ហាងលក់រាយ 7-Eleven នឹងបើកសាខាដំបូងក្នុងទីក្រុងភ្នំពេញ នៅខែក្រោយ!

ហាងទំនើបលក់រាយ 7-Eleven ដែលជាយីហោល្បីល្បាញរបស់អាមេរិច និងបានបើកដំណើរការហាងជាង ៧ ម៉ឺនសាខានៅទូទាំងសកលលោកមកហើយនោះ បានឈានជើងចូលមកដល់ទីផ្សារប្រទេសកម្ពុជាជាលើកដំបូង ចាប់ផ្ដើមពីរាជធានីភ្នំពេញ ដោយត្រៀមដំណើរការសាខាទី១ នៅស្ថានីយ៍ប្រេងឥន្ធនៈ PTT តំបន់ព្រែកព្នៅ ក្នុងខែមិថុនា ចំណែកសាខាទី២ តំបន់ព្រែកលាភ ក្នុងខែសីហាឆ្នាំ២០២១ ខាងមុខនេះ។ 

យោងតាមការបង្ហាញនៅលើទំព័រហ្វេសប៊ុក ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសថៃ បានបង្ហាញថា ហាងទំនើបលក់រាយ 7-Eleven នឹងចាប់ផ្ដើមដំណើរការដំបូងពាក់កណ្ដាលខែមិថុនាខាងមុខនេះ ហើយនឹងគ្រោងបើកឲ្យបានដល់ ៦ សាខាត្រឹមដំណាច់ឆ្នាំ២០២១ ដើម្បីផ្ដល់ភាពងាយស្រួលដល់ប្រជាជនក្នុងតំបន់នូវរាល់ប្រតិបត្តិការទិញទំនិញ និងការចែកចាយទំនិញ កាន់តែមានប្រសិទ្ធភាពមួយកម្រិតទៀតក្រោមស្លាកសញ្ញា 7-Eleven ដែលលក់នូវទំនិញមានគុណភាពខ្ពស់ ទទួលស្គាល់លំដាប់អន្តរជាតិ រាប់បញ្ចូលទាំងផលិតផលចំណីរអាហារ ភេសជ្ជៈ គ្រឿងទេស អាហារសម្រន់ និងផលិតផលប្រើប្រាស់ប្រចាំថ្ងៃផ្សេងៗដែលចាំបាច់ ជាពិសេសអំឡុងពេលវិបត្តិនៃជំងឺកូវីដ-១៩ នេះតែម្ដង។

សូមបញ្ជាក់ថា ក្រុមហ៊ុនផ្សារម៉ាត 7-Eleven មានមូលដ្ឋានដើមនៅរដ្ឋ Texas សហរដ្ឋអាមេរិច ដែលបានលក់ Franchise ជុំវិញពិភពលោកជាង ៧ ម៉ឺនសាខាមកហើយ និងទទួលបានជោគជ័យខ្លាំងបំផុតក្នុងប្រទេសជប៉ុន និងប្រទេសថៃ ដោយនៅប្រទេសជប៉ុនមាន 7-Eleven ជាង ២ ម៉ឺនសាខា ចំណែកប្រទេសថៃមានជាង ១ ម៉ឺន ២ ពាន់សាខា ខណៈនៅទឹកដីកំណើតសហរដ្ឋអាមេរិចមានត្រឹមជាង ៩ ពាន់សាខាប៉ុណ្ណោះ។

ចំណែកគម្រូអាជីវកម្ម (Franchise) 7-Eleven នៅក្នុងប្រទេសកម្ពុជា ត្រូវបានទិញសិទ្ធនាំចូលដោយក្រុមហ៊ុន CP All (Cambodia) Co., Ltd ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ CP All Co., Ltd មានមូលដ្ឋាននៅទីក្រុងបាងកក ប្រទេសថៃ ក្រោមកុងត្រាវិនិយោគរយៈពេល ៣០ ឆ្នាំ បន្ទាប់ពីក្រុមហ៊ុននេះ បានទិញគម្រូអាជីវកម្ម 7-Eleven ចាប់តាំងពីឆ្នាំ១៩៨៨ និងទទួលបានជោគជ័យយ៉ាងខ្លាំងនៅប្រទេសថៃ។

យើងសង្កេតឃើញថា រយៈពេលជាងមួយទសវត្សចុងក្រោយនេះ អាជីវកម្មផ្សារទំនើប និងផ្សារម៉ាតមានសន្ទុះកើនឡើងខ្លាំងនៅក្នុងប្រទេសកម្ពុជា មិនថាការវិយោគពីក្រុមហ៊ុនបរទេស និងក្រុមហ៊ុនក្នុងស្រុកឡើយ។ តួរយ៉ាងផ្សារម៉ាតយីហោល្បីៗ បានបោះជំហានរបស់ខ្លួនជាបន្តបន្ទាប់ មានដូចជា៖ Smile mini Marts របស់ប្រទេសកម្ពុជា, Lucky Express, Aeon MaxValu Express, Kiwi mart, និង Cirle K ជាដើម។