យោងតាមរបាយការណ៍ពីក្រសួងបរិស្ថានបានបង្ហាញថា ប្រទេសកម្ពុជា មានព្រៃកោងកាងសរុប ៥៨,៨០០ ហិកតា ក្នុងនោះ ខេត្តកោះកុងមានព្រៃកោងកាងច្រើនជាងគេរហូតដល់ជិត ៨០% នៃកោងកាងក្នុងផ្ទៃប្រទេស ហើយមួយចំនួនទៀតស្ថិតនៅក្នុង ខេត្តព្រះសីហនុ កំពត និងកែប។ ព្រៃកោងកាងទាំងនោះ បានផ្ដល់ផលប្រយោជន៍ជាច្រើនជូនប្រជាពលរដ្ឋ និងធម្មជាតិ តាមរយៈការផ្ដល់ជាចំណូលពីវិស័យទេសចរណ៍ ផ្ដល់ផលវារីប្បកម្ម និងដើរតួនាទីយ៉ាងសំខាន់សម្រាប់បន្សុទ្ធខ្យល់ក្នុងបរិយាកាស។
ប្រទេសកម្ពុជា មានផ្ទៃដីព្រៃកោងកាងសរុប ៥៨,៨០០ ហិកតា ស្ថិតនៅក្នុងខេត្តកោះកុង ៤៦,៥២៩ ហិកតា, ខេត្តព្រះសីហនុ ៩,៣៥២ ហិកតា, ខេត្តកំពត ១៩៦៦ ហិកតា, និងខេត្តកែប ១,០០៥ ហិកតា។ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការនៃក្រសួងបរិស្ថាន បានបញ្ជាក់ថា ព្រៃកោងកាង ជាជម្រកនិងកន្លែងរកចំណីរបស់សត្វត្រី សត្វឆ្អឹងខ្នង សត្វឈាមត្រជាក់ ល្មូន បក្សី និងថនិកសត្វជាច្រើនទៀតផងដែរ។ ម្យ៉ាងវិញទៀត ព្រៃកោងកាង បានចូលរួមទប់ស្កាត់ផលប៉ះពាល់លើធនធានជីវៈចម្រុះសមុទ្រពីសកម្មភាពរបស់មនុស្ស និងគ្រោះមហន្តរាយធម្មជាតិ -ល-។
ផលប្រយោជន៍របស់ព្រៃកោងកាង មានចំនួន ៣ ធំៗ៖
១. ព្រៃកោងកាងជួយបង្កើតការងារ ៖ តាមរយៈការបង្កើតសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ប្រជាសហគមន៍អាចទទួលបានចំណូលមួយផ្នែកពីការផ្ដល់សេវាផ្សេងៗជូនដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដើម្បីលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ កាត់បន្ថយភាពក្រីក្រ -ល-។
២. ព្រៃកោងកាងផ្ដល់នូវផលវារីប្បកម្ម៖ ដូចបានបញ្ជាក់ជូនខាងលើថា ព្រៃកោងកាងគឺជាទីជម្រករបស់សត្វសមុទ្រមួយចំនួន ដែលរួមមាន ក្តាម បង្កង និងប្រភេទត្រីសមុទ្រមួយចំនួនទៀត សម្រាប់បង្កាត់ពូជ បើតាមរបាយការណ៍ពីក្រសួងបរិស្ថាន បង្ហាញថា ព្រៃកោងកាងបានផ្ដល់នូវផលវារីប្បកម្ម រួមមានត្រីសមុទ្រ បង្គា បង្កង ក្តាម ងាវ ប្រមាណ ១៥,០០០ តោនក្នុងមួយឆ្នាំៗ សម្រាប់លក់នៅលើទីផ្សារ។
៣. ព្រៃកោងកាងសម្រាប់បរិស្ថាន៖ ដើមកោងកាង ជាប្រភេទរុក្ខជាតិដែលអាចស្រូបអំបិលបាន ៩០% វាបានរួមចំណែកយ៉ាងច្រើនដល់ការរក្សាទឹកឲ្យមានសភាពថ្លាល្អ ជួយបន្សុទ្ធខ្យល់អាកាសឲ្យមានគុណភាពល្អ និងទិដ្ឋាភាពបៃតង ព្រមទាំងជួយការពារមិនឲ្យមានការបាក់ស្រុតឆ្នេរពីរលកបោកបក់ផងដែរ។
សូមបញ្ជាក់ផងដែរថា សហគមន៍ព្រៃកោងកាងធំជាងគេក្នុងប្រទេសកម្ពុជា គឺសហគមន៍តំបន់ការពារធម្មជាតិពាមក្រសោប ស្ថិតនៅខេត្តកោះកុង ដែលត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩៩៧ ក្នុងគោលបំណងអភិវឌ្ឍន៍តំបន់កោងកាងមួយនេះ ជាសហគមន៍ទេសចរណ៍កោងកាងគម្រូមួយ ដែលមានផ្ទៃអភិរក្ស ២,៥៦៧ ហិកតា ហើយក៏ជាតំបន់ទេសចរណ៍កោងកាងដ៏ល្បីល្បាញបំផុតក្នុងប្រទេសកម្ពុជាផងដែរ។