នៅដើមឆ្នាំ២០២១ ការចាក់វ៉ាក់សាំង ជាក្ដីសង្ឃឹមដ៏ធំបំផុតមួយរបស់ពិភពលោក ក្នុងការប្រឆាំងជំងឺឆ្លងកូវីដ-១៩ ដែលបានសម្លាប់ជីវិតមនុស្សជាតិអស់ជាង ២.៧ លាននាក់មកនេះ និងអ្នកឆ្លងជាង ១២៣ លាននាក់ គិតត្រឹមថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១។ ប៉ុន្តែ វ៉ាក់សាំងតែមួយមុខ មិនអាចធានាបានឡើយថាអ្នកនឹងមិនឆ្លងជំងឺកូវីដ-១៩ ព្រោះថ្មីៗអ្នកវិទ្យាសាស្ត្រស្រាវជ្រាវ នៃក្រុមហ៊ុនវិជ្ជសាស្ត្រវ៉ាក់សាំង Pfizer/BioNTech និង AstraZeneca បានរកឃើញថា ការចាក់វ៉ាក់សាំង មានប្រសិទ្ធខ្ពស់ជាងលើដំណើរទប់ស្កាត់ការរាតត្បាតចេញក្រៅ (ចម្លងជំងឺទៅអ្នកដទៃ) ច្រើនជាងបង្កើតប្រព័ន្ធការពារទប់ស្កាត់មិនឲ្យឆ្លងចូលក្នុងខ្លួន។ ជាក់ស្ដែងវ៉ាក់សាំង Pfizer/BioNTech មានប្រសិទ្ធភាពទប់ស្កាត់ការចម្លងចេញ ៩២% និងមានប្រសិទ្ធភាពចម្លងចូលត្រឹមតែ ៨៧% ប៉ុណ្ណោះ។ អីចឹង ទើបអ្នកបានចាក់វ៉ាក់សាំងរួចមួយចំនួន នៅតែមានឱកាសឆ្លងជំងឺដ៏កាចសាហាវនេះដដែល ហើយប្រសិនបើអ្នកមានប្រព័ន្ធអង់ទីក័រការពារខ្សោយទៀតនោះ លោកអ្នកអាចមានឱកាសឆ្លងខ្ពស់ ដូចអ្នកដែលអត់បានចាក់វ៉ាក់សាំងអញ្ចឹងដែរ។ មូលហេតុអ្វី?
១. ដំណាក់កាលឆ្លងដំបូង ដ៏សំខាន់បំផុត
ការឆ្លងជំងឺកូវីដ-១៩ មានជាដំណាក់កាលផ្សេងៗគ្នា ជាទូទៅត្រូវបានខ្ទាតភាគល្អិតវីរ៉ុសចេញពីអ្នកផ្ទុកមេរោគកូវីដ-១៩ ទៅកាន់អ្នកដទៃទៀត និងអាចចូលឆ្លងទៅអ្នកដទៃទៀតបានតាមរយៈច្រមុះ មាត់ ទៅដល់បំពង់ករផ្លូវដង្ហើម ហៅថាដំណាក់កាល Mucosal Infection។ ក្រោយដំណាក់កាលឆ្លង Mucosal Infection ហើយចូលក្នុងខ្លួនរួចរយៈពេល ១៤ ថ្ងៃ វីរ៉ុសខាងលើនឹងចាប់ផ្ដើមបង្កើតចេញជារោគសញ្ញាមួយចំនួនដូចជា ក្អក និងផ្លាស់ប្ដូរប្រព័ន្ធដឹងក្លិន និងដឹងរសជាតិរបស់អ្នក -ល- លើសពីនេះប្រសិន បើអ្នកមានជំងឺប្រចាំកាយលើផ្នែកប្រព័ន្ធផ្លូវដង្ហើម និងសួត នោះអ្នកនឹងទទួលរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរពីវីរ៉ុសកូរ៉ូណា ហើយប្រសិនបើព្យាបាលមិនទាន់ពេលវេលា មេរោគនេះ នឹងជ្រាបចូលឆ្លងទៅពាសពេញសារពាង្គកាយនៅផ្នែកផ្សេងទៀតដែលពិបាកជួយសង្គ្រោះ។
២. វ៉ាក់សាំងអាចជួយការពារអ្វីខ្លះ?
ការចាក់វ៉ាក់សាំង គឺជាការបង្កើតនូវប្រព័ន្ធភាពស៊ាំ ទៅលើកោសិកាសារពាង្គកាយរបស់មនុស្សដើម្បីទប់ស្កាត់ប្រឆាំងនឹងមេរោគកូរ៉ូណា និងការវាយប្រហារចូលរបស់ជំងឺចូលទៅក្នុងខ្លួនមនុស្សបាន (មិនមែនជួយបន្សាបឲ្យមេរោគកាច ទៅជាស្លូតនោះទេ ឬព្យាបាលជំងឺនោះទេ)។ ប្រសិទ្ធភាពវ៉ាក់សាំង គឺធ្វើការទប់ស្កាត់នៅលើដំណាក់កាលឆ្លងដំបូង មានន័យថា វ៉ាក់សាំង នឹងជួយពង្រឹងនៅលើភ្នាសសរីរាង្គមនុស្សនៅដំណាក់កាល Mucosal Infection រួមមាន៖ បង្កើតប្រព័ន្ធការពារសរីរាង្គនៅបំពង់ករ និងច្រមុះជាដើម ដែលអាចរាំងខ្ទប់និងប្រឆាំងជាមួយមេរោគនោះបាន មិនឲ្យមេរោគងាយឆ្លងចូលក្នុងខ្លួនមនុស្ស ឬចម្លងទៅអ្នកដទៃទៀតបាន។ ដូចនេះ ប្រសិនបើប្រព័ន្ធសរីរាង្គនៅបំពង់ករ ច្រមុះ និងមាត់របស់លោកអ្នកខ្សោយ ហើយប្រសិទ្ធភាពវ៉ាក់សាំងមិនគ្រប់គ្រាន់ទៀតនោះ ប្រព័ន្ធការពារនៅដំណាក់កាល Mucosal Infection នៅតែមិនអាចជួយលោកអ្នក មិនឲ្យឆ្លងជំងឺបាននោះទេ។ យ៉ាងណាមិញ មិនថាអ្នកបានទទួលវ៉ាក់សាំងរួច ឬមិនទាន់បានទទួលនោះទេ ការពាក់ម៉ាស់ រក្សាគម្លាតសុវត្ថិភាព និងអនាម័យសម្អាតដៃ គឺជាវិធានដ៏ចាំបាច់បំផុតក្នុងបរិបថជំងឺកូវីដ-១៩ នេះ។