យើងដឹងហើយថា បច្ចុប្បន្ននេះ ប្រទេសយើងកំពុងតែ ជួបប្រទះបញ្ហាខ្វះខាត ទៅលើផ្នែកអគ្គិសនី នៅតាមតំបន់មួយចំនួន ដែលបង្កជាផលប៉ះពាល់មួយផ្នែកធំផងដែរ ដល់បណ្តាក្រុមហ៊ុន ភាគច្រើនទាំងតូចក្តី និងធំក្តី។ ដោយឃើញពីបញ្ហាទាំងនេះ ខាងភ្នាក់ងារបារាំង សម្រាប់ការអភិវឌ្ឍន៍នៅកម្ពុជា បានចុះហត្ថលេខា ទៅលើកិច្ចសន្យា ហរិញ្ញប្បទាន (ជំនួយឥតសំណង) ក្នុងទំហំទឹកប្រាក់ប្រមាណជាង ២៩.១ លានអឺរ៉ូ ស្មើនឹង ៣២.៦ លានដុល្លារ។
ក្នុងនោះ ឥណទានសម្បទានចំនួន ២៥ លានអ៉ឺរ៉ូ ពីទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ និងហិរញ្ញប្បទាន, ចំនួន ៤.១ លានអ៊ឺរ៉ូ ពីសហគមន៍អ៉ឺរ៉ុប (EU) សម្រាប់ហិរញ្ញប្បទាន លើគម្រោងធ្វើទំនើបកម្ម លើប្រព័ន្ធបណ្តាញបញ្ជូន និងចែកចាយ ក្នុងទិសដៅពង្រីក និងអភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រងអគ្គិសនី អោយមានការវិវត្តន៍ទៅរកប្រព័ន្ធឆ្លាតវៃ (Smart Grid) ដែលអាចសម្រួលយ៉ាងច្រើន ក្នុងការគ្រប់គ្រងប្រព័ន្ធបណ្តាញអគ្គិសនីទាំងមូល ក៏ដូចជាបង្កើនប្រសិទ្ធិភាព និងនិរន្តភាព ក្នុងការផ្គត់ផ្គង់ ថាមពលអគ្គិសនី នៅកម្ពុជា។
គួរបញ្ជាក់ផងដែរថា ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួបលោក Rèmi Rioux, នាយកគ្រប់គ្រងទូទៅនៃទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ នាថ្ងៃទី ០៦ ខែ ឧសភា ឆ្នាំ ២០១៩, នៅទីស្នាក់ការកណ្តាលនៃទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (AFD), នាទីក្រុងប៉ារីស, ប្រទេសបារាំង, ក្នុងអំឡុងឱកាសចូលរួមកិច្ចប្រជុំជាន់ខ្ពស់ស្តីពី “ចីរភាពបំណុលសម្រាប់ ចីរភាពកំណើនៈ ចីរភាពហិរញ្ញប្បទាន សម្រាប់ការអភិវឌ្ឍន៍ (High Level Conference on Sustainable Debt for Sustainable Growth: Sound Financing for Development)” ។
ប្រភព៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ