នៅក្នុងប្រទេសហ្វីលីពីន ការរីកចម្រើននៃសំណង់ខុនដូ មិនត្រឹមតែស្ថិតនៅក្នុងរដ្ឋធានីម៉ានីល សម្រាប់តែការរស់នៅប្រចាំថ្ងៃ ឬជំនួញប៉ុណ្ណោះទេ ប៉ុន្តែហេតុផលនៃការរីកចម្រើនខុនដូទី ២ នោះគឺការកើនឡើងវិស័យទេសចរណ៍ និងតម្រូវការខ្ពស់នៃប្រជាជនក្នុងស្រុក ផ្នែកលំនៅដ្ឋាន។ ទាំងនេះហើយ ទើបធ្វើឲ្យខុនដូ នៅក្នុងប្រទេសមួយនេះរីកចម្រើនខ្លាំង។ ប្រសិនបើមើលទៅលើរបាយការណ៍អចលនទ្រព្យហ្វីលីពីន ខុនដូគឺមានតម្រូវច្រើននៅក្នុងទីក្រុងធំដែលមមាញឹកខ្លាំង ពោលគឺទីក្រុងម៉ានីល ប៉ុន្តែបច្ចុប្បន្ន សំណង់ខុនដូ បានសាយភាយទៅកាន់តំបន់ទេសចរណ៍កាន់តែច្រើនឡើងៗ ជាក់ស្ដែងគោលដៅខុនដូធំ ក្នុងប្រទេសហ្វីលីពីនចាប់ពីឆ្នាំ ២០១៩ នេះ ទៅដល់ឆ្នាំ ២០២១ គឺទីក្រុង Cebu តំបន់ទេសចរណ៍កោះដ៏ល្បីល្បាញ។
ទីក្រុង Cebu ធ្លាប់ជាដែនដីអាណានិគមរបស់ប្រទេសអេស្បាញ នៅក្នុងសតវត្សទី ១៦ ដែលពួកលោកខាងលិច ពូកែរើសទីតាំងល្អខ្លាំងណាស់ ពោលគឺតំបន់ជាប់សមុទ្រ សម្បូរធមធានធម្មជាតិស្រស់ស្អាត ជំរុញឲ្យមានភាពរីកចម្រើន គឺគេដាក់អាណានិគមតែម្ដង។ ហើយមកដល់ពេលនេះទីក្រុង Cebu បានក្លាយជាតំបន់ទេសចរណ៍ដ៏ធំមួយនៅហ្វីលីពីន នឹងក្លាយទៅជាទីផ្សារសំណង់ខុនដូធំជាងគេលំដាប់ទី ២ បន្ទាប់ពីទីក្រុងម៉ានីល ហើយផ្ដោតទៅលើវិស័យទេសចរណ៍ ជាមួយតែអ្នកទិញ ជាជនជាតិហ្វីលីពីនប៉ុណ្ណោះ ព្រោះនៅទីក្រុង Cebu ទទួលបានភ្ញៀវទេសចរណ៍ដល់ ២.៨ លាននាក់កាលពីឆ្នាំ ២០១៨ ទោះជាទំហំវាតូចក៏ដោយ។
គម្រោងនៃការអភិវឌ្ឍន៍ ៣ ឆ្នាំនេះ គេរំពឹងថា ទីក្រុង Cebu នឹងទទួលបានការវិនិយោគខុនដូ ដល់ ៤៥,០៧០ យូនីត នៅក្នុងឆ្នាំ ២០២១ ដែលកើន ៣៨,០០០ យូនីតលើសពីឆ្នាំ ២០១៨ និង ៣៣,៣២៥ យូនីតលើសពីឆ្នាំ ២០១៧ ព្រោះតែកំណើនឡើងខ្ពស់នៃវិស័យទេសចរណ៍តំបន់នោះ និងមានកំណើនប្រជានជនរស់នៅច្រើនផងដែរ។ ចំណែកឯតម្លៃវិញ ខុនដូទាំងនោះ នឹងចាប់ពី ៦០,៤០០ ដុល្លារឡើងទៅដល់ ១១៣,២០០ ដុល្លារ ហើយគេសន្មត់ថា តម្លៃសំណង់ខុនដូនៅក្នុងទីក្រុង Cebu គឺកើនជាមធ្យម ៣% ក្នុងមួយឆ្នាំ ដូចនេះវាបង្ហាញថា កំណើនតម្លៃអចលទ្រព្យនៅទីក្រុង Cebu គឺមានសន្ទុះល្អ មិនងាយធ្លាក់ចុះវិញនោះទេ។
ចំពោះ ការវិនិយោគ និងការទិញវិញ គម្រោងនេះបានលើកទឹកចិត្តខ្ពស់ដល់វិនិយោគិនក្នុងស្រុក ជនជាតិហ្វីលីពីន ជាមួយការអនុគ្រោះពន្ធច្រើនជាង វិនិយោគិនជនជាតិបរទេស ចំណែកទីតាំងគឺមានដូចជាកោះ Mactan ជាដើម ដែលសម្បូរទៅដោយរម្មណីដ្ឋានធម្មជាតិ មានទាំងឆ្នេរដ៏ស្រស់ស្អាត ល្អបំផុតសម្រាប់អ្នកចូលនិវត្តពីការងារ មករស់នៅតំបន់នោះ ជាពិសេសមនុស្សវ័យចំណាស់មកពីប្រទេសជប៉ុន និងចិន។