ផ្លូវមួយចំនួននៅខណ្ឌទួលគោក ចាប់ផ្ដើមផ្អាកការឆ្លងកាត់ ដើម្បីជួសជុល និងកែលម្អប្រព័ន្ធលូទឹក

ភ្នំពេញ៖ ស្ថិតក្នុងរដូវប្រាំងនេះ មន្ទីរសាធារណការ និងដឹកជញ្ជូន បានកំពុងតែមម៉ាញឹកក្នុងការ ធ្វើការជួសជុលផ្លូវថ្នល់ ប្រព័ន្ធលូទឹកជាច្រើន ដើម្បីសម្រួលទៅដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ពិសេសដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រព័ន្ធបង្ហូរលូទឹក នៅក្នុងរាជធានីភ្នំពេញនាពេលរដូវវស្សាខាងមុខនេះ។

ស្ថិតក្នុងតម្រូវការជាចាំបាច់នេះ ប្រព័ន្ធលូទឹក ដើម្បីរំដោះទឹកភ្លើង នៅខណ្ឌទួលគោក បានកំពុងចាប់ផ្ដើមការដ្ឋាន ក្នុងការសាងសង់ ជួសជុល និងស្ដារឱ្យប្រសើរឡើងវិញ នៃផែនការមួយ ក្រោមគម្រោងហិរញ្ញប្បទានឥតសំណងរបស់ប្រទេសជប៉ុន ក្នុងការជួយដល់រដ្ឋាភិបាលកម្ពុជា ប្រើប្រាស់ដើម្បីដោះស្រាយបញ្ហាប្រព័ន្ធលូទឹកឱ្យកាន់តែល្អប្រសើរ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញកាលពីម្សិលមិញ។

ស្ថិតក្នុងការបើកការដ្ឋាននេះដែរ មន្ទីសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ នឹងធ្វើការបិទចរាចរណ៍ មិនឱ្យមានការធ្វើដំណើរទៅលើកំណាត់ផ្លូវមួយចំនួនគឺបណ្ដោយផ្លូវលេខ ៣១៥ ដល់ចំណុចផ្លូវលេខ ៦០៨ ប្រសព្វនៃផ្លូវលេខ ៣១៥ និងផ្លូវលេខ ៥៩៨។ ការបិទផ្អាកមិនឱ្យមានការឆ្លងកាត់នេះ នឹងត្រូវធ្វើឡើងក្នុងរយៈពេល ២៩ ថ្ងៃ ដើម្បីធ្វើការដាក់ប្រអប់លូថ្មីក្នុងទំហំ ២ម x ២ម ហើយតភ្ជាប់ទៅកាន់ស្ថានីយ៍បូមទឹកទួលគោកទី១ (ត្រឡោកបែក)។

គម្រោងនេះ គឺជាជំហានទី៤ ហើយ ដែលរដ្ឋាភិបាល នឹងចំណាយទឹកប្រាក់សរុបប្រមាណ ៣៦លានដុល្លារអាមេរិក ក្នុងការស្ដារ និងជួសជុលឡើងវិញ ដោយក្នុងនោះរួមមានដូចជា ការសាងសង់អាងស្តុបទឹកក្រោមដី ស្ថានីយបូមទឹក របារត្រងសម្រាមមេកានិចស្វ័យប្រវត្តិ និងរថយន្តបំពាក់ម៉ាស៊ីនបូមទឹកជាដើម។ សូមបញ្ជាក់ផងដែរថា ការបិទផ្លូវខាងលើនឹងត្រូវធ្វើឡើងគិតចាប់ពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ នេះរហូតដល់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ ទើបបើកដំណើរជាធម្មតាវិញ។ ហេតុដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងរាជធានីភ្នំពេញទទួលជាព័ត៌មាន និងមានការអាធ្យាស្រ័យខ្ពស់ក្នុងការបិទ ផ្អាកដំណើរការផ្លូវខាងលើ៕

 

 

ប្រភព៖ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ