្យល់ក្នុងបន្ទប់គឺជាសំខាន់ណាស់ ព្រោះនៅពេលគេងលក់ រាងកាយរបស់យើងសំរាក យើងត្រូវការអុកស៊ីសែនច្រើន ដើម្បីចេញចូលដល់ចង្វាក់បេះដូងដំណើរការល្អ។ ដូចនេះបន្ទប់ត្រូវមានខ្យល់អាកាសគ្រាប់គ្រាន់ ដូចជាមានកង្ហារ ឬម៉ាស៊ីនត្រជាក់ ហើយប្រសិនបើផ្ទះមានលទ្ធភាព អាចបន្ថែមម៉ាស៊ីនបន្សុទ្ធខ្យល់ទៀតកាន់តែល្អ។
- ការរៀបចំកន្លែងគេង
ការរៀបចំកន្លែងគេង ជាកន្លែងសំខាន់ជាងគេ ដែលរួមមាន៖
- ចំណាយប្រាក់ដើម្បីជ្រើសរើសពូក និងគ្រែដែលមានផាសុកភាព តាមលទ្ធភាពដែលអាចធ្វើបាន
- ក្រោមគ្រែមិនត្រូវដាក់សម្ភារៈអ្វីឡើយ ពោលគឺត្រូវទុកក្រោមគ្រែទំនេរ ឬទិញគ្រែមានអត់ជើង
- រៀបជាគូរ (ឧទាហរណ៍ ខ្នើយមួយគូរ, តុសងខាងគ្រែមួយគូរ, ចង្កៀងរាត្រីមួយគូរ)
- ជៀងវាងការដាក់គ្រែចំមាត់ទ្វារ ឬមាត់ផ្លូវដើរចេញចូល
- ការលាបពណ៌បន្ទប់
ការលាបពណ៌បន្ទប់ជាជំនួយនៃអារម្មណ៍គេង ក៏ជាការដែលលើកហុងស៊ុយទាក់ទាញលំហូរនៃថាមពល (Energy Flow) មួយផ្នែកផងដែរ។ ជាទូទៅ បន្ទប់មានហុងស៊ុយល្អបំផុតគឺជ្រើសរើសយកពណ៌ «ស្បែករបស់មនុស្ស» ដែលចាប់ពីពណ៌ស ទៅពណ៌ត្នោត តាមដែលយើងស្រលាញ់។ ប៉ុន្តែគ្មានបន្ទប់គេងណាជ្រើសរើសពណ៌រំលេចចាំង ដូចជាពណ៌លឿង បៃតង ផ្ទៃមេឃ ឬក្រហម ឡើយ។
- ការជ្រើសរើសរូបភាពតុបតែង
ក្នុងបន្ទប់គេង អ្នកត្រូវជ្រើសរើសរូបភាពដែលអ្នកពេញចិត្ត អ្នកស្រលាញ់ ហើយចង់ឲ្យវាកើតឡើងចំពោះអ្នក។ ដូចនេះជាទូទៅ យើងតែងដាក់រូបភាពគ្រួសាររីករាយ និងមានសុភមង្គល, រូបភាពស្អាតៗនៃអាពាហ៍ពិពាហ៍, រូបភាពទេសភាពស្អាតៗដែលយើងចង់ទៅ, ឬរបស់ដែលយើងពេញជាដើម។ ប៉ុន្តែជៀសវាងការដាក់រូបភាពមើលទៅហាក់ដូចជាក្រៀមក្រំ ស្រងូតស្រងាត់ ឬរូបភាពដែលមានភាពឯការ។
- ពន្លឺបន្ទប់គេង
នៅក្នុងបន្ទប់គេង នាពេលរាត្រី គួរតែមានភ្លើងស្រទន់ល្អ មិនមែនជ្រើសរើសភ្លើងភ្លឺខ្លាំងនោះទេ។ គេរកឃើញថា ពន្លឺភ្លើងទៀន គឺជាពន្លឺដ៏ល្អបំផុតសម្រាប់ហុងស៊ុយបន្ទប់គេង ដែលវាស្រទន់ល្អសម្រាប់ភ្នែក ហើយគ្មានសារធាតុពុលដែលប៉ពាល់បរិយាកាសទៀតផង។ ប៉ុន្តែដោយសារជៀងវាងហានិភ័យជាយថាហេតុ ទើបក្រុមហ៊ុនជាច្រើនផលិតចង្កៀងរាត្រី ដែលមានពន្លឺប្រហាក់ប្រហែលទៀនដែរ។
- គេងដោយបិទទ្វារទាំងអស់
បើនិយាយតាមក្បូនហុងស៊ុយ គេអោយយើងគេងដោយបិទទ្វារទាំងអស់ ដើម្បីរក្សានូវភាពសុខុដុម និងរក្សាលំហូរនៃថាមពលហុងស៊ុយ ដូចនេះមុនពេលចូលគេង យើងត្រូវបិទទ្វារទាំងអស់រួមមាន ទ្វារបន្ទប់ ទ្វារបង្អួច វាំងនន ទ្វារបន្ទប់ទឹក ទ្វារទូរសម្លៀកបំពាក់ជាដើម។ ដោយឡែក ប្រសិនបើយើងគិតគូរជាធម្មតាវិញ ហើយសាកស្រមៃថា យើងគេងបើកទ្វារ បើកបង្អួចទាំងអស់ តើយើងអាចគេបានស្កប់ឬទេ? នៅពេលដែលខ្យល់បក់ចេញចូលបង្អួច វានឹងប៉ះទ្វារបិទបើកចុះឡើង បង្ករជាសម្លេងរំខាន វាំងននបក់រវិចៗ ដែលធ្វើឲ្យយើងសន្មត់ថាមានខ្មោចលងផងក៏មិនដឹង។
ជាសរុបមកវិញ តាមការរៀបចំខាងលើទាំង ៧ ចំណុចនោះ បើតាមជំនឿយើងអាចនិយាយបានថាវាធ្វើឲ្យបន្ទប់យើងមានហុងស៊ុយ ប៉ុន្ដែបើយើងគិតក្នុងផ្លូវធម្មតាវិញ វាសុទ្ធសឹងជាការរៀបចំដែលគិតគូរទៅលើ រាងកាយខ្លួនរបស់អ្នក, សុខភាពអ្នក, ដំណេករបស់អ្នក, និងសុបិន្ដរបស់អ្នក ឲ្យបានល្អទាំងអស់។ អញ្ចឹងប្រសិនបើអ្នកគេងលក់ស្រួល សុបិន្ដល្អ សុខភាពកាយល្អ និងមានអារម្មណ៍ នោះការបំពេញកិច្ចការរបស់អ្នក ក៏វានឹងរីកចម្រើនបានល្អទៅតាមនឹងដែរ ដែលគេហៅថាមានហុងស៊ុយល្អ ឬរាសីឡើងខ្ពស់។