រដ្ឋាភិបាលកូរ៉េខាងត្បូង សម្រេចរឹតបន្តឹងទំនាក់ទំនងសង្គមបន្ថែម​ ដើម្បីបញ្ជៀសរលកឆ្លងទី៤!

សេអ៊ូល៖ ដើម្បីទប់ស្កាត់ការឆ្លង និងរីករាលដាលនៃជំងឺកូវីដ ១៩ លើផ្ទៃប្រទេស ប្រមុខរាជរដ្ឋាភិបាលកូរ៉េខាងត្បូង បានសម្រេចបន្តរឹតបន្តឹងការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋជាបន្តទៀត ធ្វើយ៉ាងណាបញ្ជៀសនូវការមកដល់នៃរលកឆ្លងទី ៤ (Fourth Wave) ដែលអាចនឹងធ្វើឱ្យស្ថានការណ៍ក្នុងប្រទេសកូរ៉ែខាងត្បូង កាន់តែធ្លាក់ដុនដាប និងបន្តប៉ះពាល់ទៅដល់សុខភាពសាធារណៈ និងសេដ្ឋកិច្ចពាណិជ្ជកម្ម។

លោក Chung Sye-Kyun នាយករដ្ឋមន្ត្រីប្រទេសកូរ៉េខាងត្បូង កាលពីព្រឹកថ្ងៃទី១២ ខែមីនា ម្សិលមិញនេះ បានប្រកាសចេញនូវការដាក់រឹតត្បឹង ការរស់នៅរបស់ប្រជាពលរដ្ឋកូរ៉េបន្ថែមទៀត ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ ១៩ ពិសេសគឺបង្ការពីរលកទី ៤ ដែលអាចនឹងធ្វើឱ្យប៉ះពាល់ដល់ប្រទេសជាតិធ្ងន់ធ្ងរ។ តាមរយៈប្រភពព័ត៌មានអន្តរជាតិបានឱ្យដឹងថា សេចក្ដីប្រកាសនេះធ្វើឡើងនៅក្នុងកិច្ចប្រជុំរបស់ថ្នាក់ដឹកនាំប្រទេសជាន់ខ្ពស់ លើសេចក្ដីសម្រេចឱ្យមានការចាក់វ៉ាក់សាំងសម្រាប់មនុស្សវ័យចំណាស់។

ការរឹតបន្តឹងនេះ នឹងហាមមិនឱ្យមានការជួបជនជាឯកជនក្នុងចំនួនមនុស្សចាប់ពី ៤ នាក់ឡើងទៅ ហើយការរក្សាគម្លាតសង្គម នឹងត្រូវបន្ថែមពេលវេលាបន្តទៀត ដោយមិនអនុញ្ញាតឱ្យនៅក្បែរគ្នាតាមដែលអាចធ្វើទៅបាន។ ការសម្រេចចិត្តបែបនេះ គឺធ្វើយ៉ាងណាទប់ស្កាត់មិនឱ្យមានការចម្លងរលកទី ៤ មកដល់ ព្រោះថាការឆ្លងនៅកូរ៉េខាងត្បូងក្នុងរយៈពេល ២ ខែ ឬ ៨ សប្ដាហ៍ចុងក្រោយនេះមានអ្នកឆ្លងចន្លោះចាប់ពី ៣០០ ទៅ ៤០០ នាក់តែប៉ុណ្ណោះ តែកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះការឆ្លើងបានកើនឡើងដល់ ៤៨៨ ករណី។

ជុំវិញសេចក្ដីប្រកាសនោះ លោកនាយករដ្ឋមន្ត្រីបានលើកឡើងដូច្នេះថា “យើងដឹងថាប្រជាពលរដ្ឋកំពុងតែហត់នឿយ នៃការឃ្លាតឆ្ងាយពីសង្គម ហេតុនេះបើយើងដកថយពីវិធានការការពារមេរោគ នោះការឆ្លងជាលើកទី៤ នឹងអាចកើតមានឡើង”។ លោកក៏បានព្រមាន ឱ្យប្រជាពលរដ្ឋម្នាក់ៗ មានការយកចិត្តទុកដាក់ និងបង្ការឱ្យបានខ្ពស់បំផុត ពិសេសពលរដ្ឋដែលរស់នៅក្នុងទីក្រុងសេអ៊ូល ជាតំបន់មានគ្រោះថ្នាក់ងាយឆ្លងជំងឺជាទីបំផុត ហើយក៏ជាទីកន្លែងចាប់ផ្ដើមរលកសញ្ញាទី៣ របស់កូរ៉េខាងត្បូងផងដែរ។ 

បើទោះបីជាវ៉ាក់សាំងប្រភេទ AstraZeneca ត្រូវបានសម្រេចឱ្យប្រើប្រាស់ជាផ្លូវការ ដើម្បីជាក់ជូនប្រជាពលរដ្ឋកូរ៉េខាងត្បូងក៏ពិតមែន តែរាជរដ្ឋាភិបាល នៅតែបន្តការព្រួយបារម្មណ៍អំពីរលកទី៤ ព្រោះចំនួនវ៉ាក់សាំងនោះនៅមានចំនួនកំណត់នៅឡើយ ហេតុនេះការទប់ស្កាត់ហានិភ័យនៅតែប្រឈមមុខនឹងបញ្ហាខ្ពស់ដដែល។​ ទន្ទឹមគ្នានោះដែរ ប្រភពព័ត៌មានអន្តរជាតិមួយចំនួន បានចេញផ្សាយថា វ៉ាក់សាំងប្រភេទនេះ បានកំពុងចេញប្រតិកម្មទៅលើពលរដ្ឋមួយចំនួននៅប្រទេសប៉ែកអឺរ៉ុប ដោយមានកំណកឈាម នៅក្នុងសសៃឈាម តែកំពុងស្ថិតក្នុងការតាមដាន និងស៊ើបអង្កេត៕