ទន្លេមេគង្គ ជាទន្លេវែងបំផុតមួយនៅលើពិភពលោកដែលបានហូរចេញពីតំបន់ខ្ពង់រាបទីបេ ប្រទេសចិន រហូតមកដល់ឈូងសមុទ្រចិនខាងត្បូង មានប្រវែងសរុប ៤,៧៦៣ គីឡូម៉ែត្រ និងជាប្រភពទឹកសាបដ៏សំខាន់នៃបណ្ដាប្រទេសអាស៊ីអាគ្នេយ៍នៅដីគោក រួមមាន៖ កម្ពុជា, ឡាវ, វៀតណាម, ថៃ និងមីយ៉ាន់ម៉ា សម្រាប់វិស័យកសិកម្ម វារីវប្បកម្ម និងវារីអគ្គិសនីផងដែរ។ ជាពិសេស មានប្រជាជនប្រមាណ ៦៥ លាននាក់ដែលបានរស់នៅតាមដងទន្លេមេគង្គ និងអាស្រ័យផលតាមដងទន្លេ និងដៃទន្លេ។ ហេតុដូចនេះហើយ ទើបគណៈកម្មាធិការទន្លេមេគង្គ (MRC) បានបង្កើតឡើងនៅក្នុងឆ្នាំ ១៩៩៥ ដែលមានមូលដ្ឋាននៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ ដើម្បីគ្រប់គ្រង និងដោះស្រាយផលប៉ះពាល់ ទាក់ទងនឹងការរក្សាតុល្យភាពនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព។
កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ រដ្ឋាភិបាលបារាំង តាមភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) បានផ្ដល់ហិរញ្ញប្បទានឥតសំណង ១.៥ លានអឺរ៉ូ (ប្រហែល ១.៨ លានដុល្លារ) ក្នុងគោលបំណងធានាឲ្យបាននូវការអភិវឌ្ឍន៍ប្រកបដោយតុល្យភាព នៃអាងទន្លេមេគង្គដោយគិតគូរពីផងប៉ះពាល់នៃការផ្លាស់ប្ដូរអាកាសធាតុ និងគម្រោងវារីអគ្គិសនីផ្សេងៗ។ គម្រោងខាងលើនេះ ត្រូវបានចុះហត្ថលេខាដោយលោកបណ្ឌិត អាន ពេជ្រ ហត្ថដា អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការទន្លេមេគង្គ (MRC) និងលោកស្រី Julie Gabet-Ouahioune នាយកទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) ក្រោមវត្តមានឯកឧត្តម Florence Jeanblanc-Risler ឯកអគ្គរដ្ឋទូតបារាំងប្រចាំប្រទេសឡាវ។
គម្រោងហិរញ្ញប្បទានខាងលើនេះ នឹងប្រើប្រាស់ក្នុងរយៈ ៤ ឆ្នាំចាប់ពីឆ្នាំ២០២១-២០២៥ ដើម្បីលើកកម្ពស់ចំណេះដឹងអំពីជំនន់ទឹកទន្លេមេគង្គ និងរបបលំហូរទាប ដើម្បីយល់កាន់តែច្បាស់ពីផលប៉ះពាល់នៃបម្រែបម្រួលអាកាសធាតុធ្វើឲ្យទឹកទន្លេប្រែប្រួល និងវិភាគផលប៉ះពាល់ធំៗដោយសារគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រនាវាចរណ៍ និងវារីអគ្គីសនី -ល- ដែលការអភិវឌ្ឍន៍ទាំងនេះ កាន់តែមានចំនួនច្រើនឡើងក្នុងរយៈពេល ១ ទសវត្សចុងក្រោយនេះ ហើយបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់បណ្ដាប្រទេសស្ថិតនៅដងទន្លេមេគង្គក្រោម ដូចជាប្រទេសកម្ពុជា និងវៀតណាម ជាពិសេសលើធនធានវារីប្បកម្មជលផល (ធនធានត្រី)។
លោកបណ្ឌិត អាន ពេជ្រ ហត្ថដា មានប្រសាសន៍ថា យើងសង្ឃឹមថានឹងមានការពង្រឹងឃ្លាំមើលទឹកទន្លេមេគង្គឲ្យកាន់តែមានប្រសិទ្ធភាព និងមានការប្រមូលព៌ត័មាន ប្រមូលទិន្នន័យបរិស្ថាន ដើម្បីចូលរួមការអភិវឌ្ឍន៍ និងគ្រប់គ្រងធានាដោះស្រាយផលប៉ះពាល់ដែលកើតមានលើទឹកទន្លេមេគង្គ។
គូសបញ្ជាក់ផងដែរថា AFD បានគាំទ្រដល់គណៈកម្មាធិការទន្លេមេគង្គចាប់ពីឆ្នាំ២០០៣ ដែលបានផ្ដល់ហិរញ្ញប្បទានប្រមាណ ៤ លានដុល្លារមកហើយ ក្នុងដំណាក់កាលទី១ (២០០៧-២០១២) MRC បានបង្កើតបណ្ដាញស្ថានីយ៍ជលសាស្ត្រចំនួន ៤៩ កន្លែងនៅតាមដងទន្លេមេគង្គ និងដៃទន្លេ ដើម្បីប្រមូលទិន្នន័យជាក់លាក់ជុំវិញកម្រិតទឹកជំនន់ទឹកភ្លៀង និងការព្យាករណ៍ -ល-។ ចំណែកដំណាក់កាលទី២ (២០១៦-២០២២) MRC បានពង្រីកបណ្ដាញស្ថានីយ៍បន្ថែមចំនួន ១១ កន្លែងទៀតដើម្បីបង្កើនការយល់ដឹងអំពីសក្ដានុពលនៃទន្លេមេគង្គ និងការប្រើប្រាស់ទិន្នន័យសម្រាប់ការគ្រប់គ្រងធនធានទឹក។
ប្រភព៖ ស្ថានទូតបារាំង ប្រចាំនៅប្រទេសកម្ពុជា